កិច្ចប្រជុំស្វែងរកការឯកភាពលើការកែសម្រួលលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កិច្ចប្រជុំស្វែងរកការឯកភាពលើការកែសម្រួលលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់អង្គរ

កិច្ចប្រជុំស្វែងរកការឯកភាពលើការកែសម្រួលលក្ខខណ្ឌប្រើប្រាស់ដីក្នុងតំបន់អង្គរ

កិច្ចប្រជុំគណៈកម្មការសុរិយោដីថ្នាក់ជាតិ ត្រូវបានប្រារព្ធធ្វើឡើងនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងស្វែងរកការឯកភាពរួមពីភាគីពាក់ព័ន្ធ ចំពោះការកែសម្រួលលក្ខខណ្ឌគ្រប់គ្រង និងប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដើម្បីឱ្យសមស្របទៅនឹងស្ថានភាពវិវត្តន៍នៃសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។
 
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ បានលើកឡើងថា ការពិនិត្យឡើងវិញនូវលក្ខខណ្ឌប្រើប្រាស់ដីដែលមានស្រាប់ ត្រូវធ្វើដោយការពិចារណាយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា ការអភិរក្សបេតិកភណ្ឌ និងការរស់នៅរបស់ប្រជាពលរដ្ឋអាចដំណើរការស្របគ្នាបានប្រកបដោយភាពសុខដុមរមនា។
 
ឯកឧត្តមបានបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា មានបេសកកម្មស្នូលក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ចំណែកឯប្រជាពលរដ្ឋក៏មិនមានគោលបំណងអ្វីក្រៅពីការរស់នៅឲ្យមានភាពសុខស្រួលនោះដែរ។ ដូច្នេះគណៈកម្មការសុរិយោដីថ្នាក់ជាតិត្រូវរិះរកវិធីសាស្ត្រសម្របសម្រួលយ៉ាងណា ដើម្បីស្វែងរកភាពសុខដុមរមនារវាងភាគីទាំងពីរ កុំឱ្យប្រជាពលរដ្ឋយល់ឃើញថា ជាការគៀបសង្កត់ និងមានសម្ពាធក្នុងការរស់នៅនោះឡើយ ។

ក្នុងនាមជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ ឯកឧត្តម សាយ សំអាល់ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំគោលការណ៍រួមមួយ សម្រាប់គ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់ជាតិ ដូចជា តំបន់បេតិកភណ្ឌពិភពលោកអង្គរ តំបន់បឹងទន្លេសាប តំបន់ព្រៃលិចទឹក តំបន់ព្រៃកោងកាង និងតំបន់អភិរក្សផ្សេងៗទៀត ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន។
 
គួរបញ្ជាក់ថា ដើម្បីរក្សាតុល្យភាពរវាងការអភិរក្សបេតិកភណ្ឌ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានកំណត់លក្ខខណ្ឌប្រើប្រាស់ដីតំបន់អង្គរ ផ្តល់បណ្ណកម្មសិទ្ធិស្របច្បាប់ និងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យមានរបៀបរៀបរយ។
 
ជាក់ស្តែង កាលពីចុងឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋក្នុងភូមិចំនួន ៥៣ ស្ថិតនៅក្រុងសៀមរាប និងស្រុកប្រាសាទបាគង សរុបចំនួនជិត ៤ ៥០០ បណ្ណ ដែលជាជំហានសំខាន់មួយក្នុងការធានាសិទ្ធិកាន់កាប់ដីធ្លីស្របច្បាប់ និងការរៀបចំសហគមន៍ឱ្យមានសណ្តាប់ធ្នាប់ ស្របតាមតម្លៃបេតិកភណ្ឌ និងការអភិវឌ្ឍវិស័យទេសចរណ៍។
 
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តពិនិត្យ និងរៀបចំលក្ខខណ្ឌប្រើប្រាស់ដីនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានអង្គរ ដោយកំណត់ឱ្យបានច្បាស់អំពីតំបន់កសិកម្ម តំបន់លំនៅឋាន និងប្រភេទសំណង់ដែលអាចអនុញ្ញាតបាន ដើម្បីបង្កើតបទដ្ឋានរួមសម្រាប់ការរៀបចំនគរូបនីយកម្មនាពេលអនាគត។
 
ទន្ទឹមនឹងនេះ ក្រសួងក៏នឹងពិចារណាលើការរៀបចំទេសភាព និងបរិស្ថានក្នុងសហគមន៍មួយចំនួន ដូចជាការដាំដើមឈើ ផ្កាលម្អ និងការរក្សារចនាបថផ្ទះឱ្យសមស្របទៅនឹងអត្តសញ្ញាណ និងតម្លៃនៃតំបន់បេតិកភណ្ឌពិភពលោកអង្គរ៕
 
អត្ថបទ៖ វណ្ណលុក
រូបភាព៖ គ្រី សម្បត្តិ

Advertisement

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា