វិទ្យាស្ថាន NTTI ត្រៀមដាក់តាំងបង្ហាញឧបករណ៍ទំនើបៗជាស្នាដៃសិស្ស-និស្សិត ក្នុងទិវាជាតិ TVET | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិទ្យាស្ថាន NTTI ត្រៀមដាក់តាំងបង្ហាញឧបករណ៍ទំនើបៗជាស្នាដៃសិស្ស-និស្សិត ក្នុងទិវាជាតិ TVET

វិទ្យាស្ថាន NTTI ត្រៀមដាក់តាំងបង្ហាញឧបករណ៍ទំនើបៗជាស្នាដៃសិស្ស-និស្សិត ក្នុងទិវាជាតិ TVET

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរួចជាស្រេចក្នុងការដាក់តាំងបង្ហាញឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ដែលជាស្នាដៃរបស់សិស្ស-និស្សិតខ្មែរ យ៉ាងហោចណាស់ចំនួន ១១ ប្រភេទ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៦។
 
លោក ជិន តារា នាយកវិទ្យាស្ថាន NTTI បានឱ្យដឹងថា ឧបករណ៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើបទាំងនោះមានដូចជា៖ ម៉ាស៊ីនព្រីន 3D ដោយប្រើរ៉ូបូតឧស្សាហកម្ម  ម៉ាស៊ីនបិទគម្របកេសដោយស្វ័យប្រវត្តិ, ម៉ាស៊ីនវេចខ្ចប់ទឹក និងភេសជ្ជៈ, ប្រព័ន្ធសូឡាចាប់ស្រមោលព្រះអាទិត្យ, ប្រព័ន្ធកង្ហារខ្យល់, ម៉ូឌែលប្រព័ន្ធចម្ការសូឡាផ្ទះកញ្ចក់ ​ និងប្រព័ន្ធសូឡាក្នុងអគារជាដើម។
 
លោកបានបន្តថា សិស្ស-និស្សិតមានការរំភើប និងទន្ទឹងរង់ចាំថ្ងៃដាក់តាំងបង្ហាញស្នាដៃរបស់ខ្លួន ដើម្បីបង្ហាញជូនសាធារណជន ជាពិសេសសិស្សានុសិស្សកម្រិតវិទ្យាល័យ បានស្វែងយល់បន្ថែមអំពីជំនាញ និងបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានបង្កើត និងអភិវឌ្ឍដោយកូនខ្មែរ។
 
លោកនាយកបានលើកឡើងថា ការសិក្សាជំនាញនៅ NTTI បានជួយអភិវឌ្ឍសមត្ថភាពរបស់សិស្ស-និស្សិតឱ្យកាន់តែប្រសើរឡើង ដោយសារវិទ្យាស្ថានមានកម្មវិធីសិក្សាសម្បូរបែប ស្របតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការទីផ្សារការងារ។ ជាពិសេស វិទ្យាស្ថានផ្តោតលើការអនុវត្តជាក់ស្តែង តាមរយៈកម្មសិក្សា និងការអនុវត្តការងារច្រើនជាងការសិក្សាទ្រឹស្តី ដែលជាកត្តាសំខាន់ជួយឱ្យសិស្ស-និស្សិតអាចបង្កើតសមិទ្ធផលជាក់ស្តែងទាំងនេះបាន។
 
លោកក៏បានអំពាវនាវដល់សិស្សានុសិស្ស និងយុវជនដែលមានចំណាប់អារម្មណ៍លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យចូលរួមទស្សនាទិវាជាតិ TVET Day លើកទី៩ នេះ ព្រោះក្រៅពីស្នាដៃរបស់និស្សិត NTTI នៅមានស្នាដៃ និងគម្រោងនវានុវត្តន៍ជាច្រើនទៀតពីគ្រឹះស្ថានអប់រំបច្ចេកទេស និងវិជ្ជាជីវៈនានាទូទាំងប្រទេស ដែលនឹងត្រូវយកមកដាក់តាំងបង្ហាញជូនសាធារណជនទស្សនា ព្រមទាំងមានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងអ្នកជំនាញក្នុងវិស័យផងដែរ៕
 
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

Advertisement
ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា