ក្រសួងរៀបចំដែនដី និងក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខ័ណ្ឌការងាររួម ដើម្បីផ្តល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងរៀបចំដែនដី និងក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខ័ណ្ឌការងាររួម ដើម្បីផ្តល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី និងក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខ័ណ្ឌការងាររួម ដើម្បីផ្តល់សេវាគាប់ចិត្តដល់ប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលជាមួយក្រសួងជំនាញពាក់ព័ន្ធ រៀបចំក្របខណ្ឌការងាររួម ដើម្បីផ្តល់សេវាឱ្យបានគាប់ចិត្តដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវានៅច្រកចេញចូលតែមួយ ។

កិច្ចប្រជុំអន្ដរក្រសួងមួយត្រូវបានរៀបចំកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាលើការរៀបចំក្របខ័ណ្ឌការងាររួមក្នុងការអនុម័តគម្រោងវិនិយោគបុរី ខុនដូ ឆ្លើយតបទៅនឹងតម្រូវការលើការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានលើកឡើងថា ក្រសួងរៀបចំដែនដីបានផ្តើមរបបការងាររួមមួយលើការអនុម័តគម្រោងវិនិយោគ តាមរយៈការផ្តល់សេវាគាប់ចិត្ត ដែលមានភាពងាយស្រួល ឆាប់រហ័ស និងច្បាស់លាស់។

ប្រជាពលរដ្ឋអាចមកទទួលសេវានៅច្រកចេញចូលតែមួយដោយមិនចាំបាច់ទៅរកស្ថាប័នជំនាញច្រើនកន្លែង នាំឲ្យខាតពេលវេលា និងបង្កភាពស្មុគស្មាញនោះទេ។ ច្រកចេញចូលតែមួយនេះជួយកាត់បន្ថយហានិភ័យដូចគ្នាទៅនឹងគម្រោងមួយចំនួន ដែលក្រសួងបាន និងកំពុងដោះស្រាយនាពេលបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ឆ្លើយតបទៅនឹងការងារនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការដឹកនាំសម្របសម្រួលភាគីក្រសួងជំនាញពាក់ព័ន្ធ ដើម្បីរៀបចំក្របខ័ណ្ឌការងារដឹកនាំរួមក្នុងការអនុម័តគម្រោងវិនិយោគ ដូចជាបុរី ខុនដូជាដើម នៅក្នុងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យកម្ពុជា ហៅកាត់ថា CamDX ដែលក្រសួងជំនាញនីមួយៗត្រូវទទួលខុសត្រូវទៅតាមជំនាញរៀងៗខ្លួន។

ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលភារកិច្ចពិនិត្យមើលផ្នែកសុរិយោដី រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងលំនៅដ្ឋានជាដើម ដូចជា៖ ផ្ទៀងផ្ទាត់ថាតើទីតាំងអភិវឌ្ឍមានឯកសារកាន់កាប់ដីស្របច្បាប់ឬនៅ, ហើយទីតាំងនោះគួរជាទីតាំងពាណិជ្ជកម្ម សេដ្ឋកិច្ចពិសេស ប្រជុំជន កសិកម្ម ឬលំនៅឋាន។

ចំពោះនគរូបនីយកម្ម ក្រសួងនឹងពិនិត្យលើកម្ពស់អតិបរមានៃសំណង់ គម្លាតសមស្រប លំហសាធារណៈសម្រាប់ប្រើប្រាស់ កន្លែងទុកដាក់សំណល់រឹង-រាវ និងចំណតជាដើម។ កិច្ចការក្រៅពីនេះ គឺផ្តោតលើគុណភាព សុវត្ថិភាព សោភណភាព, និងប្រភេទលំនៅឋាន ដើម្បីកំណត់ថាទីតាំងណាគួរជាបុរីដែលមានលំនៅឋានប្រណិតលំដាប់ខ្ពស់ លំដាប់មធ្យម ជាលំនៅឋានតម្លៃសមរម្យ ឬជាខុនដូ។

ចំណែកក្រសួងមហាផ្ទៃ ទទួលបន្ទុកលើការរៀបចំឋានានុក្រមរដ្ឋបាល ភូមិ ឃុំ ឱ្យសមស្របទៅតាមមូលដ្ឋានរបស់ខ្លួន រីឯក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងលូ ហើយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាអ្នកផ្គត់ផ្គង់ទឹក ដោយមានផែនការជាក់លាក់ ។

ដោយឡែក ក្រសួងរ៉ែ និងថាមពល ធានាថា ការផ្គត់ផ្គង់អគ្គិសនីត្រូវអនុវត្តទៅតាមគម្រោងច្បាស់លាស់ ហើយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទទួលខុសត្រូវលើការតភ្ជាប់បណ្តាញទូរសព្ទ និងអ៊ីនធឺណែត សម្រាប់អ្នកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកផ្តល់អាជ្ញាបណ្ណជូនអ្នកស្នើសុំ ដោយពិនិត្យមើលការបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងទទូលបានការអនុញ្ញាតដោយក្រសួងជំនាញ ។

តាមរយៈការគិតគូរនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញក្តីសង្ឃឹមថា ច្រកចេញចូលតែមួយថ្មីនេះ នឹងក្លាយទៅជាមជ្ឍមណ្ឌលប្រជាជន ដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកពាក់ព័ន្ធទាំងអស់៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា