ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ

ថៃប្រកាសត្រៀមខ្លួនតតាំងជាមួយកម្ពុជានៅ UN ជុំវិញវិវាទដែនសមុទ្រ

ប្រទេសថៃបានប្រកាសពីការត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដែលគាំទ្រដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ជុំវិញវិវាទដែនសមុទ្រត្រួតស៊ីគ្នា ដែលជាតំបន់សម្បូរទៅដោយប្រភពថាមពល ជាមួយតម្លៃប៉ាន់ស្មានប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក។
 
កម្ពុជាបានចាប់ផ្តើមដំណើរការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាដោយសន្តិវិធី បន្ទាប់ពីភាគីថៃបានលុបចោលក្របខ័ណ្ឌចរចារទ្វេទាគីឆ្នាំ២០០១។
 
ភាគីថៃបានបង្ហាញជំហរប្រែប្រួលជាច្រើនដងជំវិញយន្តការនេះ មុននឹងសម្រេចចិត្តប្រកាសជាផ្លូវការកាលពីថ្ងៃទី៣ឧសភាថា ត្រៀមខ្លួនរួចហើយ ដើម្បីចូលរួមក្នុងដំណើរការសម្របសម្រួលដោយអង្គការសហប្រជាជាតិ តាមការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ទោះបីជាថៃទទួចចង់បន្តចរចារទ្វេភាគីជាមួយកម្ពុជាជាមុនសឹន។ រដ្ឋមន្រ្តីការបរទេសថៃយកលេសថា យន្តការសម្របសម្រួលដោយបង្ខំអាចប្រើពេលយូរ ដូចករណីទីម័រឡេស្តេ និងអូស្ត្រាលី ដែលប្រើពេលជិតពីរឆ្នាំ។
 
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមដំណើរការសម្របសម្រួលនេះ គឺក្នុងគោលបំណង ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្ររបស់កម្ពុជា ស្របតាមច្បាប់អន្តរជាតិ។ រីនាយករដ្ឋមន្ត្រីថៃវិញបានលើកឡើងថា ប្រទេសថៃមិនផ្លាស់ប្តូរជំហរដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជាតាមច្បាប់អន្តរជាតិនោះទេ។
 
ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កម្ពុជាបានជ្រើសរើសអ្នកច្បាប់អន្តរជាតិល្បីៗចំនួន ២រូប ដើម្បីធ្វើជាអ្នកផ្សះផ្សាក្នុងវិវាទដែនសមុទ្រនេះ​ ក្នុងនោះមានលោក ភីធឺ ថាក់សូ-ជេនសិន (Peter Taksoe-Jensen) ជនជាតិដាណឺម៉ាក ដែលជាអ្នកជំនាញច្បាប់ដ៏មានបទពិសោធន៍ខ្ពស់ និងធ្លាប់ធ្វើជាប្រធានគណៈកម្មការសម្រុះសម្រួលបញ្ហាព្រំដែនសមុទ្រ​ ទីម័រឡេស្តេ និងអូស្ត្រាលី។ អ្នកផ្សះផ្សារម្នាក់ទៀតរបស់កម្ពុជា គឺលោក ហ្សង់-ម៉ាក ធូវីណាំង (Jean-Marc Thouvenin) អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកជំនាញច្បាប់អន្តរជាតិជនជាតិបារាំង។

Advertisement

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជានៅតែមានបំណងកសាងទំនាក់ទំនងជាមួយភាគីថៃ ដោយឈរមើលមូលដ្ឋានសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនេះ ​​អធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត។
 
សូមបញ្ជាក់ថា តំបន់ដែនសមុទ្រត្រួតស៊ីគ្នា គឺជាតំបន់សម្បូរទៅដោយប្រភពថាមពលបម្រុងដ៏មហាសាល ជាមួយនឹងតម្លៃប៉ាន់ស្មានប្រមាណ ៣០០ពាន់លានដុល្លារអាមេរិក៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា