វិចារណកថា៖ ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ៖ យុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃរបស់កម្ពុជាក្នុងការដោះស្រាយវិវាទសមុទ្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិចារណកថា៖ ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ៖ យុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃរបស់កម្ពុជាក្នុងការដោះស្រាយវិវាទសមុទ្រ

វិចារណកថា៖ ការជ្រើសរើសផ្លូវច្បាប់អន្តរជាតិ៖ យុទ្ធសាស្ត្រការទូតដ៏ឈ្លាសវៃរបស់កម្ពុជាក្នុងការដោះស្រាយវិវាទសមុទ្រ

Choosing the Path of International Law — Cambodia’s Wise Diplomatic Strategy in Resolving Maritime Disputes

Advertisement

ក្នុងទំនាក់ទំនងអន្តរជាតិបច្ចុប្បន្ន ប្រទេសតូច និងមធ្យមមិនអាចពឹងផ្អែកលើអំណាចយោធា ឬសម្ពាធនយោបាយដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួនបានទេ។ ផ្ទុយទៅវិញ ច្បាប់អន្តរជាតិ និងយន្តការពហុភាគីបានក្លាយជាឧបករណ៍ដ៏សំខាន់សម្រាប់ការការពារអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមនីតិវិធីផ្សះផ្សាជាកាតព្វកិច្ច (Compulsory Conciliation) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) គឺជាការបង្ហាញពីភាពចាស់ទុំខាងការទូត និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

ការប្រកាសដកខ្លួនរបស់ភាគីថៃចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) បានបង្កើតស្ថានភាពថ្មីមួយក្នុងដំណើរការដោះស្រាយបញ្ហាតំបន់ទាមទារសិទ្ធិត្រួតស៊ីគ្នា។ អស់រយៈពេលជាងពីរទសវត្សរ៍ អនុស្សរណៈនេះគឺជាវេទិកាទ្វេភាគីសំខាន់សម្រាប់ការចរចា និងការគ្រប់គ្រងភាពខុសគ្នារវាងប្រទេសទាំងពីរ។ នៅពេលយន្តការនេះត្រូវបានបញ្ចប់ដោយឯកតោភាគី កម្ពុជាបានជ្រើសរើសមធ្យោបាយដែលមិនបង្កភាពតានតឹង មិនប្រឈមមុខដោយកម្លាំង និងមិននាំឱ្យមានការប្រកួតប្រជែងជាតិនិយមដែលអាចប៉ះពាល់ដល់សន្តិភាពក្នុងតំបន់។ ផ្ទុយទៅវិញ កម្ពុជាបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិថា ខ្លួននៅតែប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា និងនីតិរដ្ឋអន្តរជាតិ។

ពីទស្សនៈការទូត ការបញ្ជូនសំណុំរឿងទៅកាន់យន្តការរបស់ UNCLOS មិនមែនជាការបោះបង់ការចរចាទ្វេភាគីឡើយ ប៉ុន្តែជាការលើកកម្ពស់ការចរចាឱ្យស្ថិតក្នុងក្របខណ្ឌដែលមានភាពស្មើគ្នា តម្លាភាព និងទទួលស្គាល់ជាសកល។ កម្ពុជាកំពុងផ្លាស់ប្តូរពីការចរចាដែលពឹងផ្អែកលើឆន្ទៈនយោបាយរបស់ភាគីនីមួយៗ ទៅរកដំណើរការដែលមានច្បាប់អន្តរជាតិជាគោល និងមានគណៈកម្មការឯករាជ្យជាអ្នកសម្របសម្រួល។ នេះគឺជាយុទ្ធសាស្ត្រដែលអាចបង្កើនភាពជឿជាក់របស់សហគមន៍អន្តរជាតិចំពោះជំហររបស់កម្ពុជា។

លើសពីនេះ ការអំពាវនាវឱ្យអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍អន្តរជាតិតាមដានដំណើរ
ការនេះ មានន័យលើសពីការស្វែងរកការគាំទ្រផ្នែកនយោបាយ វាជាការធ្វើឱ្យវិវាទមួយដែលធ្លាប់ស្ថិតក្នុងកម្រិតទ្វេភាគី ក្លាយជាបញ្ហាដែលស្ថិតក្រោមការយកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ។ ក្នុងវិស័យការទូត សាធារណមតិអន្តរជាតិ និងការគាំទ្រចំពោះគោលការណ៍ច្បាប់
អន្តរជាតិ ជាញឹកញាប់អាចបង្កើតឥទ្ធិពលវិជ្ជមានលើអាកប្បកិរិយារបស់ភាគីពាក់ព័ន្ធ និងជួយជំរុញឱ្យមានដំណោះស្រាយប្រកបដោយទំនួលខុសត្រូវ។

ជាងនេះទៅទៀត ការប្រើប្រាស់យន្តការ Compulsory Conciliation ក៏ឆ្លុះបញ្ចាំងពីការយល់
ឃើញថ្មីរបស់កម្ពុជាក្នុងការអនុតការទូតសម័យទំនើប។ ប្រទេសមួយមិនត្រឹមតែត្រូវមានសមត្ថភាពការពារផលប្រយោជន៍ជាតិរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានសមត្ថភាពធ្វើឱ្យផលប្រយោជន៍នោះស្របតាមគោលការណ៍ និងតម្លៃដែលសហគមន៍អន្តរជាតិទទួលស្គាល់។ នៅពេលកម្ពុជាឈរលើមូលដ្ឋានច្បាប់អន្តរជាតិ កម្ពុជាមិនត្រឹមតែការពារបូរណភាពទឹកដីរបស់ខ្លួនទេ ប៉ុន្តែក៏កំពុងការពារគោលការណ៍ដែលប្រទេសតូចៗទាំងអស់ពឹងផ្អែកដើម្បីធានាសមភាពក្នុងប្រព័ន្ធអន្តរជាតិផងដែរ។

ករណីជោគជ័យរវាងទីម័រខាងកើត និងអូស្ត្រាលីក្នុងឆ្នាំ២០១៨ បានបង្ហាញថា យន្តការផ្សះផ្សាជាកាតព្វកិច្ចអាចនាំឱ្យមានដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបាន និងបញ្ចប់វិវាទដែលអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍។ សម្រាប់កម្ពុជា ការចូលរួមក្នុងដំណើរការនេះ គឺជាការបង្ហាញថា ប្រទេសមានទំនុកចិត្តលើភាពត្រឹមត្រូវនៃជំហររបស់ខ្លួន និងមានឆន្ទៈក្នុងការដោះ
ស្រាយបញ្ហាតាមរយៈយន្តការដែលស៊ីវិល័យ និងមានការទទួលស្គាល់ជាសកល។

នៅក្នុងពិភពលោកដែលកំពុងប្រឈមនឹងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ការប្រកាន់យកច្បាប់អន្តរជាតិជាគ្រឹះនៃគោលនយោបាយការបរទេស គឺជាជម្រើសដែលមានចក្ខុវិស័យវែងឆ្ងាយ។ ការសម្រេចចិត្តរបស់កម្ពុជានាពេលនេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែជាការកសាងមូលដ្ឋានសម្រាប់សន្តិភាព ស្ថិរភាព និងទំនាក់
ទំនងល្អប្រសើរជាមួយប្រទេសជិតខាងក្នុងរយៈពេលវែង។
នេះគឺជាឧទាហរណ៍មួយនៃការប្រើប្រាស់ “អំណាចច្បាប់” (Power of Law) ជំនួសឱ្យ “ច្បាប់របស់អំណាច” (Law of Power) ដែលជាគោលការណ៍ស្នូលនៃការទូតសម័យទំនើប៕​ ដោយ៖ លោកតា

ហេង សុវណ្ណ

ហេង សុវណ្ណ

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា