សារមន្ទីរខេត្តពោធិ៍សាត់ រំពឹងទាក់ទាញភ្ញៀវចូលទស្សនាច្រើននៅឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សារមន្ទីរខេត្តពោធិ៍សាត់ រំពឹងទាក់ទាញភ្ញៀវចូលទស្សនាច្រើននៅឆ្នាំនេះ

សារមន្ទីរខេត្តពោធិ៍សាត់ រំពឹងទាក់ទាញភ្ញៀវចូលទស្សនាច្រើននៅឆ្នាំនេះ

សារមន្ទីរខេត្តពោធិ៍សាត់ រំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរ ចូលទស្សនាច្រើនសម្រាប់ពេញមួយឆ្នាំ២០២៦ តាមរយៈការ​អនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយថ្មីៗ និងការកែលម្អសេវាកម្មទស្សនា ឱ្យកាន់តែទាក់ទាញ។

សារមន្ទីរខេត្តពោធិ៍សាត់ កំពុងដាក់តាំងបង្ហាញសមុច្ច័យ វត្ថុបុរាណជាច្រើនប្រភេទ ធ្វើអំពីឈើ ថ្ម ស្ពាន់ និងដីដុត ដែលជា​កេរដំណែលតាំងពីសម័យមុនអង្គរ សម័យអង្គរ និងសម័យកណ្តាល។

លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍ សាត់ បានឱ្យដឹងថា បច្ចុប្បន្នសារមន្ទីរទទួលបានអ្នក​ចូលទស្សនា​ជាមធ្យម ១៥នាក់ក្នុងមួយថ្ងៃ។

ទិន្នន័យបង្ហាញថា រយៈពេល ៧ខែនៃឆ្នាំ២០២៦នេះ សារមន្ទីរទទួល បានភ្ញៀវចូលទស្សនាចំនួនជិត ៥០០នាក់ ក្នុងនេះ ភ្ញៀវ​ជាតិ ៤៩០នាក់ និងភ្ញៀវអន្តរជាតិ ៤នាក់។ តួលេខនេះមានការកើនឡើងចំនួន ១៥នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​២០២៥។ដោយឡែកពេញមួយ ឆ្នាំ២០២៥ កន្លងទៅ សារមន្ទីរទទួលបានភ្ញៀវសរុប ៥២១នាក់ ក្នុងនេះ មានទេសចរជាតិ ៥០៨នាក់ និងទេសចរអន្តរជាតិ ១៣នាក់។

តាមរយៈកំណើនជាបន្តបន្ទាប់ មន្ទីរវប្បធម៌ខេត្តរំពឹងថា នឹងអាច​ទាក់​ទាញភ្ញៀវឱ្យចូលទស្សនាកើនឡើងដល់ ១ពាន់នាក់ សម្រាប់ពេញមួយ​ឆ្នាំ២០២៦។

ដើម្បីសម្រេចបាននូវគោលដៅនេះ មន្ទីរវប្បធម៌ខេត្ត បានដាក់ចេញ​នូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន រួមមាន ការអនុញ្ញាតឱ្យ​ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយឥតគិតថ្លៃរៀងរាល់ម៉ោងធ្វើការ ,ការពង្រឹងសុវត្ថិភាព និងការរៀបចំឱ្យមាន​អ្នកណែនាំ​ច្បាស់លាស់។

បន្ថែមពីនេះសារមន្ទីរបានបង្កើតជ្រុងថតរូបស្អាតៗ កន្លែងសម្រាក​លំហែ​ដែលមានលក់ភេសជ្ជៈ និងវត្ថុអនុស្សាវរីយ៍កែច្នៃពី​ស្នាដៃ​កូនខ្មែរ ព្រមទាំងកែលម្អបរិយាកាសទូទៅឱ្យកាន់តែទាក់ទាញ។

ទន្ទឹមនឹងនេះសារមន្ទីរក៏រៀបចំឱ្យមានពិព័រណ៍បណ្តោះអាសន្ន ដោយមានការផ្លាស់ប្តូរការតាំងបង្ហាញវត្ថុបុរាណ បង្កើតកម្មវិធី​បណ្តុះបណ្តាលខ្លីៗផ្នែកសិល្បៈ គំនូរ និងតន្ត្រីជាប្រចាំ និងសហការ​ជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដើម្បីជំរុញឱ្យសិស្ស-និស្សិតចូលមកសិក្សាស្រាវជ្រាវបន្ថែម។

ប្រធានមន្ទីរវប្បធម៌បានគូសបញ្ជាក់ថា ការចូលទស្សនា​សារមន្ទីរ​ផ្តល់​អត្ថប្រយោជន៍យ៉ាងធំធេងដល់បុគ្គល និងសង្គមជាតិ ដោយសារទី​តាំងនេះ គឺជាកន្លែងរៀនសូត្រផ្ទាល់ភ្នែកពីប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ ជួយឱ្យពលរដ្ឋស្គាល់ឫសគល់អត្ត​សញ្ញាណ​វប្បធម៌ខ្លួនឯង និងបើកចិត្ត​ទទួលយកវប្បធម៌ចម្រុះ។ លើសពីនេះ វត្ថុបុរាណ និងស្នាដៃសិល្បៈ​ទាំងនោះ បានជួយបំផុសគំនិត​ច្នៃប្រឌិត ពង្រឹងស្មារតីស្រឡាញ់ជាតិ ព្រមទាំងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងបង្កើតជាលំហ​សាធារណៈសម្រាប់គ្រួសារ និងសហគមន៍មកជួបជុំគ្នា៕

ដោយ៖ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា