ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ ច្បាប់ស្តីពីការប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ឱ្យអស់​និងមិនឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ ច្បាប់ស្តីពីការប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ឱ្យអស់​និងមិនឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញឡើយ

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ៖ ច្បាប់ស្តីពីការប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា ជួយកម្ពុជាកម្ចាត់ឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា​ឱ្យអស់​និងមិនឱ្យឧក្រិដ្ឋកម្មនេះវិលត្រលប់មកវិញឡើយ

ភ្នំពេញ៖ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចូល​ជាធរមានហើយកាលពីម៉ោង ០០:០១ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦។ ជាមួយច្បាប់​ថ្មីនេះ សមត្ថកិច្ច និងអាជ្ញាធរកម្ពុជា បាន និងកំពុងជំរុញប្រតិបត្តិការ​បង្រ្កាប​ការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យានៅតាមបណ្តាមូលដ្ឋាន​ក្នុង​រាជធានី-ខេត្តទាំង២៥ ឱ្យកាន់តែមានភាពខ្លាំងក្លាឡើង ដើម្បីឱ្យយុទ្ធនា​ការរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ ទទួលបានជោគជ័យ។

Advertisement

នេះជាការបញ្ជាក់របស់ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈ​កម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. ដែលឯកឧត្តមបានថ្លែង ក្នុងឱកាស អញ្ជើញ​ជាអធីបតី ដឹកនាំកិច្ចប្រជុំផ្សព្វផ្សព្វផ្សាយវឌ្ឍនភាពនៃយុទ្ធនាការបោស​សម្អាតបទល្មើសបច្ចេកវិទ្យា និង«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា» ជូនដល់ឯកអគ្គរដ្ឋទូត តំណាងអង្គទូត សហភាពអឺរ៉ុប និងអង្គការអន្តរជាតិប្រចាំកម្ពុជា សរុបចំនួន ៥៥រូប នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការអន្តរជាតិ។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា កិច្ចសហ​ប្រតិបត្តិការអន្តរជាតិ គឺជាសសរស្តម្ភមួយដ៏សំខាន់ក្នុងការ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការអនុវត្តច្បាប់ចំពោះបទល្មើស​ឆបោកអនឡាញ ដែលជាប្រភេទឧក្រិដ្ឋកម្មឆ្លងដែន មានបណ្តាញ និងអង្គការចាត់តាំងស្មុគស្មាញ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានរំលេច​ផងដែរថា កិច្ចសហប្រតិបត្តិការរបស់បណ្តា​អង្គទូត និងដៃគូសហ​ប្រតិបត្តិ​ការ​នាពេលកន្លងមក បានរួមចំណែកសំខាន់ដល់យុទ្ធនា​ការរបស់រាជរដ្ឋាភិបាលកម្ពុជា​ដើម្បី​បោសសម្អាតបទល្មើស ឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យា ឬស្កេម អនឡាញ(Online scam) ដែលទទួល​បានលទ្ធផលជាផ្លែផ្កា​គួរជាទីមោទនក្នុងរយៈពេល៩ខែចុងក្រោយនេះ។

ឯកឧត្តមសន្តិបណ្ឌិត បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនជានិច្ច ហើយតែងតែ​បានទទួលយកការសហការ និងសំណូពររបស់​បណ្តាស្ថាន​ទូតនានាជុំវិញ​ករណី online scamនេះ ដើម្បីរួមគ្នាលុបបំបាត់ពើឆបោកតាម​បច្ចេកវិទ្យា​នេះឱ្យមានប្រសិទ្ធភាព ខណៈដែល​បញ្ហានេះជាបញ្ហា​រួមរបស់សកលោក។ ជាមួយគ្នានេះ កម្ពុជាបានថ្លែងអំណរគុណ​ជូន​ដល់បណ្តាអង្គទូត អង្គការអន្តរជាតិ ភ្នាក់ងារអន្តរជាតិ និងដៃគូសហ​ប្រតិបត្តិការទាំងអស់ ដែលកន្លងមកតែងតែជួយគាំទ្រ និងផ្តល់កិច្ច​សហ​ប្រតិបត្តិការ​យ៉ាងល្អទាំង​ផ្នែកបច្ចេកទេស ទាំងផ្នែកប្រតិបត្តិការ ទាំង​ផ្នែកនី​​តិវិធីច្បាប់ នៅក្នុងការអនុវត្តយុទ្ធនាការបោសសម្អាតការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ដល់រាជរដ្ឋាភិបាលកម្ពុជា, គណៈកម្មការចំពោះ​កិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងរយៈកាលកន្លងមក។

ឯកឧត្តម ក៏បានបានវាយតម្លៃខ្ពស់ផងដែរចំពោះ ស្ថានទូតសហរដ្ឋអា​ម៉េរិក​ និង ស្ថានទូតចិន ដែលបានសហការ​យ៉ាងល្អតាម​រយៈភ្នាក់ងារ​ជំនាញដូចជា FBI, Homeland Security និង ក្រសួងសន្តិសុខ​សាធារណៈចិន រួមចំណែកដល់ការស៊ើបអង្កេត និងការធ្វើកោសល​វិច័យ។

ឯកឧត្តមបន្តថា តាមរយៈការដាក់ចេញនូវច្បាប់ថ្មីនេះ និងការបើក​ចំហកិច្ចសហប្រតិបត្តិការអន្តរជាតិ កម្ពុជាបង្ហាញទៅ​កាន់​ពិភពលោក​នូវការទទួលខុសត្រូវខ្ពស់ក្នុងការលុបបំបាត់រាល់ទម្រង់ នៃឧក្រិដ្ឋកម្ម​បច្ចេកវិទ្យា ដើម្បីការពារផលប្រយោជន៍ពលរដ្ឋ​ខ្លួន និងសហគមន៍​អន្តរជាតិ​ឡើងវិញ។ ការប្រើប្រាស់កម្លាំងសរុបនៅទូទាំងប្រទេស ជាមួយឆន្ទៈឥតដកថយរបស់រាជរដ្ឋាភិបាល គឺជាសក្ខីភាពឆ្លុះ​បញ្ចាំង​ពីការបេ្តជ្ញាចិត្តដ៏មោះមុត ដើម្បីធានាថាឧក្រិដ្ឋកម្មឆ្លងដែននេះ នឹងមិន​វិលត្រឡប់មកកម្ពុជាវិញឡើយ។

‎ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើដល់ ឯកអគ្គរដ្ឋទូត តំណាង​អង្គទូត និងអង្គការអន្តរជាតិដែលមានវត្តមានក្នុងកិច្ចប្រជុំ ឱ្យចូលរួម​ជំរុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នេះឱ្យបានទូលំទូលាយដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ដើម្បីបង្កើន​​ការប្រុងប្រយ័ត្ន និងការពារប្រជាពលរដ្ឋ កុំឱ្យធ្លាក់ក្នុង​ឧបាយកលនៃ​ការឆបោកតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានឆ្លៀតយកឱកាសនោះអំពាវនាវដល់​អ្នកដែល​បានជ្រុលខ្លួនធ្លាក់ក្នុង​សកម្មភាពឆបោកជាមួយក្រុម​ឧក្រិដ្ឋជន ឬមានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវចេញ​មក​សារភាព និងចូលរួមផ្តល់ព័ត៌មានជូនសមត្ថកិច្ច ដើម្បីឈានទៅវែក​មុខក្រុមមេខ្លោង និងបក្ខពួក ព្រមទាំងផ្តល់កិច្ចសហការជាមួយអាជ្ញាធរ​ដើម្បីពង្រឹងសណ្តាប់ធ្នាប់ និងសន្តិសុខ​សង្គម។ ដោយឡែកចំពោះម្ចាស់ផ្ទះ ឬអគារ ត្រូវមានស្មារតីម្ចាស់ការខ្ពស់ មិនត្រូវជឿតាមការអូសទាញ ឬយល់ព្រមជួលអគារ និងផ្ទះសម្បែង ទៅឱ្យក្រុមឧក្រិដ្ឋជនសម្រាប់ប្រើប្រាស់ជាទីតាំងប្រព្រឹត្តបទល្មើសឡើយ‎ ‎ដើម្បីចូលរួមកម្ចាត់រាល់សកម្មភាព​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ឱ្យអស់​ពីកម្ពុជា។

‎កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញពី​តំណាង​ក្រសួងយុត្តិធម៌ ដែលផ្តោតការពន្យល់លម្អិតលើខ្លឹមសារ​សំខាន់ៗ នៃ«ច្បាប់ស្តីពីការប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»ជូនដល់អង្គប្រជុំទាំងមូល រាប់បញ្ចូលទាំងទិដ្ឋភាពសំខាន់ៗ​និងលក្ខណៈពិសេសនៃ​ច្បាប់ថ្មីនេះ។ ស្របជាមួយការលើកឡើងជាសំណួរដែលសុទ្ធសឹងមានសារៈសំខាន់ សម្រាប់ការស្វែង​យល់ស៊ីជម្រៅពីសំណាក់អង្គប្រជុំយ៉ាងផុលផុស ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត និងអង្គការអន្តរជាតិ ក៏បានបង្ហាញការ​សាទរ​ដល់ប្រទេសកម្ពុជាយ៉ាងខ្លាំងចំពោះលទ្ធផល និងវឌ្ឍនភាពនៃ​ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាពិសេសស​ការដាក់ឱ្យអនុវត្តច្បាប់ថ្មីក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាន៥ជំពូក និង២៤មាត្រា ។ ជាមួយច្បាប់ នេះ បទ ល្មើស ព្រហ្មទណ្ឌថ្មី ចំនួន ៥ ត្រូវ បាន បង្កើត ឡើង ដើម្បី ធានាដល់ប្រសិទ្ធភាព ក្នុងការ អនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្ត​អំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួន​នានារបស់អ្នកដទៃ និង៥- ការ បង្កើត ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទល្មើសទាំងនេះបានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារខ្ពស់បំផុតរហូតដល់ ១ ជីវិត និងពិន័យជាប្រាក់ដល់ទៅ ១ ០០០ លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ ៕
ដោយ៖ង៉ាន ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា