Moody's ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជាពីអវិជ្ជមានទៅ​ស្ថិរភាព ក្រោយអាមេរិកលើកលែងពន្ធ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Moody's ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជាពីអវិជ្ជមានទៅ​ស្ថិរភាព ក្រោយអាមេរិកលើកលែងពន្ធ

Moody's ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជាពីអវិជ្ជមានទៅ​ស្ថិរភាព ក្រោយអាមេរិកលើកលែងពន្ធ

ភ្នំពេញ៖ទីភ្នាក់ងារវាយតម្លៃ Moody’s បានកែប្រែទស្សនៈវិស័យរបស់ខ្លួន​ចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមានទៅជាស្ថិរភាព បន្ទាប់ពីសហរដ្ឋអាម៉េរិកបានលើកលែងពន្ធមួយចំនួនសម្រាប់ទំនិញនាំចូលពីកម្ពុជា។
ខណៈដែលសហរដ្ឋអាម៉េរិកដាក់សម្ពាធពន្ធលើ​ទំនិញ​នាំ​ចូលពីកម្ពុជា​កាល​ពីឆ្នាំកន្លងទៅ Moody’s ដែលជាស្ថាប័នវាយតម្លៃមួយរបស់ពិភពលោក បានបង្ហាញទស្សនៈវិស័យចំពោះកម្ពុជាអវិជ្ជមាន។

Advertisement

លោក ង៉ែត ជូ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ យល់ឃើញថាការកែប្រែ​ទស្សនៈ​វិស័យនេះ គឺពឹងផ្អែកលើកម្រិតបំណុល និងលទ្ធភាពសងបំណុល​របស់កម្ពុជា។

លោកបញ្ជាក់«មានន័យថាកម្រិតបំណុលរបស់កម្ពុជា នៅមានកម្រិតទាប​នៅឡើយ និងមានលទ្ធភាពសងទៅម្ចាស់បំណុលបាន។ ជារួមអាចផ្ដល់​នូវទំនុកចិត្តអ្នកវិនិយោគបរទេសមកវិនិយោគនៅកម្ពុជា»។
Moody’s ពន្យល់ថាការកែប្រែទស្សនៈវិស័យរបស់ខ្លួនដោយសារខ្លួន​យល់ថា​រដ្ឋាភិបាលកម្ពុជាធ្វើបានល្អក្នុងការគ្រប់គ្រងបំណុល ហើយសេដ្ឋកិច្ចជាតិ​នៅតែបន្តរីកចម្រើនក្នុងរង្វង់ ៤,៥ភាគរយ បើទោះជាទំនិញនៅលើពិភព​លោកឡើងថ្លៃក៏ដោយ។ បន្ថែមពីនេះ Moody’s បានបញ្ជាក់ថា កម្ពុជានៅ​មានប្រាក់បម្រុងអន្តរជាតិច្រើនគ្រាន់បើដែលអាចជួយធានាដល់ការបញ្ជាទិញទំនិញពីក្រៅប្រទេស និងជួយឱ្យតម្លៃលុយខ្មែរនៅមានលំនឹងល្អ។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ដ្បិតសេដ្ឋកិច្ច​កម្ពុជា រងនូវសម្ពាធជាច្រើន ប៉ុន្តែកម្ពុជា នៅតែអាចគ្រប់គ្រងបំណុលល្អ​ប្រសើរទំាងបំណុលឯកជន និងបំណុលសាធារណៈ។
បណ្ឌិតបញ្ជាក់ថា «បំណុលសារណៈយើងនៅចន្លោះ១៨ទៅ២០​ភាគរយ​នៅឡើយ ។អ៊ីចឹងវាអត់ទាន់ដល់ពិដានទេ។ ទាំងកម្ចីរូបវ័ន្តបុគ្គល និង​សារណៈ យើងនៅមានសុខភាពល្អ»។

បើតាមរបាយការណ៍ចុងក្រោយពីធនាគារពិភពលោកកាលពីខែមករា ឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថយល្បឿនបន្តិចមកត្រឹម ៤,៣ភាគរយ ដែលតួលេខនេះស្របទៅនឹងការព្រមានរបស់ Moody’s ដែរ។ មូលហេតុធំដែលធ្វើឱ្យសេដ្ឋកិច្ចដើរយឺតជាងមុន គឺដោយសារវិស័យដីធ្លី និងផ្ទះសម្បែងនៅតែបន្តស្ងប់ស្ងាត់យូរជាងការរំពឹងទុក រួមទាំងការធ្លាក់ចុះ​នៃលុយកាក់ដែលពលករខ្មែរនៅក្រៅប្រទេសផ្ញើមកផ្ទះ ដែលកាលពីមុនគឺជា​ប្រភព​ចំណូលដ៏សំខាន់សម្រាប់ជួយដល់ការចាយវាយក្នុងស្រុក។
ទោះបី​ជា​មើលឃើញចំណុចល្អខ្លះក៏ដោយ Moody’s ក៏បានដាក់សញ្ញា​ប្រុងប្រយ័ត្នថា ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជានៅតែមានចំណុចងាយរងគ្រោះ។ គ្រោះថ្នាក់ធំបំផុត គឺការកើនឡើងនៃបំណុលវ័ណ្ឌក ឬការជំពាក់លុយ​ធនាគារដែលសងមិនរួចនៅក្នុងវិស័យដីធ្លី និងផ្ទះសម្បែង រួមជាមួយ​ការរារែកចិត្ត​របស់អ្នកវិនិយោគបរទេសក្នុងការចាក់លុយចូលស្រុកខ្មែរ។ កត្តាទាំងនេះហើយ ដែលនៅតែជារបាំង ធ្វើឱ្យកម្ពុជាមិនទាន់អាចដំឡើងពិន្ទុ ឬចំណាត់ថ្នាក់សេដ្ឋកិច្ចឱ្យខ្ពស់ជាងកម្រិត B2 បាននៅឡើយ៕
ដោយ៖ខន ណារី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា