ទេសចរសិង្ហបុរីអាចទូទាត់ថ្លៃចំណាយនៅកម្ពុជាតាមរយៈការស្កេន KHQR ដូចអ្នកក្នុងស្រុកដែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទេសចរសិង្ហបុរីអាចទូទាត់ថ្លៃចំណាយនៅកម្ពុជាតាមរយៈការស្កេន KHQR ដូចអ្នកក្នុងស្រុកដែរ

ទេសចរសិង្ហបុរីអាចទូទាត់ថ្លៃចំណាយនៅកម្ពុជាតាមរយៈការស្កេន KHQR ដូចអ្នកក្នុងស្រុកដែរ

ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន Liquid Group និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី ប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ពីដាក់ឱ្យដំណើរការជាផ្លូវការ នូវជំហានទី២ នៃការតភ្ជាប់ប្រព័ន្ធទូទាត់បង់ប្រាក់តាមរយៈ QR Code ឆ្លងដែន រវាងប្រទេសកម្ពុជា និងសិង្ហបុរី ដោយមានការគាំទ្រពីធនាគារក្នុងស្រុកចំនួនពីរ គឺធនាគារអេស៊ីលីដា និងធនាគារហ្វីលីព។

Advertisement

លោកជំទាវ ជា សិរី ទេសសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការជំហានទី២នេះ ធ្វើឡើងបន្ទាប់ពីមើលឃើញភាពវិជ្ជមាននៃការអនុវត្តជំហានទី១ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យអ្នកធ្វើដំណើរពីកម្ពុជា អាចប្រើប្រាស់ Scan QR Code ក្នុងបណ្តាញ RoamQR របស់ក្រុមហ៊ុន Liquid Group នៅប្រទេសសិង្ហបុរី ដោយប្រើប្រាស់គណនីប្រាក់រៀលក្នុងប្រព័ន្ធបាគង។

លោកជំទាវបន្តថា ស្ថិតក្រោមពាក្យស្លោក «ស្កេនក្នុងស្រុក ទូទាត់សកល» ដំណើរការ នៃជំហានទី២នេះ អនុញ្ញាតឱ្យភ្ញៀវទេសចរសិង្ហបុរី អាចទូទាត់ប្រាក់ ដោយប្រើប្រាស់កម្មវិធីទូទាត់តាមទូរស័ព្ទដៃរបស់ពួកគេដោយផ្ទាល់។ ជារួម QR ឆ្លងដែននឹងជួយសម្រួលដល់ការទូទាត់សម្រាប់អ្នកធ្វើដំណើរសិង្ហបុរី ក្នុងការទិញទំនិញ និងប្រើប្រាស់សេវាកម្មផ្សេងៗនៅកម្ពុជា ព្រមទាំងបង្កើនភាពងាយស្រួល សុវត្ថិភាព ជំរុញវិស័យទេសចរណ៍ ប្រសិទ្ធភាពអាជីវកម្ម ពង្រឹងរូបិយបណ្ណក្នុងស្រុក ក៏ដូចជាបង្កើនល្បឿនពេលធ្វើប្រតិបត្តិការ និងការសន្សំសំចៃចំណាយផងដែរ ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា ធនាគារអេស៊ីលីដា ត្រូវបានធនាគារជាតិនៃកម្ពុជាជ្រើសរើសឱ្យធ្វើជាធនាគារតំណាង (Sponsoring Bank) សម្រាប់គំនិតផ្តួចផ្តើមនៃការទូទាត់ QR ឆ្លងដែន ជាមួយសិង្ហបុរី ។ នេះគឺជាជំហានបន្តដ៏ជោគជ័យមួយរបស់អេស៊ីលីដា ក្នុងការតភ្ជាប់ QR ឆ្លងដែន ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត ដោយមានកិច្ចសហការពីដៃគូសំខាន់ៗ ។

ចំណែកលោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព បានថ្លែងថា ធនាគារ ហ្វីលីព ក៏បានក្លាយជាផ្នែកមួយ នៃដំណើរនៃការតភ្ជាប់រវាងមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ។ ការដាក់ឱ្យដំណើរការនេះ បានបញ្ជាក់ពីការផ្លាស់ប្តូរដ៏ធំមួយ ឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មអន្តរជាតិ ហើយការតភ្ជាប់នេះ ក៏ដើរតួជាកាតាលីករ សម្រាប់សមាហរណកម្មតំបន់ ឱ្យកាន់តែទូលំទូលាយ ។

លោក Chia Der Jiun នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានគូសបញ្ជាក់ថា ដំណើរការនៃជំហានទី២នេះ ជំរុញឱ្យកម្ពុជា និងសិង្ហបុរី បង្កើតបានការតភ្ជាប់ប្រព័ន្ធទូទាត់ QR ឆ្លងដែនទ្វេភាគី ដោយពេញលេញជាផ្លូវការ។ ចាប់ពីពេលនេះតទៅ អ្នកធ្វើដំណើរសិង្ហបុរីអាចដើរកម្សាន្តនៅកម្ពុជា ដោយមិនចាំបាច់ប្រើសាច់ប្រាក់សុទ្ធនោះទេ ពោល គឺគ្រាន់តែប្រើ KHQR Scan តាមរយៈកម្មវិធីទូទាត់តាមទូរស័ព្ទដៃដែលខ្លួនមានជាការស្រេច ។

គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យដំណើរការការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយបណ្ដាប្រទេសនានាជាច្រើន ប្រកបដោយភាពជោគជ័យ ក្នុងនោះរួមមាន៖ ចិន វៀតណាម ឡាវ ម៉ាឡេស៊ី កូរ៉េ ជប៉ុន និងថៃជាដើម ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា