តំបន់ទេសចរណ៍ជីផាតទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់ ៥ខែឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តំបន់ទេសចរណ៍ជីផាតទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់ ៥ខែឆ្នាំនេះ

តំបន់ទេសចរណ៍ជីផាតទទួលបានភ្ញៀវទេសចរជិត៣ម៉ឺននាក់ ៥ខែឆ្នាំនេះ

តំបន់អេកូទេសចរណ៍ធម្មជាតិ«ជីផាត» ក្នុងខេត្តកោះកុង កំពុងបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លា ដោយបានទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តប្រមាណ ២ម៉ឺន ៧ពាន់នាក់ ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៦ នេះ។ យោងតាមទិន្នន័យចុងក្រោយរបស់មន្ទីរទេសចរណ៍ខេត្តកោះកុង នៅក្នុងចំនួនភ្ញៀវទេសចរនេះ មានទេសចរជាតិចំនួនជាង ២ម៉ឺន ៦ពាន់នាក់ និងភ្ញៀវអន្តរជាតិចំនួនជិត ៧០០ នាក់។
 
លោក សេត រ៉ាស៊ូ ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឲ្យដឹងថា ជីផាតគឺជាគោលដៅទេសចរណ៍ធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលសម្បូរទៅដោយប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះដ៏សម្បូរបែប។ ពេលមកកម្សាន្តនៅទីនេះ អ្នកទេសចរនឹងបានជក់ចិត្តដិតអារម្មណ៍ជាមួយសម្រស់ព្រៃឈើដ៏ខៀវស្រងាត់ សត្វព្រៃកម្រៗ រួមទាំងជ្រោះជ្រងជ្រលងដងអូរ ព្រែក និងទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែងដែលលាក់ខ្លួនយ៉ាងអាថ៌កំបាំង។
 
ក្រៅពីទស្សនាទិដ្ឋភាពធម្មជាតិ ភ្ញៀវទេសចរទាំងអស់ថែមទាំងអាចរីករាយជាមួយសេវាកម្មទេសចរណ៍ ដែលផ្តល់ជូនដោយផ្ទាល់ពីសំណាក់ប្រជាសហគមន៍ ព្រមទាំងមានឱកាសស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជំនឿផ្សេងៗតាមរយៈការរស់នៅដ៏សាមញ្ញ និងទន់ភ្លន់របស់ប្រជាជនមូលដ្ឋានទៀតផង។
 
សហគមន៍អេកូទេសចរណ៍ជីផាត ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បងដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ វប្បធម៌ជាតិ ក៏ដូចជាគុណភាពបរិស្ថានឱ្យបានគង់វង្ស។ សកម្មភាពទេសចរណ៍ទាំងអស់នៅក្នុងតំបន់នេះរៀបចំដោយប្រជាមូលដ្ឋាននៅក្នុងសហគមន៍ផ្ទាល់។
 
ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ការបង្កើតជាសហគមន៍នេះ មិនត្រឹមតែជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់ផលិតផល និងសេវាកម្មទេសចរណ៍ផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន ចូលរួមទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។
 
ការប្រែក្លាយមុខមាត់ថ្មីនៃតំបន់អេកូទេសចរណ៍ជីផាត កាន់តែមានភាពលេចធ្លោឡើង តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងសកម្ម។ ក្នុងនោះ អាជ្ញាធរទេសចរណ៍បានគូសបញ្ជាក់ថា  ផ្លូវថ្នល់មួយខ្សែដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤៨ ចូលមកកាន់តំបន់ជីផាត ត្រូវបានស្ថាបនាជិតរួចរាល់ជាស្ថាពរហើយ។ ទន្ទឹមនឹងនេះ ផ្លូវមួយខ្សែទៀតដែលតភ្ជាប់ចេញពីតំបន់ជីផាត ឆ្ពោះទៅកាន់តំបន់អារ៉ែង ក៏កំពុងតែដំណើរការសាងសង់យ៉ាងមមាញឹកផងដែរ ហើយផ្លូវយុទ្ធសាស្ត្រមួយខ្សែនេះនឹងរត់តម្រង់ទៅកាន់ទីរួមស្រុកថ្មបាំង រួចឆ្ពោះទៅភ្ជាប់ជាមួយផ្លូវជាតិលេខ ៤៨ វិញ នៅត្រង់ចំណុចផ្លូវបំបែកចូលស្រុកថ្មបាំង។
 
ការអភិវឌ្ឍនេះ បានទាក់ទាញអ្នកវិនិយោគជាច្រើនឱ្យបណ្តាក់ទុនបង្កើតអាជីវកម្ម និងសេវាកម្មផ្សេងៗនៅក្នុងតំបន់ជីផាត ដែលធ្វើឱ្យតំបន់ទេសចរណ៍ធម្មជាតិមួយនេះ បង្កើនភាពទាក់ទាញកាន់តែខ្លាំង។ ដោយឡែក សម្រាប់គម្រោងសាងសង់ស្ពានឆ្លងព្រែកជីផាត ក៏ត្រូវបានចាត់ទុកជាគម្រោងអាទិភាពមួយ ដែលត្រូវបានមន្ត្រីជំនាញចុះធ្វើការសិក្សាលម្អិតជាច្រើនដងរួចមកហើយ៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា