កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃប្រាប់ UN ដោយមិនខ្វល់ពីការព្រមានរបស់ថៃឲ្យឈប់និយាយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃប្រាប់ UN ដោយមិនខ្វល់ពីការព្រមានរបស់ថៃឲ្យឈប់និយាយ

កម្ពុជាបន្តបកអាក្រាតការឈ្លានពានរបស់ថៃប្រាប់ UN ដោយមិនខ្វល់ពីការព្រមានរបស់ថៃឲ្យឈប់និយាយ

នៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងញូយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងជាថ្មីដោយការព្រួយបារម្ភ អំពីស្ថានការណ៍ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។

Advertisement

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីបទឈប់បាញ់នៅតែបន្តមានប្រសិទ្ធភាពក៏ដោយ ក៏កម្ពុជានៅតែមានក្តីព្រួយបារម្ភចំពោះស្ថានការណ៍នៅតំបន់មួយចំនួន ដែលត្រូវបានកងទ័ពថៃកាន់កាប់ នៅយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា។ ក្នុងន័យនេះ ឯកឧត្តម បានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ នូវកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់រវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ប្រមុខការទូតកម្ពុជាបានថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនកម្ពុជា-ថៃ ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យភាព មិនត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែងនោះឡើយ។

ឯកឧត្តមបន្តថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ព្រមទាំងការសន្ទនាដោយសុចរិត និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះសម្រាប់ស្តារទំនុកចិត្ត ធានាសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹក អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងន័យនេះនេះ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ដើម្បីជាប្រយោជន៍ដល់ប្រទេសទាំងពីរ និងដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។ ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងទុក្ខវេទនាជាច្រើនទសវត្សរ៍ កម្ពុជាយល់ច្បាស់ពីតម្លៃសន្តិភាព និងជឿជាក់ថា វិវាទទាំងឡាយត្រូវដោះស្រាយតាមរយៈកិច្ចសន្ទនា ការទូត ការគោរពគ្នាទៅវិញទៅមក និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា នៅក្នុងយុគសម័យដែលពិភពលោកកំពុងកើនឡើងនូវបញ្ហាប្រឈម ជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ការគោរពបូរណភាពទឹកដី និងការដោះស្រាយបញ្ហាដោយសន្តិវិធីត្រូវតែបន្តដើរតួជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសណ្តាប់ធ្នាប់អន្តរជាតិ។

សូមបញ្ជាក់ កាលពីថ្ងៃអាទិត្យមុន រដ្ឋមន្រ្តីការបរទេសថៃបានព្រមានកម្ពុជាកុំឱ្យប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីវាយប្រហារទីក្រុងបាងកក ដោយសម្អាងថា ការធ្វើបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្តឡើងវិញ។ នៅតាមតំបន់មួយចំនួននៃព្រំដែនវិញ កងទ័ពថៃក៏បានផ្ទុះអាវុធបង្ករហេតុជាបន្តបន្ទាប់ផងដែរ។ ប៉ុន្តែការគំរាមកំហែងទាំងនេះមិនអាចរារាំងកម្ពុជា មិនឲ្យបន្តនិយាយការពិតទៅកាន់ពិភពលោកបានឡើយ៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា