ប្រធាននាយកប្រតិបត្តិ AirAsia Cambodia បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់សហគ្រិនកម្ពុជា ក្នុងការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព ក្នុងមហាសន្និបាតជាតិ YEAC ឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធាននាយកប្រតិបត្តិ AirAsia Cambodia បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់សហគ្រិនកម្ពុជា ក្នុងការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព ក្នុងមហាសន្និបាតជាតិ YEAC ឆ្នាំ ២០២៦

ប្រធាននាយកប្រតិបត្តិ AirAsia Cambodia បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់សហគ្រិនកម្ពុជា ក្នុងការឆ្ពោះទៅរកកំណើនប្រកបដោយចីរភាព ក្នុងមហាសន្និបាតជាតិ YEAC ឆ្នាំ ២០២៦

ភ្នំពេញ៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតជាតិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC National Convention 2026) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប ។ ក្នុងមហាសន្និបាតនោះ លោក ណម វិស្សុត បានចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនៃវិស័យធុរកិច្ចកម្ពុជា ដោយផ្តល់អនុសាសន៍ឱ្យសហគ្រិនផ្លាស់ប្តូរឥរិយាបថពី «អ្នកតស៊ូត្រឹមតែដើម្បីរស់ (Survivor)» ដែលផ្តោតតែលើប្រតិបត្តិការប្រចាំថ្ងៃទៅជា «អ្នកស្ថាបនា (Architects) » ដែលជាអ្នករៀបចំគម្រោង និងមានឥទ្ធិពលយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។
ក្នុងបទបង្ហាញក្រោមប្រធានបទ ” ការកសាងអាជីវកម្មក្នុងស្ថានភាពលំបាក៖ របៀបដែលសហគ្រិនអាចរៀបចំប្រព័ន្ធសេដ្ឋកិច្ច ” ។ លោក ណម វិស្សុត បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍ។ លោកបានណែនាំនូវគោលការណ៍ “ការគិតជាពីរបែប (Dual Thinking)” ដែលជាសមត្ថភាពដ៏សំខាន់ក្នុងការផ្តោតលើប្រាក់ចំណេញផង ការយល់ដឹងពីប្រព័ន្ធច្បាប់ និងសេដ្ឋកិច្ចក្នុងតំបន់ផង។ លោកបានសង្កត់ធ្ងន់ថា ដើម្បីឱ្យអាជីវកម្មកម្ពុជា រីកចម្រើន ប្រកបដោយចីរភាពសហគ្រិនត្រូវផ្តោតសំខាន់លើជំនាញឯកទេសច្បាស់លាស់ ជាមួយនឹងនិរន្តរភាពរយៈពេលវែង ជាជាងការពង្រីកខ្លួនឱ្យធំក្នុងរយៈពេលខ្លី ប៉ុន្តែខ្វះមូលដ្ឋានគ្រឹះរឹងមាំ។
មហាសន្និបាតនេះ ក៏ជាវេទិកាដ៏សំខាន់សម្រាប់ការចុះហត្ថលេខា ជាផ្លូវការលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) រវាង AirAsia Cambodia និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ផងដែរ។ តាមរយៈភាពជាដៃគូនេះ នឹងបើកផ្លូវឱ្យសហគ្រិនក្នុងស្រុកទទួលបានបណ្តាញទំនាក់ទំនង និងធនធានក្នុងតំបន់ឱ្យកាន់តែសម្បូរបែប ដែលផ្តោតសំខាន់លើការជួយ ជ្រោមជ្រែងដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យមានលទ្ធភាពពេញលេញ ក្នុងការប្រកួតប្រជែង លើទីផ្សារអាស៊ាន។

Advertisement

វេទិកានេះ ក៏បានបង្ហាញនូវសមិទ្ធផលជាតិសំខាន់ៗជាច្រើនរួមមាន ការដាក់ឱ្យដំណើរការកម្មវិធី “លទ្ធភាពទទួលបានហិរញ្ញប្បទានលើកទី៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងពិធីប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមចំនួន ២០០រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធីឌីជីថល សម្រាប់សហគ្រាស ធុនតូចបំផុត តូច និងមធ្យម (MSME Digital Program) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ជាកិច្ចបញ្ចប់ ពិធីផ្ទេរតំណែងប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសម្រាប់អាណត្តិឆ្នាំ ២០២៧-២០២៩ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី។

ដើម្បីឆ្លុះបញ្ចាំងពីការរក្សានិរន្តរភាពនៃការប្រកួតប្រជែង លោក ណម វិស្សុត បានគូសបញ្ជាក់ថា ភាពជោគជ័យមិនមែនកើតឡើងត្រឹមតែពីទេពកោសល្យពីកំណើត ឬមហិច្ឆតានោះទេ។ លោកបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំលើគោលការណ៍ គ្រឹះសំខាន់ៗទាំង៤រួមមាន៖ ការហ្វឹកហាត់ដ៏ច្បាស់លាស់ដើម្បីទទួលបានសមត្ថភាពពិតប្រាកដ, សមត្ថភាពឆ្លងកាត់ឧបសគ្គប្រកបដោយភាពធន់, ការផ្លាស់ប្តូរទម្លាប់ដើម្បីទទួលបានបំណិនជីវិតដែលមានវិន័យ និងរបៀបគិតដែលបត់បែនគ្រប់កាលៈទេសៈ។

លោក ណម វិស្សុត បានបញ្ចប់បទបង្ហាញនេះ ដោយលើកឡើងថា អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoC) ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) គឺតំណាងឱ្យជំហានអនុវត្តដ៏សំខាន់មួយ ក្នុងការជួយលើកកម្ពស់សមត្ថភាព សហគ្រិនក្នុងស្រុកឱ្យអភិវឌ្ឍជំនាញសំខាន់ៗទាំងនេះបាន។ ហើយលោកក៏បានរំលឹកបន្ថែមថា “អ្នកដឹកនាំដែលបោះបង់នៅពេល ប្រឈមបញ្ហាដំបូង នឹងមិនអាចរៀនពីរបៀបគ្រប់គ្រង និងឈានទៅរកជោគជ័យបានឡើយ” ។ កិច្ចសហការនេះ គឺជាការប្តេជ្ញាចិត្តរួម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឱ្យកាន់តែមានភាពធន់ មានសមាហរណកម្មឌីជីថល និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ក្នុងតំបន់ដើម្បីអនាគតនៃប្រទេសកម្ពុជា ៕

សម្រួលអត្ថបទ ៖ គង់ សុផុល
រូបភាព ៖ AirAsia Cambodia

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា