វត្តបុរាណលើភ្នំបូកគោ អាយុកាលជាង ១០០ឆ្នាំ កំពុងដង្ហើយរកអ្នកជួយសង្រ្គោះពីភាពទ្រុឌទ្រោមខ្លាំង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្តបុរាណលើភ្នំបូកគោ អាយុកាលជាង ១០០ឆ្នាំ កំពុងដង្ហើយរកអ្នកជួយសង្រ្គោះពីភាពទ្រុឌទ្រោមខ្លាំង

វត្តបុរាណលើភ្នំបូកគោ អាយុកាលជាង ១០០ឆ្នាំ កំពុងដង្ហើយរកអ្នកជួយសង្រ្គោះពីភាពទ្រុឌទ្រោមខ្លាំង

វត្តសំពៅប្រាំ កំពុងប្រឈមនឹងការប្រេះ និងជ្រុះបាក់បែកក្បាច់ចម្លាក់ជាបណ្តើរៗ ក្រោមឥទ្ធិពលអាកាសធាតុ និងអាយុកាលដ៏ចំណាស់។ នេះបើតាមការគូសបញ្ជាក់របស់ ព្រះតេជគុណ ហេង ហុន ព្រះគ្រូសូត្រស្តាំ គង់នៅវត្តប្រវត្តិសាស្ត្រនេះ។

គិតត្រឹមឆ្នាំ២០២៦ វត្តសំពៅប្រាំ ដែលស្ថិតនៅលើកំពូលភ្នំបូកគោ ខេត្តកំពត បានឈានចូលអាយុកាល ១០២ឆ្នាំហើយ។ នេះបើតាមការគូសបញ្ជាក់របស់ ព្រះតេជគុណ ហេង ហុន ព្រះគ្រូសូត្រស្តាំនៃវត្តសំពៅប្រាំ។

ព្រះអង្គមានសង្ឃដីកាថា បច្ចុប្បន្នវត្តប្រវត្តិសាស្ត្រមួយនេះ កំពុងរងការពុកផុយ និងទ្រុឌទ្រោមយ៉ាងលឿន ដោយសារឥទ្ធិពលអាកាសធាតុត្រជាក់ ការចុះអ័ព្ទជាប្រចាំ និងសារធាតុប្រៃដែលហោះមកពីសមុទ្រ។
ជាមួយគ្នានេះ ចេតិយបុរាណដែលស្ថិតនៅខាងក្រោយព្រះវិហារវត្តសំពៅប្រាំ ក៏កំពុងប្រឈមនឹងការប្រេះស្រក និងជ្រុះបាក់បែកក្បាច់ចម្លាក់ជាបណ្តើរៗ ដោយសារអាយុកាលចំណាស់ រួមផ្សំជាមួយនឹងឥទ្ធិពលនៃកត្តាអាកាសធាតុ។

ព្រះអង្គមានសង្ឃដីកាបន្ថែមថា គណៈកម្មការ និងព្រះសង្ឃគ្រប់គ្រងវត្ត កំពុងត្រៀមស្នើទៅក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីចុះអន្តរាគមន៍ជួសជុលជាប្រញាប់ ជៀសវាងទុកឱ្យពន្យារពេលកាន់តែយូរ នាំឱ្យសំណង់ប្រវត្តិសាស្ត្រទាំងនោះខូចខាតកាន់តែធ្ងន់ធ្ងរ។

ឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបានចាត់អ្នកជំនាញចុះពិនិត្យហានិភ័យនៃសំណង់នេះដោយផ្ទាល់។ ប្រសិនបើខូចខាតធ្ងន់ធ្ងរ ក្រុមការងារនឹងរៀបចំគម្រោងជួសជុល ដោយស្នើឱ្យព្រះចៅអធិការវត្តជួយឧបត្ថម្ភការចំណាយ។ ករណីវត្តគ្មានលទ្ធភាព ក្រសួងនឹងដាក់បញ្ជូលក្នុងគម្រោងថវិកាប្រចាំឆ្នាំ ដើម្បីស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ទោះជាយ៉ាងណា ការសម្រេចលើថវិកា គឺអាស្រ័យលើក្រសួងសេដ្ឋកិច្ច ដោយសារក្រសួងវប្បធម៌នៅមានគម្រោងអាទិភាពជាច្រើនទៀត ត្រូវស្នើសុំដើម្បីជួសជុល និងអភិរក្សសម្បត្តិបេតិកភណ្ឌដែលកំពុងប្រឈមហានិភ័យនៅតាមបណ្តាខេត្តផ្សេងៗ។

បច្ចុប្បន្នវត្ត​ដ៏ចំណាស់នេះ ជា​ភស្តុតាងយ៉ាងសំខាន់​បង្ហាញឲ្យឃើញពីសេរីភាពនៃជំនឿ​ក្នុងសង្គម​ខ្មែរ​ដែលរួមមានទាំង​ព្រះ​ពុទ្ធ​សាសនា គ្រិស្ត​សាសនា និងជំនឿលើអារក្សអ្នកតានៅ​ទីនោះ​ផងដែរ។
យោងតាមឯកសារប្រវត្តិសាស្រ្ត និងចារឹកផ្ទាល់លើតួចេតិយឲ្យដឹងថា ​វត្ត​សំពៅ​ប្រាំ​កសាង​​​​ក្នុង​ឆ្នាំ១៩២៤ ​​​ក្នុង​រាជ្យព្រះ​ករុណា​​ព្រះ​បាទ​សម្តេច​​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយ​កោដ្ឋប្រហាក់ប្រហែល​គ្នា​នឹងការកសាងព្រះ​រាជដំណាក់​របស់​ព្រះ​អង្គនៅ​ផ្នែកម្ខាងទៀត​នៃ​កំពូល​ភ្នំនេះ ជាទីដែលព្រះ​អង្គ​ទ្រង់​សោយ​ទិវង្គត​​​កាលពីឆ្នាំ១៩៤១។

ព្រះគ្រូសូត្រស្តាំវត្តសំពៅប្រាំបានគូសបញ្ជាក់ថា វត្ត ដែលស្ថិតក្នុងតំបន់ឧទ្យានជាតិប្រវត្តិសាស្ត្រនេះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ ជាមួយគ្នានេះ គណៈគ្រប់គ្រងវត្តមានផែនការកែច្នៃអគារចាស់ៗទ្រុឌទ្រោម ឱ្យទៅជាសារមន្ទីរ ដោយរក្សារូបរាងដើម ដើម្បីតម្កល់រូបថតប្រវត្តិសាស្ត្រ ពិសេសក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ មុនីវង្ស និងព្រះបាទនរោត្តម សីហនុ៕ ទួន សុផល


ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា