កម្ពុជានាំ​ក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យមើលទីតាំងរងការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 របស់ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជានាំ​ក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យមើលទីតាំងរងការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 របស់ថៃ

កម្ពុជានាំ​ក្រុមអ្នកសង្កេតការណ៍អាស៊ានពិនិត្យមើលទីតាំងរងការទម្លាក់គ្រាប់បែកពីយន្តហោះ F-16 របស់ថៃ

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី២០ ខែសីហានេះ បាននាំក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំនៅកម្ពុជា ចុះទៅត្រួតពិនិត្យនៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត និងតំបន់ទីប្រជុំស៊ីវិលកម្ពុជា ដែលរងការខូចខាតពីការទម្លាក់គ្រាប់បែករបស់ភាគីថៃកាលពីខែធ្នូ ឆ្នាំ២០២៥។
 
យោងតាមការប្រកាសរបស់ក្រសួងការពារជាតិ ​ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 
 
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ក៏បានចុះពិនិត្យនៅតំបន់ទីប្រជុំស៊ីវិលកម្ពុជា ដែលស្ថិតនៅក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត​ ដែលបានរងការខូចខាតដោយសារការទម្លាក់គ្រាប់បែកពីយន្តហោះ​ចម្បាំង F-16 របស់ភាគីថៃ។ ទីតាំងនោះត្រូវបានយោធាថៃទម្លាក់គ្រាប់បែកចំនួន៣គ្រាប់ បណ្តាលឱ្យខូចខាតអគារ១ខ្នង ដំបូលឃ្លាំងរថយន្តមួយចំនួន និងមានអ្នករងរបួសស្រាល២នាក់កាលពីថ្ងៃទី១៨​ ខែធ្នូ ឆ្នាំ២០២៥។ 
 
បើតាមក្រសួងការពារជាតិ បច្ចុប្បន្ន ទីតាំងនេះ​ពុំទាន់អាចជួសជួល និងស្តារឡើងវិញដើម្បី​ប្រកបអាជីវកម្មចិញ្ចឹមជីវិតបានឡើយ។ ទីតាំងនេះមានចម្ងាយជាង ៨គីឡូម៉ែត្រ ពីច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 
របាយការណ៍របស់ក្រសួងមហាផ្ទៃបានឱ្យដឹងថា ការវាយប្រហាររ​បស់ភាគីថៃមកលើប្រទេសកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០២៥ បានបណ្តាលឱ្យខូចខាតទ្រព្យសម្បតិ្តសាធារណៈ និងឯកជនជាច្រើន ក្នុងនោះមានផ្ទះប្រជាពលរដ្ឋខ្មែរចំនួន ១ ៥៥៨ខ្នង អគារស៊ីវិល៧ សណ្ឋាគារ/អគារស្នាក់នៅ១០ បង្គោលអង់តែនទូរស័ព្ទ៣៩ ប្រព័ន្ធទឹកស្អាត៦កន្លែង ព្រមទាំងសាលារៀនចំនួន២៦ មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤ អគាររដ្ឋបាល៧៤ វត្តអារាម១៩ និងប្រាសាទបុរាណចំនួន៤កន្លែងផងដែរ៕

សៅ សុខអេង

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា