សម្ដេចធិបតី ៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺប្រទេសជាតិ ប្រជាជន ទឹកដី និងឯករាជ្យភាពជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺប្រទេសជាតិ ប្រជាជន ទឹកដី និងឯករាជ្យភាពជាតិ

សម្ដេចធិបតី ៖ អាទិភាពរបស់រាជរដ្ឋាភិបាល គឺប្រទេសជាតិ ប្រជាជន ទឹកដី និងឯករាជ្យភាពជាតិ

គោលដៅអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល គឺការដោះស្រាយបញ្ហាទាំងអស់ ដើម្បីជាតិ និងប្រជាជន ទឹកដី និងឯករាជ្យភាព, ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។

Advertisement

ក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេចឱ្យមានការប្រារព្វទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាសាក្ខីភាពនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជន និយាយជារួម និងសម្រាប់សហគ្រាស MSMEs និង សិប្បកម្មកម្ពុជា និយាយដោយឡែក ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្តថា ការកំណត់រៀបចំទិវាជាតិនេះ គឺធ្វើឡើងក្នុងគោលបំណងបង្កើតជាវេទិការាជរដ្ឋាភិបាល និងសហគ្រាស MSMEs ក្នុងការពិភាក្សាស្វែងយល់ពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការ គោលនយោបាយ និងការលើកទឹកចិត្តកាន់តែមានលក្ខណៈប្រាកដនិយម, រឹតចំណងសាមគ្គីភាព, មិត្តភាព និងកិច្ចសហការរវាងម្ចាស់សហគ្រាស និងក្រសួងស្ថាប័ន, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍ, សមាគម និងវិស័យឯកជន ក្នុងន័យផ្តល់តម្លៃ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាស MSMEs និងសិប្បកម្ម និងតាំងបង្ហាញផលិតផលជាតិ។

សម្តេចធិបតីបានថ្លែងទៀតថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បាននិងកំពុងឆ្លងកាត់វិញ្ញាសាធំៗចំនួន៣ គឺ ទី១. សង្គ្រាមឈ្លានពានព្រំដែន និងអធិបតេយ្យភាព, ទី២. បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនសម័យថ្មី, និង ទី៣. ការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ច។ សម្តេចធិបតីបានបញ្ជាក់ថា គោលដៅអាទិភាពធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះ គឺដើម្បីជាតិនិងប្រជាជន ទឹកដី និងឯករាជ្យភាព ព្រមទាំងស្ថិរភាពជីវភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបបន្ថែមថា ក្នុងការពារបូរណភាពទឹកដី កម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធី និងការអត់ធ្មត់ខ្ពស់ ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋានឱ្យអស់លទ្ធភាព។ ការណ៍នេះ គឺដើម្បីបញ្ចៀសនូវការប្រើប្រាស់កម្លាំងយោធា ដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ បទពិសោធន៍បានបង្ហាញថា សង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ខំឱ្យរដ្ឋត្រូវបង្វែរថវិកាជាតិទៅលើការទិញអាវុធយុទ្ធភណ្ឌ ជំនួសឱ្យការវិនិយោគលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទៅវិញ ។

ក្នុងឱកាសនោះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុក រោងចក្រ សហគ្រាស ក្នុងនាមជាវិនិយោគិន ត្រូវប្រកាន់គោលជំហរ ពង្រឹងខ្លួនឯង និងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯង ដែលនេះទើបជាចីរភាពពិតប្រាកដ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងគុណភាព ជាមួយតម្លៃសមរម្យ ទើបយើងអាចធានាបានការជឿជាក់ និងការគាំទ្រពីសំណាក់អតិថិជ, ពិសេសពីប្រជាពលរដ្ឋយើងផ្ទាល់តែម្តង ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ការរក្សាបានគុណភាពល្អ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះជាប់ពាក់ព័ន្ធផ្ទាល់ទៅនឹងសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់។ ភាពច្បាស់លាស់ ការទទួលខុសត្រូវ និងគុណភាព ត្រូវដើរទន្ទឹមគ្នា ដែលជាកត្តាស្លាប់រស់នៃការបង្កើតការជឿជាក់ និងការគាំទ្រយ៉ាងស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ។ ក្នុងន័យនេះ សហគ្រាស MSMEs ត្រូវដាក់ទិសដៅក្នុងការអភិវឌ្ឍខ្លួនឯង ដោយមិនត្រូវនៅត្រឹមតែជាសហគ្រាស MSMEs ជារៀងរហូតនោះទេ តែត្រូវដាក់ទិសដៅ ពង្រឹង និងពង្រឹកខ្លួនឯងពីតូចទៅធំ រីកចម្រើនដោយឈរលើការជឿទុកចិត្ត និងភាពប្រកួតប្រជែងខ្ពស់។

រាជរដ្ឋាភិបាលសង្ឃឹមថា ចលនានៃការគាំទ្រផលិតផលក្នុងស្រុកនេះនឹងនៅតែបន្ត និងបានយូរអង្វែងតទៅទៀត។ រាជរដ្ឋាភិបាលនៅតែបន្តផ្ដល់អាទិភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់សហគ្រាស MSMEs សម្រាប់ទាំង នីតិកាលនេះ និងបន្តទៅដល់នីតិកាលបន្តបន្ទាប់ទៀត ដែលនេះជាការជួយសម្រួល, ការលើកទឹកចិត្ត និងការបង្កលក្ខណៈអំណោយផល ដើម្បីឱ្យសហគ្រាស MSMEs កាន់តែរីកចម្រើនលូតលាស់តទៅមុខបន្ថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ទិសដៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សា និងរៀបចំពង្រឹងសមត្ថភាពមន្ទីរពិសោធន៍គុណភាពផលិតផលឱ្យកាន់តែមានផលិតភាព, គុណភាព និងសមត្ថភាពខ្ពស់ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃលើមុខផលិតផលឱ្យបានល្អ និងឆាប់រហ័ស ដើម្បីធានាគុណភាព និងឈានទៅសម្រេចឱ្យមានការចុះបញ្ជី ព្រមទាំងកាត់បន្ថយភាពស្មុគស្មាញ និងបង្កភាពងាយស្រួលដល់ម្ចាស់រោងចក្រ សហគ្រាស៕

វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា