សម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា- វៀតណាម ខេត្តពោធិ៍សាត់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា- វៀតណាម ខេត្តពោធិ៍សាត់

សម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា- វៀតណាម ខេត្តពោធិ៍សាត់

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ងៀន វ៉ន់ហ្គូវ សមាជិកគណៈកម្មាធិការមជ្ឈិមកុម្មុយនីស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់«ស្តូបមិត្តភាពកម្ពុជា-វៀតណាម» ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

‎ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា, មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម, ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ និងខេត្តដុងថាប់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ស្តូបមិត្តភាពនេះគឺជាសក្ខីភាពនៃការដឹងគុណចំពោះវីរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតរួមជាមួយកងទ័ពកម្ពុជា ក្នុងការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយក៏ជាការរំលឹកពីគុណបំណាច់របស់កម្ពុជា ដែលធ្លាប់ជួយវៀតណាមក្នុងការបង្រួបបង្រួមទឹកដីផងដែរ។ ស្តូបនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លើផ្ទៃដី ១៥ ០០០ម៉ែត្រការ៉េ ដោយមានកម្ពស់ ២១ម៉ែត្រ។

‎ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសមិទ្ធផលនេះ ដែលជាស្តូបចុងក្រោយគេ ក្នុងចំណោមបណ្តាខេត្តនានា ដោយបានរំលឹកពីប្រវត្តិដ៏ជូរចត់ និងវីរភាពនៃការតស៊ូរួមគ្នារវាងកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពកម្ពុជា។ សម្តេចបានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល ៥៩ឆ្នាំមកហើយ ហើយនៅឆ្នាំ២០២៧ កម្ពុជា-វៀតណាម នឹងប្រារព្ធខួបអនុស្សាវរីយ៍គម្រប់៦០ឆ្នាំ នៃចំណងមិត្តភាពការទូត ដែលជាសញ្ញាណនៃភាពរឹងមាំ និងការយល់ចិត្តគ្នាទៅវិញទៅមក។

‎ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសថៃ។ សម្តេចបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវយន្តការច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។

‎សម្តេចបានរំលឹកដោយក្តីឈឺចាប់ ចំពោះការឈ្លានពានដែលបង្កឡើងដោយភាគីថៃកន្លងមក ដែលតែងតែមានមហិច្ឆតាចង់បានទឹកដីកម្ពុជា រហូតឈានដល់ការផ្ទុះអាវុធ បណ្តាលឱ្យបាត់បង់អាយុជីវិតកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់ទាំងសងខាង។ សម្តេចបានអំពាវនាវឱ្យគ្រប់ភាគី គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក ដើម្បីសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។

‎នៅកិច្ចបញ្ចប់នៃពិធី សម្តេចកិត្តិសង្គហបណ្ឌិត និងគណៈប្រតិភូ បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តូបមិត្តភាព កម្ពុជា-វៀតណាម និងសមិទ្ធិផលនានា ដោយក្តីសង្ឃឹមយ៉ាងមុតមាំថា សមិទ្ធផលនេះនឹងក្លាយជាទីកន្លែង សម្រាប់បន្តពូនជ្រុំចំណងសាមគ្គីភាព រវាងប្រជាជាតិទាំងពីរ ក៏ដូចជាទីកន្លែងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិផងដែរ៕

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា