នាវាល្បាតរបស់កងទ័ពជើងទឹកអង់គ្លេស ចូលចតលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាល្បាតរបស់កងទ័ពជើងទឹកអង់គ្លេស ចូលចតលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាម

នាវាល្បាតរបស់កងទ័ពជើងទឹកអង់គ្លេស ចូលចតលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាម

នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេស HMS Tamar បានចូលចតលើកដំបូងនៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
 
នេះគឺជាដំណើរទស្សនកិច្ចលើកទី៣របស់កងទ័ពជើងទឹកអង់គ្លេសមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ ២០២៣ តែកន្លងមក នាវាបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ។ ការមកដល់នៃនាវាល្បាត HMS Tamar នេះ បង្ហាញពីជំហានថ្មីមួយទៀតនៅក្នុងការរឹតចំណងទំនាក់ទំនងលើវិស័យការពារជាតិកាន់តែរីកចម្រើនរវាងចក្រភពអង់គ្លេស និងប្រទេសកម្ពុជា។
 
លោក Dominic Williams ឯកអគ្គរាជទូតព្រឹតថេនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការចូលចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះ បង្ហាញពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងកម្ពុជា និងចក្រភពអង់គ្លេស។ 
 
លោកបណ្ឌិត ថុង ម៉េងដេវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ យល់ឃើញថា ដំណើរទស្សនកិច្ចរបស់នាវាអង់គ្លេសមកកម្ពុជា​ គឺជាសញ្ញាវិជ្ជមាននៃការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់កងទ័ពជើងទឹកនៃប្រទេសទាំងពីរ។
 
អ្នកវិភាគរូបនេះ បញ្ជាក់ទៀតថា ការមកដល់នៃនាវាល្បាត HMS Tamar ក៏បានបង្ហាញអន្តរជាតិថា មូលដ្ឋានកងទ័ពរាមរបស់កម្ពុជា​ គឺបើកចំហរសម្រាប់ដៃគូនានា ពិសេសដំណើរទស្សនកិច្ចនេះក៏អាចជួយដល់ការបន្ធូបន្ថយការភ័ណ្ឌច្រឡំរបស់អន្តរជាតិកន្លងមក ដែលថាកម្ពុជាអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមផ្តាច់មុខ។
 
ចំណែកលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ចាត់ទុកដំណើរទស្សនកិច្ចរបស់នាវា HMS Tamar គឺជាភាពជោគជ័យផ្នែកកាទូតរបស់កម្ពុជា ក្នុងការបង្ហាញទៅកាន់ពិភពលោកថាកម្ពុជា មានការបើកចំហរដោយស្មើភាពសម្រាប់ដៃគូអន្តរជាតិនានា។
 
យោងតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ នាវា HMS Tamar នឹងមានការហ្វឹកហ្វឺនរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា, ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ និងការផ្លាស់ប្តូរជំនាញរវាងកម្ពុជា និងចក្រភពអង់គ្លេស និងគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា