រដ្ឋសភាឡាវ និងទីម័រឡេស្តេ៖ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋសភាឡាវ និងទីម័រឡេស្តេ៖ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់

រដ្ឋសភាឡាវ និងទីម័រឡេស្តេ៖ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់

មិនខុសពីកម្ពុជាទេ រដ្ឋសភាឡាវ និងទីម័រឡេស្តេ បានទទួលស្គាល់ថា សន្តិភាពមានតម្លៃយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍប្រទេស។ «គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់» ហើយសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ មានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។

ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅអគារអគ្គនាយកដ្ឋានពន្ធដារ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទ ISC-2 លោកជំទាវ Sounthone Xayyachak ប្រធានរដ្ឋសភាឡាវស្តីទី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសន្និសីទរបស់កម្ពុជា ប្រកបដោយភាពម៉ត់ចត់ និងមានអត្ថន័យ ដែលបានបង្ហាញពីកិត្យានុភាព និងតួនាទីដ៏សំខាន់របស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេសក្នុងការលើកកម្ពស់សុខសន្តិភាព។

លោកជំទាវ Sounthone Xayyachak បានទទួលស្គាល់ថា សន្តិភាពពិតជាមានសារៈសំខាន់ណាស់។ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ និងគ្មានអ្វីៗទាំងអស់។ លោកជំទាវបានលើកឡើងថា កម្ពុជា និងឡាវមានប្រវត្តិសាស្ត្រប្រហាក់ប្រហែលគ្នា និងបានឆ្លងកាត់សង្គ្រាមដូចគ្នា ដូច្នេះប្រទេសទាំងពីរយល់ច្បាស់ពីតម្លៃនៃសន្តិភាព។ លោកជំទាវក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ។

ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា និងលោកជំទាវប្រធានរដ្ឋសភាឡាវស្តីទី បានសន្យាបន្តជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកគ្រប់កម្រិត និងគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា ជាពិសេសការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ដោយឡែក លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ ដែលបានជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅរសៀលថ្ងៃដដែល បានគូសបញ្ជាក់ថា ទីម័រឡេស្តេជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាម ដូចកម្ពុជាដែរ។ លោកជំទាវបានលើកឡើងថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ មានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។

ក្នុងនាមជាសមាជិកថ្មីរបស់អាស៊ាន លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានគូសបញ្ជាក់ថា ទីម័រឡេស្តេនឹងបន្តរៀនសូត្របទពិសោធន៍ជាច្រើនពីកម្ពុជា។

ជាការឆ្លើយតប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកត់សម្គាល់ថា ទីម័រឡេស្តេជាមិត្តចាស់ និងស្មោះត្រង់របស់កម្ពុជា ហើយសម្តេចបានគាំទ្រការលើកឡើងរបស់លោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ។
សម្តេចបានគូសបញ្ជាក់ថា ក្នុងការឆ្លើយតបចំពោះសង្គ្រាមឈ្លានពានពីប្រទេសថៃ កម្ពុជាបានប្រកាន់ខ្ជាប់នូវការអត់ធ្មត់ គោរពច្បាប់អន្តរជាតិ និងព្យាយាមដោះស្រាយបញ្ហាដោយសន្តិវិធី តាមយន្តការដែលមានស្រាប់។ ប៉ុន្តែភាគីម្ខាងទៀតបានឈ្លានពាន និងរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រហូតឈានដល់ការគ្រប់គ្រងដោយខុសច្បាប់លើដែនអធិបតេយ្យភាពកម្ពុជា ដែលបានធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកជាច្រើនមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញបានរហូតមកដល់ពេលនេះ។

សម្តេចប្រធានរដ្ឋសភាបានបន្តថា មិនតែប៉ុណ្ណោះ ថៃថែមទាំងបានលុបចោលជាឯកតោភាគីនូវកិច្ចព្រមព្រៀងឆ្នាំ២០០១ ស្តីពីតំបន់ត្រួតស៊ីគ្នាខាងសមុទ្រ ដែលបង្ខំឱ្យកម្ពុជាជ្រើសយក «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះដែនសមុទ្រ។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវប្រធានរដ្ឋសភាទីម័រឡេស្តេ បានឯកភាពគ្នាលើសារៈសំខាន់នៃការគោរព មជ្ឈភាពអាស៊ាន ដោយសមាជិកអាស៊ានត្រូវរួមគ្នាធ្វើយ៉ាងណាឱ្យតំបន់នេះក្លាយជាសហគមន៍មួយដែលមានសុខសន្តិភាព ធានាបាននូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ វណ្ណលុក
រូប៖ ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា