សៀមរាបរៀបចំទិវាយូហ្គាពិភពលោកក្រោមប្រធានបទ យូហ្គាដើម្បី​សុខភាព​មនុស្សចាស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សៀមរាបរៀបចំទិវាយូហ្គាពិភពលោកក្រោមប្រធានបទ យូហ្គាដើម្បី​សុខភាព​មនុស្សចាស់

សៀមរាបរៀបចំទិវាយូហ្គាពិភពលោកក្រោមប្រធានបទ យូហ្គាដើម្បី​សុខភាព​មនុស្សចាស់

សៀមរាប៖ ទិវាយូហ្គាពិភពលោក ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងយ៉ាង​អធិកអធមកាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅ បរិវេណ​សួនព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមអធិបតី​ភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ និងឯកឧត្តម វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប។

Advertisement

ព្រឹត្តិការណ៍យូហ្គាពិភពលោក ឆ្នាំ២០២៦បានរៀបចំដោយ​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ សហការ​ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា និងរដ្ឋបាលខេត្តសៀមរាប ។ប្រធានបទនៃទិវាយូហ្គាអន្តរជាតិលើកទី១២ ឆ្នាំនេះ គឺ «យូហ្គាដើម្បី​​សុខ​ភាពមនុស្សចាស់» (Yoga for Healthy Ageing)។

ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់សុខភាពសាធារណៈ ផ្សព្វផ្សាយអត្ថប្រយោជន៍នៃការហាត់យូហ្គា ព្រមទាំង​ពង្រឹង​ចំណង​មិត្តភាព និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ និងទេសចរណ៍​រវាង​កម្ពុជា និងឥណ្ឌា។ ព្រឹត្តិការណ៍នេះក៏ត្រូវ​បានចាត់ទុក​ថា ជាផ្នែក​មួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនា​ខេត្តសៀមរាបកាន់តែច្រើនផងដែរ។

ថ្លែងក្នុងអង្គពិធីឯកអគ្គរដ្ឋទូតឥណ្ឌាបានលើកឡើងថា ប្រធានបទនៃ​ទិវាយូហ្គាអន្តរជាតិលើកទី១២ ឆ្នាំនេះ បាន​ឆ្លុះបញ្ចាំង​ពីតួនាទីសំខាន់​របស់យូហ្គាក្នុងការលើកកម្ពស់សុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ លោកក៏បានគូសបញ្ជាក់ថា សកម្មភាពយូហ្គាបានរួម​ចំណែកផ្សព្វផ្សាយទីក្រុងសៀមរាប និងភ្នំពេញទៅកាន់សាធារណជន​អន្តរជាតិ និងពង្រឹងទំនាក់ទំនង​រវាងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម ហួត ហាក់ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជួយលើកកម្ពស់សុខភាព​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៦ ត្រូវបា​នបន្តជាឆ្នាំទេសចរណ៍​កម្ពុជា-ឥណ្ឌា។ ឯកឧត្តមក៏បានលើកឡើងពីយុទ្ធនាការ «ទស្សនា​កម្ពុជានៅរដូវកាលបៃតង» ដែលមានគោលបំណងបង្ហាញ​ពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសុខុមាលភាពរបស់កម្ពុជា។

បន្ទាប់ពីបញ្ចប់សុន្ទរកថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ភ្ញៀវកិត្តិយស និងសិស្សានុសិស្សទាំងអស់ ប្រមាណជាង៣០០នាក់​បាន​រួមគ្នាអនុវត្តលំហាត់ប្រាណ​យូហ្គាក្នុង​បរិយាកាសស្រស់ស្រាយ ប្រកបដោយសាមគ្គីភាព និងភាពរស់រវើក៕


ដោយ៖ ប៊ុន រដ្ឋា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា