សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃ ដែលរិះគន់រដ្ឋាភិបាលថៃជុំវិញការដោះស្រាយវិវាទសមុទ្រជាមួយកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃ ដែលរិះគន់រដ្ឋាភិបាលថៃជុំវិញការដោះស្រាយវិវាទសមុទ្រជាមួយកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទអ្នកវិភាគថៃ ដែលរិះគន់រដ្ឋាភិបាលថៃជុំវិញការដោះស្រាយវិវាទសមុទ្រជាមួយកម្ពុជា

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចែករំលែកអត្ថបទវិភាគមួយរបស់លោកសាស្ត្រាចារ្យថៃ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ដែលបានរិះគន់ត្រង់ៗចំពោះចំណាត់ការរបស់រដ្ឋាភិបាលថៃ ក្នុងរឿងវិវាទព្រំដែនសមុទ្រជាមួយកម្ពុជា។

Advertisement

ក្នុងសារដែលបានបង្ហោះនៅលើបណ្ដាញសង្គម សម្តេចតេជោបានបញ្ជាក់ថា សម្តេចមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការវិភាគរបស់អ្នកសិក្សាថៃរូបនេះ ទើបបានសម្រេចចិត្តចែករំលែកជូនសាធារណជនកម្ពុជា និងថៃ តាមរយៈការបកប្រែក្រៅផ្លូវការ ដោយមិនបានបន្ថែមការអត្ថាធិប្បាយផ្ទាល់ខ្លួនឡើយ។ សម្តេចចង់ទុកឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការវិនិច្ឆ័យដោយខ្លួនឯងចំពោះអ្វីដែលអ្នកវិភាគថៃបានលើកឡើង។

អត្ថបទរបស់លោក Akaraphong Khamkhun បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែការរិះគន់យ៉ាងចំៗទៅលើស្ថាប័ននយោបាយ និងការសម្រេចចិត្តរបស់ភាគីថៃ។ អ្នកវិភាគរូបនេះយល់ឃើញថា ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ឬ UNCLOS កម្ពុជាបានអនុវត្តតាមនីតិវិធីដែលមានចែងក្នុងច្បាប់អន្តរជាតិយ៉ាងត្រឹមត្រូវ ខណៈដែលថៃបែរជាមានភាពច្របូកច្របល់ក្នុងការឆ្លើយតប និងខ្វះការយល់ដឹងអំពីយន្តការផ្លូវច្បាប់អន្តរជាតិ។

លោកបានរិះគន់ការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ក្នុងការលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១តាមអំពើចិត្តដោយសារតែហេតុផលនយោបាយផ្ទៃក្នុង ដោយលោកចាត់ទុកថា នេះគឺជាដើមចមដែលជំរុញឱ្យកម្ពុជាអាចប្រកាសប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំបានភ្លាម ទោះថៃចង់ ឬមិនចង់។ កម្ពុជានឹងយកចំណុចខ្សោយនេះទៅប្រើប្រាស់ធ្វើអ្វីក៏បាន។

អ្វីដែលធ្វើឱ្យអត្ថបទនេះកាន់តែចាប់អារម្មណ៍ គឺការរិះគន់របស់អ្នកវិភាគទៅលើសង្គមថៃបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងការគិតបែបស្រមើស្រមៃ និងខ្វះការសិក្សាច្បាប់អន្តរជាតិឱ្យបានស៊ីជម្រៅ។ លោកអះអាងថា សង្គមថៃចង់ “យកឈ្នះកម្ពុជា” ជាជាងចង់ “ដោះស្រាយបញ្ហា” ដែលជាមូលហេតុនាំឱ្យការការដោះស្រាយវិវាទមិនអាចរកច្រកចេញបាន។ លោកលើកឡើងថា រាល់ការប៉ះទង្គិចខាងយោធា គឺត្រូវទុកឱ្យភាគីយោធាជាអ្នកដោះស្រាយ ប៉ុន្តែរដ្ឋាភិបាលថៃបែរជាមិនព្រមដោះស្រាយឫសគល់នៃបញ្ហា ហើយព្យាយាមរក្សាទំនាស់នោះទុក ដើម្បីកេងចំណេញផលប្រយោជន៍ខាងនយោបាយ។

លោក Akaraphong Khamkhun បានបន្តថា ការប្រើប្រាស់បញ្ហាព្រំដែនសម្រាប់ផលប្រយោជន៍នយោបាយផ្ទៃក្នុង អាចនាំឱ្យមានការប៉ះទង្គិចថ្មីៗ និងបង្កការខាតបង់កាន់តែធ្ងន់ធ្ងរដល់ប្រទេសថៃនៅលើឆាកអន្តរជាតិ។ អ្នកវិភាគរូបនេះបានលើកឡើងថា អ្នកនយោបាយថៃបានយកភាពអគតិផ្ទាល់ខ្លួន និងការស្អប់ខ្ពើមមកធ្វើជាមូលដ្ឋាន ហើយនៅពេលដែលធ្វើអ្វីមិនបាន ក៏ងាកមកប្រើប្រាស់ហ្គេមបំផ្លាញជនជាតិថៃដូចគ្នា ដោយទាញយកការស្អប់ខ្ពើមរវាងប្រទេសមកធ្វើជាឧបករណ៍។ លោកគិតថា នេះជាអ្វីដែលសង្គមថៃត្រូវតែងាកមកពិនិត្យមើលខ្លួនឯងឡើងវិញ ជាពិសេសរឿងច្បាប់ ដែលថៃមិនបានគោរពតាមបទដ្ឋានគតិយុត្តិទាល់តែសោះ។

ការចែករំលែកអត្ថបទនេះដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា មានន័យនយោបាយសំខាន់ ព្រោះវាបង្ហាញថា សូម្បីតែអ្នកវិភាគជនជាតិថៃផ្ទាល់ក៏បានទទួលស្គាល់ដែរថា រដ្ឋាភិបាលថៃ គឺជាអ្នកបង្កបញ្ហាជាមួយកម្ពុជា ដើម្បីផលប្រយោជន៍នយោបាយ ខណៈដែលកម្ពុជាអនុវត្តបានត្រឹមត្រូវតាមច្បាប់អន្តរជាតិ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា