កម្ពុជា-អូស្ត្រាលី-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងជំរុញពាណិជ្ជកម្ម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា-អូស្ត្រាលី-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងជំរុញពាណិជ្ជកម្ម

កម្ពុជា-អូស្ត្រាលី-វៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា និងជំរុញពាណិជ្ជកម្ម

ភ្នំពេញ៖ មុន«សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (2nd ISC)» ចាប់ផ្តើមជាផ្លូវការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀល​ថ្ងៃ​ទី២៦ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារដាច់​ដោយឡែកពីគ្នា ជាមួយប្រធានរដ្ឋសភាអូស្ត្រាលី និងអនុប្រធានរដ្ឋ​សភា​វៀតណាម ដើម្បីបន្តពង្រឹងទំនាក់ទំនងមិត្តភាព ការទូតសភា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

ក្នុងជំនួបជាមួយ ឯកឧត្តម មិលតុន ឌីក (Milton Dick) ប្រធានរដ្ឋសភាអូស្ត្រាលី សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បាន​ចាត់ទុក​វត្តមានរបស់គណៈប្រតិភូអូស្ត្រាលីថា ជាសាក្សីបង្ហាញ​ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
តបទៅកាន់សមភាគី ឯកឧត្តម មិលតុន ឌីក បានកោតសរសើរ​ពី​សមត្ថភាពដឹកនាំរបស់សម្តេចប្រធានរដ្ឋសភា និងគាំទ្រពេញ​ទំហឹង​ចំពោះការរៀបចំសន្និសីទ ISC-2 ព្រមទាំងបានលើកឡើងពីបំណង​ពង្រឹងកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ តាមរយៈក្រុម​មិត្តភាព និងសភាវ័យក្មេង។

គួររំលឹកថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ អូស្ត្រាលីបានផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់កម្ពុជាសរុបប្រមាណ ១.៤ពាន់លានដុល្លារ ហើយទំហំ​ពាណិជ្ជកម្មទ្វេភាគីបានកើនដល់ជាង ៦០០លានដុល្លារនៅឆ្នាំ២០២៥។ លើសពីនេះ សម្តេចប្រធានរដ្ឋសភា បាន​ថ្លែង​អំណរគុណអូស្ត្រាលី​ចំពោះការចូលរួមសន្តិភាពនៅកម្ពុជា និងបានសម្តែងការគាំទ្រចំពោះ លោកជំទាវ កាទ្រីណា ឃូបពឺ (Katrina Cooper) អ្នកការទូត​អូស្ត្រាលី ដែលទទួលធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល ស្តីពីព្រំដែនសមុទ្រ និងតំបន់​ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ដោយកម្ពុជា​ប្រកាន់ជំហរដោះស្រាយវិវាទដោយសន្តិវិធី និងស្វែងរក «យន្តការ​ផ្សះផ្សា​​ដោយបង្ខំ» ក្រោមអនុសញ្ញា UNCLOS។

ដោយឡែក ក្នុងជំនួបជាមួយ លោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) អនុប្រធានរដ្ឋសភាវៀតណាម រដ្ឋសភានៃ​ប្រទេសទាំង​ពីរបានសម្តែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ពាន់លានដុល្លារ​អាម៉េរិក តាមទិសដៅ​ដែលប្រមុខរដ្ឋាភិបាលបានដាក់ចេញ។

តាមទិន្នន័យជាក់ស្តែងទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម បានកើន​ឡើងដល់ ១១.៣៣ពាន់លានដុល្លារនៅឆ្នាំ២០២៥ ហើយត្រូវ​បានរំពឹង​ថានឹងកើនលើស ១២ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៦ នេះ។

ថ្នាក់ដឹកនាំសភានៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការធ្វើ​បច្ចុប្បន្ន​ភាព​លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០២២ ឱ្យស្របតាមសភាពការណ៍ជាក់ស្តែង ព្រមទាំងបន្តពង្រឹងកិច្ច​សហប្រតិបត្តិការលើគ្រប់វិស័យ រាប់ចាប់ពីការទូតសភា ទំនាក់ទំនង​ប្រជាជននិងប្រជាជន រហូតដល់វិស័យពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ សន្តិសុខ និងបច្ចេកឡូជីព័ត៌មាន ទាំងក្នុងក្របខ័ណ្ឌ​ទ្វេភាគី និងពហុភាគី។
សូមជម្រាបថា សន្និសីទប្រធានសភា​នៃអន្តរសភាលើកទី២ ក្រោម​ប្រធានបទ « សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹង​ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ប្រារព្ធបើកនៅព្រឹកថ្ងៃទី២៧ ខែសីហា នេះ។សន្និសីទមានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៦ ដល់២៨ ខែសីហា មានការអញ្ជើញចូលរួមពីសភា​ជាង ២០ប្រទេស និងអង្គការអន្តរជាតិសំខាន់ៗចំនួន៨ ចូលរួមដូចជា ក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព, សភាអាមេរិកឡា​ទីន និងការ៉ាអ៊ីប, អង្គការអន្តរសភាអាស៊ាន AIPA និងសហព័ន្ធសន្តិភាពសកល ៕


ដោយ៖ស៊ូ វណ្ណលុក
រូបថត៖ហេង សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា