ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក

ប្រតិបត្តិការ៨ថ្ងៃជាប់គ្នា មន្ត្រីឧទ្យានុរក្សដកហូតឈើល្មើស១៥០កំណាត់នៅស្រុកកោះញែក

មណ្ឌលគិរី៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ នៃខេត្តមណ្ឌលគិរី​បានបើកប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិរយៈពេល ៨ថ្ងៃជាប់ៗគ្នា ដោយដកហូតបានឈើអារប្រភេទលេខ១ (សុក្រំ) ចំនួន ១៥០កំណាត់ ស្មើនឹង ជាង៤,៣​ម៉ែត្រគូប ព្រមទាំងគោយន្តកន្ត្រៃ និងម៉ូតូមួយចំនួន ខណៈក្រុមជនល្មើសបានរត់គេចខ្លួនបាត់។

Advertisement

ប្រតិបត្តិការ​បង្ក្រាបបទល្មើស​ធនធាន​ធម្មជាតិនេះបានធ្វើ​ឡើង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំ​របស់លោក ឌិន ប៊ុនថាច ប្រធានការិយាល័យដែនជម្រក​សត្វព្រៃភ្នំព្រេច-លំផាត់ ក្នុងភូមិសាស្ត្រភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

យោងតាមរបាយការណ៍របស់មន្ត្រីជំនាញកាលពីថ្ងៃទី១ ខែមិថុនា កម្លាំងឧទ្យានុរក្សបានចុះល្បាតដល់ចំណុចដៃអូរជាវ តាម​បណ្តោយផ្លូវលេខ៧៧ និងបានប្រទះឃើញជនសង្ស័យចំនួន ១១នាក់ កំពុងប្រើប្រាស់គោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កចំនួន ៤គ្រឿង ដឹកជញ្ជូនឈើអារប្រភេទសុក្រំដោយខុសច្បាប់។

ក្រោយពេលឃើញសមត្ថកិច្ច ក្រុមជនសង្ស័យបានព្យាយាមបើកគោយន្តរត់គេចខ្លួន។ នៅពេលទៅដល់ចំណុចត្រពាំងកណ្តោល ដោយសារផ្លូវមានសភាពផុងខ្លាំង ពួកគេបានទម្លាក់ឈើចោល និងបន្សល់ទុកម៉ូតូវ៉េវ ពណ៌ស គ្មានស្លាកលេខ មួយគ្រឿង ដែលប្រើសម្រាប់ជិះមើលផ្លូវ មុននឹងបន្តរត់គេច។

ទោះបីជាជនល្មើសព្យាយាមគេចខ្លួនក៏ដោយ កម្លាំងជំនាញបានបន្តដេញតាមរហូតដល់ចំណុចស្រែប៉ាង និងបានរកឃើញគោ​យន្តកន្ត្រៃចំនួន ៣គ្រឿង ដែលត្រូវបានយកទៅលាក់ទុកក្នុងព្រៃ។ ចំណែកគោយន្តមួយគ្រឿងទៀតបានរត់គេចផុត ដោយសារ​កម្លាំង​មានចំនួនតិច និងស្ថានភាពមេឃងងឹត។

វត្ថុតាងរួមមានគោយន្តកន្ត្រៃ ៣គ្រឿង និងម៉ូតូ ១គ្រឿង ត្រូវបានដឹកយកទៅរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ។ ចាប់ពី​ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ក្រុមការងារបានដាក់កម្លាំងយាមការពារវត្ថុតាង និងរៀបចំដឹកជញ្ជូនឈើល្មើសទៅកាន់​ទីស្នាក់ការ។ ទោះបីជាមានការលំបាកខ្លះដោយសារមធ្យោបាយដឹកជញ្ជូនខូចក៏ដោយ ក៏វត្ថុតាងទាំងអស់ត្រូវបានដឹកមក​ដល់ដោយសុវត្ថិភាព។

ក្រោយការវាស់វែង និងផ្ទៀងផ្ទាត់ជាក់ស្តែងនៅថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមិថុនា មន្ត្រីជំនាញបានរកឃើញថា ឈើអារប្រភេទ​សុក្រំ​ដែលរឹបអូសបានមានចំនួនសរុប ១៥០កំណាត់ ស្មើនឹង ៤,៣៦១ម៉ែត្រគូប។ ជាមួយគ្នានេះ កម្លាំងជំនាញក៏បានបន្ត​ស្វែង​រកគោយន្តមួយគ្រឿងដែលនៅសេសសល់ ប៉ុន្តែមិនទាន់រកឃើញនៅឡើយ។

រហូតដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារបានបន្តចុះល្បាតដល់ចំណុចដៃអូររពើ ប៉ុន្តែមិនបានប្រទះឃើញបទល្មើស​បន្ថែម​ទៀតនោះទេ។

បច្ចុប្បន្ន វត្ថុតាង និងមធ្យោបាយដែលបានចាប់យកទាំងអស់ កំពុងត្រូវបានរក្សាទុកនៅទីស្នាក់ការកណ្តាលរយ៉លើ ខណៈមន្ត្រី​ជំនាញ​នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ កំពុងរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ដើម្បីស្វែងរក និងនាំខ្លួនជនពាក់ព័ន្ធមកផ្តន្ទាទោសតាមច្បាប់ជាធរមាន៕
ដោយ៖ឡុង សំបូរ

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា