កម្ពុជាខ្វះខាតឆ្មបជាង៥ពាន់នាក់សម្រាប់ឆ្នាំ២០៣០ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាខ្វះខាតឆ្មបជាង៥ពាន់នាក់សម្រាប់ឆ្នាំ២០៣០

កម្ពុជាខ្វះខាតឆ្មបជាង៥ពាន់នាក់សម្រាប់ឆ្នាំ២០៣០

ក្រសួងសុខាភិបាលបានរៀបចំពិធីអបអរទិវាឆ្មបជាតិ-អន្តរជាតិ ក្រោមប្រធានបទ « ពិភពលោកត្រូវការឆ្មបន្ថែម១លាននាក់» នៅថ្ងៃចន្ទទី៤ឧសភានេះនៅសណ្ឋាគារកាំបូឌីយ៉ាណា។ ទិវានេះត្រូវបានកម្ពុជាប្រារព្វធ្វើជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរលឹកគុណឆ្មបដែលបានបង្កើតទារក និងថែទាំសុខភាពមាតា ទារក ក៏ដូចជាបង្ហាញពីសារៈសំខាន់នៃវិជ្ជាជីវៈឆ្មប។

Advertisement

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា វត្តមានឆ្មបជំនាញក្នុងការថែទាំស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងទារកទើបនឹងកើតពិតជាចាំបាច់ណាស់។ បច្ចុប្បន្ននេះ ប្រទេសជាច្រើនមានតម្រូវការឆ្មបជំនាញខ្ពស់ តែបែរជាមានចំនួនឆ្មបមិនគ្រប់គ្រាន់ទៅវិញ ដែលជាហេតុធ្វើឱ្យការបម្រើសេវាជូនស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា និងទារក មិនបានពេញលេញតាមតម្រូវការ។

យោងតាមទិន្នន័យឆ្នាំ២០២៥ ប្រទេសកម្ពុជាមានចំនួនឆ្មបសរុបមាន ៨ ៤២០នាក់ ថយចុះ៨៥នាក់បើធៀបនឹងឆ្នាំ២០២៤ ខណៈដែលតួលេខចំនួនឆ្មបដែលបានចុះបញ្ជីក្នុងគណៈឆ្មប មានរហូតដល់ជាង ១ម៉ឺន ៣ពាន់នាក់។ ដូច្នេះ ដង់ស៊ីតេឆ្មបគឺ ៧.៧នាក់ សម្រាប់ប្រជាជន១ម៉ឺននាក់ ក្នុងឆ្នាំ២០២៦។ តួលេខនេះ បើធៀបទៅនឹងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៤ ប្រទេសកម្ពុជានៅខ្វះឆ្មបជាង១ពាន់នាក់សម្រាប់ឆ្នាំ២០២៧ និងខ្វះជាង៥ពាន់នាក់សម្រាប់ឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ឆ្លើយតបតាមតម្រូវការ កម្ពុជាមិនត្រឹមតែបង្កើនចំនួនឆ្មបប៉ុណ្ណោះទេ ប៉ុន្តែធានាថាឆ្មបគ្រប់រូប ដែលទទួលបានការបណ្តុះបណ្តាលនៅគ្រប់គ្រឹះស្ថានសុខាភិបាលទាំងអស់ គឺទទួលបានការអប់រំតាមស្តង់ដាជាតិ និងអន្តរជាតិ មានសិទ្ធសម្រេចចិត្តក្នុងការអនុវត្តការងារ និងត្រូវបានទទួលស្គាល់ថា ជាអ្នកដឹកនាំម្នាក់ដោយសមត្ថភាពផ្ទាល់ខ្លួន។

ដោយឡែក ក្នុងនាមប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្ហាញក្តីសោមនស្សរីករាយចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការលើកតម្កើងនូវតួនាទីដ៏មានសារៈសំខាន់របស់ឆ្មប ដែលជាអ្នកគាំពារអាយុជីវិត និងសុខភាពរបស់ស្ត្រីជាមាតា និងទារក។

នៅក្នុងសារអបអរទិវាឆ្មបជាតិ-អន្តរជាតិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបុគ្គលិកសុខាភិបាលនៅសមរភូមិមុខ ជាពិសេសបង-ប្អូនឆ្មប ដែលមានការលះបង់ដ៏មោះមុត ក្តីមេត្តាករុណា ជួយសង្គ្រោះអាយុជីវិតជារៀងរាល់ថ្ងៃ ទាំងនៅក្នុងស្ថានភាពសង្គ្រោះបន្ទាន់, ជម្លោះ និងទុក្ខវេទនា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាល សូមបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងក្នុងការជំរុញសេវាគ្របដណ្តប់សុខភាពជាសកល។ ជាងនេះទៅទៀត សម្តេចបានជំរុញការវិនិយោគបន្ថែម ដែលជារឿងចាំបាច់បំផុត ដើម្បីបង្កើនទាំងបរិមាណ និងគុណភាពនៃមន្ត្រីជំនាញ បុគ្គលិក សុខាភិបាល, គិលានុបដ្ឋាក និងឆ្មប ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋកម្ពុជា៕

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា