ខេត្តបាត់ដំបងស្វែងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពង្រីកឧស្សាហកម្មកែច្នៃកសិផលបន្ថែម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ខេត្តបាត់ដំបងស្វែងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពង្រីកឧស្សាហកម្មកែច្នៃកសិផលបន្ថែម

ខេត្តបាត់ដំបងស្វែងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ដើម្បីពង្រីកឧស្សាហកម្មកែច្នៃកសិផលបន្ថែម

ខេត្តបាត់ដំបង កំពុងមានតម្រូវការវិនិយោគលើការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសលើការកែច្នៃផ្លែឈើ ចំណីសត្វ ចិញ្ចឹមសត្វ ,វិស័យទេសចរណ៍,ការអភិរក្សតំបន់វប្បធម៌ និងការពារធនធានធម្មជាតិ និងការរៀបចំក្រុងបាត់ដំបងឱ្យក្លាយជាទីក្រុងស្អាត។
 
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងដូច្នេះ ក្នុងឱកាសដែលលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ធ្វើទស្សនកិច្ចស្វែងយល់ពីសក្ដានុពល និងឱកាសវិនិយោគនៅក្នុងខេត្តបាត់ដំបង នាពេលថ្មីៗនេះ។
 
ដំណើរទស្សនកិច្ចេបស់លោក វ៉ាង វិនពីន បានបង្ហាញពីឱកាសក្នុងការប្រើប្រាស់សក្តានុពលកសិកម្មរបស់ខេត្តបាត់ដំបង ដើម្បីទាក់ទាញការវិនិយោគ ពង្រឹងការតភ្ជាប់រវាងវិស័យកសិកម្ម និងឧស្សាហកម្ម ពង្រីកការកែច្នៃក្នុងស្រុក និងបង្កើនតម្លៃបន្ថែម និងភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា នៅលើទីផ្សារជាតិ និងអន្តរជាតិ។
 
នៅចំពោះមុខប្រមុខការទូតចិនប្រចាំកម្ពុជា លោកអភិបាលខេត្តបាត់ដំបង បានបង្ហាញពីសក្ដានុពលរបស់ខេត្តបាត់ដំបង ជាពិសេសកតត្តាអំណោយផលសម្រាប់ការវិនិយោគ កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយសាធារណៈរដ្ឋប្រជាមានិតចិន និងតម្រូវការវិនិយោគបន្ថែម។
 
ឯកឧត្តមសង្កត់ធ្ងន់ថា ខេត្តបាត់ដំបង គឺជាជង្រុកស្រូវ និងជាប៉ូលសេដ្ឋកិច្ចកសិកម្មដ៏សំខាន់បំផុតមួយរបស់កម្ពុជា និងមានអំណោយផលសម្រាប់ការវិនិយោគ។
 
បើតាមអភិបាលខេត្តរូបនេះ ខេត្តបាត់ដំបង មានកត្តាអំណោយផលសម្រាប់ការវិនិយោគ ព្រោះខេត្តនេះ មានប្រព័ន្ធធារាសាស្រ្តរហូតដល់ចំនួន ១០៨កន្លែង។ លើសពីនេះ ខេត្តបាត់ដំបង មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក,ប្រព័ន្ធអគ្គិសនី,ក៏ដូចជា បណ្ដាញទឹកស្អាត និងកម្លាំងពលកម្ម ជាដើម។
 
ផ្អែកលើភូមិសាស្រ្តដីមានជីជាតិ ប្រព័ន្ធធារាសាស្រ្ត និងការតភ្ជាប់ព្រំដែន គឺជាកាលានុវត្តភាពគន្លឹះក្នុងការអភិវឌ្ឍវិស័យកសិកម្ម រួមមាន ការកែច្នៃស្រូវ-អង្ករ និងកសិផលផ្សេងៗ ទៀត។
 
យោងតាមរបាយណ៍ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ​២០២៥ ខេត្តបាត់ដំបង​បានឈរ​​នៅ​លំ​ដាប់លេខរៀងទី១ ​ដែលមានបរិមាណផលស្រូវសរុបប្រចាំឆ្នាំច្រើនជាងគេ គឺរហូតដល់ជាង​ ២,២លានតោន លើផ្ទៃដីប្រមូលផលជាង ៥៦ម៉ឺន ហិចតា។ ខេត្តបាត់ដំបងនៅសល់ស្រូវប្រមាណជាង ១,៦លានតោនកាលពីឆ្នាំមុន ដែលត្រូវបានចាត់ទុកជាមូលដ្ឋានសំខាន់សម្រាប់ការពង្រីកឧស្សាហកម្មកែច្នៃកសិផលនៅក្នុងខេត្ត៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា