អាជ្ញាធរខេត្តពោធិ៍សាត់ ​កំពុងបន្តស៊ើបអង្កេតករណីលួចប្រេងតាមផ្លូវជាតិលេខ៥ ជិតកំណត់មុខសញ្ញាបានហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរខេត្តពោធិ៍សាត់ ​កំពុងបន្តស៊ើបអង្កេតករណីលួចប្រេងតាមផ្លូវជាតិលេខ៥ ជិតកំណត់មុខសញ្ញាបានហើយ

អាជ្ញាធរខេត្តពោធិ៍សាត់ ​កំពុងបន្តស៊ើបអង្កេតករណីលួចប្រេងតាមផ្លូវជាតិលេខ៥ ជិតកំណត់មុខសញ្ញាបានហើយ

រដ្ឋបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីការពារសុវត្ថិភាពអ្នកដឹកជញ្ជូន និងបង្ក្រាបករណីលួចប្រេងតាមបណ្តោយផ្លូវជាតិលេខ៥។ ទន្ទឹមនេះ អាជ្ញាធរខេត្តអះអាងថា ជិតកំណត់មុខសញ្ញាចោរបានហើយ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាឱ្យអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកទំនិញ និងរថយន្តខ្សែ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីករណីចោរកម្មក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។

ឯកឧត្តម អភិបាលខេត្ត បានប្រកាសដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះ។ ជាមួយគ្នានេះ អាជ្ញាធរបានរៀបចំទីតាំងចតរថយន្តប្រកបដោយសុវត្ថិភាព ផ្តោតលើក្រុងពោធិ៍សាត់ ស្រុកបាកាន និងស្រុកកណ្តៀង ដោយមានកម្លាំងនគរបាល និងប្រជាការពារនៅចាំជួយសម្រួល និងត្រួតពិនិត្យសន្តិសុខ។ អាជ្ញាធរក៏បានបញ្ជាឱ្យទម្លាក់លេខទូរសព្ទអន្តរាគមន៍បន្ទាន់របស់រដ្ឋបាលខេត្ត ក្រុង ស្រុក អធិការដ្ឋាន កងរាជអាវុធហត្ថ ប៉ុស្តិ៍នគរបាល និងស្នងការដ្ឋានខេត្ត ដើម្បីឱ្យអ្នកធ្វើដំណើរទំនាក់ទំនងបានភ្លាមៗពេលជួបហេតុការណ៍។

ខ្វូត ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់

ពាក់ព័ន្ធនឹងករណីបាត់បង់ប្រេងដែលបានរាយការណ៍កន្លងមក ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងជិតកំណត់មុខសញ្ញាបានហើយ។ ផ្អែកលើការចុះពិនិត្យជាក់ស្តែង ថ្នាក់ដឹកនាំខេត្តបានកត់សម្គាល់ថា ករណីបាត់បង់ប្រេងភាគច្រើនកើតឡើងលើក្រុម «ឡានខ្សែ» ខណៈរថយន្តធំៗជិត ៣០គ្រឿងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលចតចោលរាប់ខែរាប់ឆ្នាំ មិនដែលជួបប្រទះការបាត់បង់ប្រេងនោះទេ។

រដ្ឋបាលខេត្ត សង្កត់ធ្ងន់ថា បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកប្រភព និងទីតាំងពិតប្រាកដនៃបទល្មើស ដើម្បីបង្ក្រាបឱ្យចំគោលដៅ។ ទន្ទឹមនឹងនេះ ឯកឧត្តម ខូយ រីដា ក៏បានអំពាវនាវឱ្យអ្នកបើកបរចូលចតនៅទីតាំងទូលាយដែលមានសមត្ថកិច្ចការពារ និងចៀសវាងការឈប់ចតនៅលើទ្រូងផ្លូវ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ អាជ្ញាធរខេត្តពោធិ៍សាត់ នឹងរៀបចំទីតាំងចតសម្រាកប្រកបដោយសុវត្ថិភាពជូនម្ចាស់រថយន្តដឹកទំនិញ ដើម្បីសុវត្ថិភាព៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា