កម្ពុជាដាក់ឱ្យដំណើរការអនុស្ថានីយចល័តលើរថយន្តធំជាលើកដំបូង ដើម្បីឆ្លើយតបតម្រូវការថាមពលបន្ទាន់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាដាក់ឱ្យដំណើរការអនុស្ថានីយចល័តលើរថយន្តធំជាលើកដំបូង ដើម្បីឆ្លើយតបតម្រូវការថាមពលបន្ទាន់

កម្ពុជាដាក់ឱ្យដំណើរការអនុស្ថានីយចល័តលើរថយន្តធំជាលើកដំបូង ដើម្បីឆ្លើយតបតម្រូវការថាមពលបន្ទាន់

វិស័យថាមពលកម្ពុជាបានបោះជំហានថ្មីមួយទៀត បន្ទាប់ពីអគ្គិសនីកម្ពុជា (EDC) បានបញ្ចប់ការធ្វើតេស្តសាកល្បងដោយជោគជ័យនៅសប្តាហ៍នេះ និងបានសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ នូវអនុស្ថានីយចល័តដាក់លើរថយន្តធំជាលើកដំបូងបំផុតនៅក្នុងប្រទេស។

Advertisement

អនុស្ថានីយ៍ចល័តនេះមានកម្លាំងតង់ស្យុង ១១៥/៣៥ គីឡូវ៉ុល និងអានុភាព ៣០ MVA ដោយត្រូវបាននាំយកទៅដំឡើង និងដំណើរការមុនគេនៅក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់អគ្គិសនីបន្ទាន់ចំពោះមុខ ជាពិសេសសម្រាប់គាំទ្រដល់តំបន់ឧស្សាហកម្ម។

តាមការបញ្ជាក់របស់អគ្គិសនីកម្ពុជា លក្ខណៈពិសេសអស្ចារ្យនៃអនុស្ថានីយចល័តនេះ គឺសមត្ថភាពដែលអាចបើកបរចល័តពីទីតាំងមួយទៅទីតាំងមួយទៀតបានយ៉ាងរហ័ស និងអាចតភ្ជាប់ទៅនឹងខ្សែបញ្ជូនតង់ស្យុងខ្ពស់បានភ្លាមៗ ដែលជួយបង្កើនលទ្ធភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ដែលមានតម្រូវការចាំបាច់។

ការដាក់ពង្រាយនៅស្រុករវៀងនាពេលនេះ គឺធ្វើឡើងជាបណ្តោះអាសន្នប៉ុណ្ណោះ ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងខណៈពេលដែលអគ្គិសនីកម្ពុជាកំពុងពន្លឿនការសាងសង់អនុស្ថានីយអគ្គិសនីអចិន្ត្រៃយ៍មួយនៅក្នុងតំបន់នោះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៦នេះ។

គម្រោងបច្ចេកវិទ្យាទំនើបនេះ នឹងចូលមកកែប្រែមុខមាត់ថ្មីនៃការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុករវៀង និងតំបន់ជុំវិញឱ្យកាន់តែមានស្ថេរភាពខ្ពស់។ កន្លងមក តំបន់នេះត្រូវទាញយកប្រភពថាមពលពីអនុស្ថានីយជ័យសែន តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ដែលមានចម្ងាយឆ្ងាយរហូតដល់ទៅជាង ៧០ គីឡូម៉ែត្រ ជាហេតុធ្វើឱ្យចរន្តអគ្គិសនីតែងតែមានការរអាក់រអួល និងមិនអាចឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ខ្នាតឧស្សាហកម្មបានឡើយ។

ឯកឧត្តម ប្រាំង ជលសា អគ្គនាយកដ្ឋានអគ្គិសនីកម្ពុជា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS ថា ឧបករណ៍បច្ចេកវិទ្យាទំនើបដែលយកមកដំឡើងទាំងនេះ គឺត្រូវបាននាំចូលមកពីប្រទេសចិន។ លក្ខណៈពិសេសបំផុតរបស់អនុស្ថានីយចល័តនេះ គឺការដំឡើងបានលឿនទាន់ចិត្ត ដោយទីតាំងថ្មីត្រូវការពេលរៀបចំត្រឹមតែប្រមាណ ២ សប្តាហ៍ ហើយសម្រាប់ការយកទៅប្រើប្រាស់ជំនួសអនុស្ថានីយដែលមានបញ្ហាបច្ចេកទេស គឺត្រូវការពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។

អគ្គិសនីកម្ពុជា បានត្រៀមដាក់បន្ថែមអនុស្ថានីយចល័តចំនួន ៧ គ្រឿងទៀតជាបន្តបន្ទាប់រហូតដល់ចុងឆ្នាំ២០២៦ នេះ ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់អគ្គិសនីយ៉ាងគំហុកនៅតាមបណ្តារោងចក្រឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនានា។

គ្រឿងចល័តថ្មីៗទាំងនោះ នឹងត្រូវបែងចែកទៅតាមទីតាំងយុទ្ធសាស្ត្រសំខាន់ៗ រួមមាន ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកជីក្រែង ក្នុងខេត្តកំពង់ធំ និងប៉ែកខាងត្បូងខេត្តសៀមរាប ព្រមទាំងនៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ ផងដែរ៕

ទួន សុផល

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា