ក្រោយទឹកចូលច្រមុះ ថៃនឹកឃើញគុណរបស់ពលករខ្មែរ និងភូមា ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយទឹកចូលច្រមុះ ថៃនឹកឃើញគុណរបស់ពលករខ្មែរ និងភូមា ​

ក្រោយទឹកចូលច្រមុះ ថៃនឹកឃើញគុណរបស់ពលករខ្មែរ និងភូមា ​

ក្រោយជួបវិបត្តិខ្វះកម្លាំងពលកម្ម ពិសេសក្រោយការចាកចេញរបស់ពលករខ្មែរ ប្រទេសថៃចាប់ផ្តើមមើល​ឃើញ និងទទួលស្គាល់ជាសាធារណៈនូវគុណសម្បត្តិរបស់ពលករបរទេស។ ផ្ទាំងគំនូរលើជញ្ជាំងដ៏ធំមួយត្រូវបានដាក់បង្ហាញនៅកណ្តាលក្រុងបាងកក ដើម្បីឧទ្ទឹសដល់ការរួមចំណែករបស់ពលករមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចថៃ។
 
«យើងរួមគ្នាដើម្បីកសាង» គឺជាឈ្មោះនៃផ្ទាំងគំនូរយក្សមួយផ្ទាំង ដែលត្រូវបានសិល្បករមួយក្រុមនាំគ្នាគូរលើជញ្ជាំងដ៏ធំមួយកម្ពស់១០ម៉ែត្រ នៅកណ្តាលក្រុងបាងកក ដើម្បីបង្ហាញជូនសាធារណជនអំពីការរួមចំណែករបស់​ពលករមីយ៉ាន់ម៉ា និងកម្ពុជា ក្នុងដំណើរការលូតលាស់នៃសេដ្ឋកិច្ចរបស់ប្រទេសថៃ។
 
ផ្ទាំងគំនូរ​នេះត្រូវបានវិចិត្រករមីយ៉ាន់ម៉ាមួយក្រុម និងអ្នកស្ម័គ្រចិត្តប្រហែល ៤០នាក់ ចំណាយពេលគូរអស់រយៈពេលជាង ១០ថ្ងៃ ដើម្បីបង្ហាញពីការងាររបស់ពលករចំណាកស្រុកចំនួន ១៣នាក់ ក្នុងនោះ ១២ នាក់មកពីមីយ៉ាន់ម៉ា និងម្នាក់មកពីកម្ពុជា។ ​
 
ជាការកម្រណាស់ ដែលប្រទេសថៃដ៏ក្រអឺតក្រទម បង្ហាញការទទួលស្គាល់ជាសាធារណៈនូវគុណបំណាច់របស់ពលករបរទេសដូច្នេះ។ តែនេះមិនមែនជាការចៃដន្យនោះទេ។ បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងបញ្ហាខ្វះខាតពលករចំណាកស្រុកយ៉ាងខ្លាំង ជាពិសេសក្នុងវិស័យសំណង់ កសិកម្ម រោងចក្រ និងឧស្សាហកម្មកែច្នៃអាហារ។ រដ្ឋាភិបាលថៃបានទទួលស្គាល់ថា កង្វះកម្លាំងពលកម្មនេះកំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដែលកំពុងតែដុនដាប។ ​
 
វិបត្តិនេះកើតឡើងក្រោយពេលពលករខ្មែរនាំគ្នាចាកចេញពីថៃដោយសារជម្លោះព្រំដែន។ យោងតាមអ្នកនាំពាក្យ​ក្រសួងការងារកម្ពុជា មុនផ្ទុះសង្រ្គាមព្រំដែន ពលករខ្មែរធ្វើការនៅប្រទេសថៃមានប្រហែល១លាន ៣សែននាក់ ដោយភាគច្រើនបម្រើការងារក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម។ ប៉ុន្តែ​បច្ចុប្បន្ន តួលេខនេះធ្លាក់មកនៅត្រឹមប្រហែល៥០ម៉ឺននាក់ ទាំងពលករស្របច្បាប់ និងពលករមិនមានឯកសារត្រឹមត្រូវ។
 
តួលេខចុងក្រោយបង្ហាញថា ពលរដ្ឋខ្មែរទាំងក្មេង និងចាស់ដែលត្រឡប់ពីថៃ ហើយមិនវិលទៅវិញ មានចំនួន៧៧ម៉ឺននាក់ ក្នុងនោះកុមារ​អាយុក្រោម១៥ឆ្នាំមានជាង ២ម៉ឺននាក់ និងពលរដ្ឋអាយុលើសពី ៦០ឆ្នាំមានប្រមាណ ៥ពាន់នាក់។
 
យោងតាមកាសែត Bangkok Post ​ប្រទេសថៃសព្វថ្ងៃប្រើប្រាស់កម្លាំងពលករចំណាកស្រុកជិត៤លាននាក់ ក្នុងនោះប្រហែល៨០%ជាជនជាតិមីយ៉ាន់ម៉ា។ មុនសង្រ្គាម ពលករស្របច្បាប់ខ្មែរមានជាង ៤សែននាក់ ប៉ុន្តែពេលនេះនៅសល់តែ ១៩ម៉ឺននាក់ប៉ុណ្ណោះ។ អ្នកជំនួញកំពុងជំរុញឲ្យរដ្ឋាភិបាលថៃបន្តសុពលភាពបណ្ណការងារសម្រាប់ពលករខ្មែរ ពុំនោះសោតទេ ឧស្សាហកម្មទាំងឡាយនឹងកាន់តែប្រឈមបញ្ហាខ្វះកម្លាំងពលកម្មថែមទៀត ហើយជាលទ្ធផល សេដ្ឋកិច្ចថៃទាំងមូលនឹងកាន់តែត្រដាបត្រដួស៕

Advertisement
ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា