អ្នកជំនាញរកឃើញវត្ថុបុរាណ និងទីតាំងប្រវត្តិសាស្ត្រថ្មីៗនៅស្រុកបាកាន ខេត្តពោធិ៍សាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញរកឃើញវត្ថុបុរាណ និងទីតាំងប្រវត្តិសាស្ត្រថ្មីៗនៅស្រុកបាកាន ខេត្តពោធិ៍សាត់

អ្នកជំនាញរកឃើញវត្ថុបុរាណ និងទីតាំងប្រវត្តិសាស្ត្រថ្មីៗនៅស្រុកបាកាន ខេត្តពោធិ៍សាត់

ក្រុមការងារបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ទើបស្រាវជ្រាវរកឃើញវត្ថុបុរាណជាច្រើនប្រភេទ រួមមាន បំណែកទេវរូបស្រីធ្វើអំពីថ្មភក់ បំណែកហោជាង និងជើងទម្រទេវរូប នៅក្នុងទឹកដីស្រុកបាកាន។
 
ជាមួយគ្នានេះ ក្រុមជំនាញក៏បានប្រទះឃើញទីតាំងមួយចំនួនទៀតដែលសង្ស័យជាបុរាណស្ថាន បន្ទាប់ពីបានពិនិត្យឃើញបំណែកកុលាលភាជន៍ និងជើងទម្រទេវរូបជាច្រើន ហើយបច្ចុប្បន្ន កំពុងបន្តការសិក្សាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីកំណត់អត្តសញ្ញាណទីតាំងទាំងនោះឱ្យបានច្បាស់លាស់។
 
លោក អ៊ុក រក្សា ប្រធានមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់ បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា បច្ចុប្បន្ន ទីតាំងបុរាណស្ថានទាំងនោះពុំទាន់មានការទន្ទ្រាន ឬប្រឈមនឹងការខូចខាតឡើយ ដោយសារមានការចុះពិនិត្យជាប្រចាំពីសំណាក់ក្រុមការងារមន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន។
 
ដើម្បីធានាបាននូវការការពាររយៈពេលវែង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានចុះធ្វើការសិក្សាស្រាវជ្រាវ ចងក្រងប្រវត្តិ ព្រមទាំងវាស់វែងកំណត់និយាមកា បោះបង្គោលព្រំ និងរៀបចំស្នើសុំបណ្ណកម្មសិទ្ធិស្របច្បាប់លើបុរាណស្ថានទាំងនោះ។
 
ក្រៅពីការងារអភិរក្ស មន្ទីរបានរៀបចំយុទ្ធនាការផ្សព្វផ្សាយជាប្រចាំដល់សិស្សានុសិស្ស និងសហគមន៍មូលដ្ឋាន ដើម្បីបណ្ដុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាកេរដំណែលបុព្វបុរស។ ការអភិរក្សសម្បត្តិបេតិកភណ្ឌនេះ មិនត្រឹមតែជាការថែរក្សាអត្តសញ្ញាណជាតិនោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់ជីវភាព និងបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា និងសិក្សាស្រាវជ្រាវផងដែរ។
 
ដោយព្រួយបារម្ភពីលំហូរវប្បធម៌បរទេសតាមរយៈប្រព័ន្ធបច្ចេកវិទ្យា លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនដែលជាអ្នកបន្តវេន ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅពីឫសគល់ប្រវត្តិសាស្ត្រ ដើម្បីដឹងច្បាស់ថាអ្វីជារបស់ជាតិ និងអ្វីជារបស់បរទេស។ បន្ថែមពីនេះ ត្រូវរួមគ្នារក្សា ការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំងរូបិយ និងអរូបិយ ដែលជាកេរមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរបន្តស្ថិតស្ថេរគង់វង្ស៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា