បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ

បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជន៨នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពីកាប់ដើមត្នោតអាយុកាលជាង១៧០ឆ្នាំ

បុគ្គលិកក្រុមហ៊ុនអគ្គិសនីឯកជនចំនួន៨នាក់ ត្រូវបានមន្ត្រីនគរបាលស្រុកកំពង់ត្រាច ខេត្តកំពត ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងករណីកាប់ដើមត្នោតចំនួន៧ដើម ដែលដាំនៅអមផ្លូវចូលវត្តអង្គជុំព្រៃទប់ ស្ថិតក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។  
 
លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅថ្ងៃសុក្រនេះ បុគ្គលទាំង៨នាក់នោះ ត្រូវបានឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងដោះស្រាយទៅតាមនីតិវិធីច្បាប់។
 
ព្រះតេជគុណ មុនី ម៉ោញ ពុទ្ធា ព្រះចៅអធិការវត្តអង្គជុំព្រៃទប់ មានសង្ឃដីកាថា ក្នុងចំណោមដើមត្នោតទាំង៧ដើម ដែលជាបេតិកភណ្ឌរបស់វត្ត គឺ៥ដើមមានអាយុកាលជាង១៧០ឆ្នាំមកហើយ  ហើយ២ដើមទៀតទើបមានអាយុជាង៣០ឆ្នាំ។
 
ព្រះចៅអធិការវត្តអង្គជុំព្រៃទប់ មានសង្ឃដីកាបន្ថែមថា ដើមហេតុបណ្តាលឱ្យមានករណីកាប់ដើមត្នោត ចំណាស់ទាំងនេះ គឺផ្តើមចេញពី ការដាំបង្គោលតខ្សែភ្លើង ទើសដើមត្នោត ទើបបណ្តាលឱ្យបុគ្គលិកអគ្គិសនីចំនួន៣នាក់សម្រេចចិត្តកាប់បំផ្លាញដើមត្នោតទាំងនោះ ដោយពុំមានការសុំការអនុញ្ញាតពីអាជ្ញាធរ និងចៅអធិការវត្តឱ្យបានត្រឹមត្រូវឡើយ។  
 
បើតាមព្រះចៅអធិការវត្ត ដើមត្នោតដែលស្ថិតនៅអមសងខាងផ្លូវចូលទៅកាន់វត្តសរុបទាំងអស់មានចំនួន១៧០ដើម ក្នុងនោះដើមត្នោតចំនួន១៥០ដើមមានអាយុកាលរាប់រយឆ្នាំ និង២០ដើមទៀតមានអាយុកាលជាង៣០ឆ្នាំ។  
 
ដើមត្នោតជាប្រភេទរុក្ខជាតិ តំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ មានអត្ថប្រយោជន៍ច្រើនណាស់ ហើយមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងប្រទេសកម្ពុជា៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា