ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យខេត្តកំពង់ស្ពឺរំលេចអត្តសញ្ញាណ និងសក្តានុពល ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យខេត្តកំពង់ស្ពឺរំលេចអត្តសញ្ញាណ និងសក្តានុពល ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន

ឯកឧត្តម ហ៊ុន ម៉ានី ជំរុញឱ្យខេត្តកំពង់ស្ពឺរំលេចអត្តសញ្ញាណ និងសក្តានុពល ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់អាជ្ញាធរខេត្តកំពង់ស្ពឺ បន្តគិតគូរ និងរំលេចឱ្យកាន់តែច្បាស់នូវអត្តសញ្ញាណ សក្តានុពល និងលក្ខណៈពិសេសរបស់ខេត្ត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរ វិនិយោគិន និងជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
 
ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «បណ្ណាល័យមរតកក្រមង៉ុយ» ចំនួន ២ទីតាំង ស្ថិតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
 
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសក្តានុពលសំខាន់ៗជាច្រើនរបស់ខេត្តកំពង់ស្ពឺ ដែលអាជ្ញាធរ និងភាគីពាក់ព័ន្ធគួរបន្តលើកកម្ពស់ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
 
ក្នុងវិស័យទេសចរណ៍ ខេត្តកំពង់ស្ពឺមានតំបន់ទេសចរណ៍សរុបចំនួន ២៩កន្លែង ដែលកំពុងទទួលបានការពេញនិយមពីភ្ញៀវទេសចរ ជាពិសេស រមណីយដ្ឋានធម្មជាតិល្បីៗដូចជា ភ្នំខ្នងផ្សារ និងឧទ្យានជាតិព្រះមុនីវង្ស «ភ្នំគិរីរម្យ»។ ការរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» ក៏បានក្លាយជាមេដែកដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
 
ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការលើកស្ទួយអត្តសញ្ញាណម្ហូបអាហារប្រចាំខេត្ត តាមរយៈការច្នៃប្រឌិតផលិតផល និងមុខម្ហូបផ្សេងៗ ដែលប្រើប្រាស់វត្ថុធាតុដើមពីដើមត្នោត និងផ្លែត្នោត ដែលជានិមិត្តរូបដ៏លេចធ្លោរបស់ខេត្តកំពង់ស្ពឺ។
 
ជាមួយគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា ខេត្តកំពង់ស្ពឺក៏មានសក្តានុពលខ្លាំងលើវិស័យឧស្សាហកម្មផងដែរ ដោយបច្ចុប្បន្នមានរោងចក្រ និងសហគ្រាសសរុបរហូតដល់ ១ ៦៤២មូលដ្ឋាន ដែលកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
 
ពាក់ព័ន្ធនឹងការអភិវឌ្ឍមូលធនមនុស្ស អ្វីដែលជាមោទនភាពបំផុតនោះ គឺខេត្តកំពង់ស្ពឺ ជាទឹកដីកំណើតរបស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាឥស្សរជនជាន់ខ្ពស់ផ្នែកអក្សរសាស្ត្រជាតិ។ ឈរលើប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់នេះ ការកសាងធនធានមនុស្ស គឺជាកិច្ចការអាទិភាពដែលត្រូវបន្តជំរុញ។
 
ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការសម្ពោធ «បណ្ណាល័យមរតកក្រមង៉ុយ» ទាំងពីរទីតាំងនាពេលនេះ មិនត្រឹមតែជាការបន្ថែមហេដ្ឋារចនាសម្ព័ន្ធអប់រំថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃការប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលមូលធនមនុស្ស និងបន្តវេនថែរក្សាមរតកបញ្ញាញាណរបស់បុព្វបុរសខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយ៕

Advertisement

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា