នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង

នាយករដ្ឋមន្ត្រីបញ្ជាឱ្យវែកមុខអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបាត់ដំបង

បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជនលើបណ្ដាញសង្គម ពាក់ព័ន្ធនឹងសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តបាត់ដំបង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកជនបង្កមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។

Advertisement

នៅក្នុងសារមួយ ដែលបង្ហោះលើបណ្តាញសង្គមផ្លូវការកាលពីព្រឹកថ្ងៃទី៣១ ខែមីនានេះ សម្ដេចបវរធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាដោយផ្ទាល់ទៅកាន់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីវែកមុខអ្នកបើកបររថយន្តពិតប្រាកដ ដែលបានបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៦នាក់ រួមទាំងទារកក្នុងផ្ទៃ កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅស្រុកមោងឫស្សី ហើយបានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។

ពាក់ព័ន្ធនឹងមតិសាធារណជនដែលបារម្ភថា ជនបង្កអាចនឹងរួចខ្លួនដោយសារមានខ្នងបង្អែកជាមន្ត្រី សម្ដេចធិបតីបានធានាអះអាងថា ច្បាប់នឹងត្រូវអនុវត្តយ៉ាងតឹងរឹងបំផុត ដោយគ្មានការលើកលែងឡើយ ចំពោះអ្នកដែលបើកបរមិនគោរពច្បាប់ ឬបើកបរក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃ។

ជាមួយគ្នានេះ សម្ដេចធិបតីបានសម្ដែងការសោកស្ដាយ និងចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារសពនៃជនរងគ្រោះទាំង ៦នាក់ ចំពោះការបាត់បង់ដ៏ធំធេងដែលបង្កឡើងដោយភាពខ្ជីខ្ជារបស់អ្នកបើកបររូបនោះ។

ម្ចាស់រថយន្តបង្កត្រូវបានគេសង្ស័យថាជាកូនប្រុសរបស់លោកស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំណែករថយន្តបង្កស៊េរីទំនើបម៉ាក Mercedes-Benz ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរក្នុងទិសដៅពីភ្នំពេញទៅបាត់ដំបង។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានចុះទៅដល់លំនៅឋានរបស់ម្ចាស់រថយន្ត ប៉ុន្តែយុវជនរូបនេះមិននៅផ្ទះឡើយ។ បច្ចុប្បន្ន សមត្ថកិច្ចបានចេញដីកាកោះហៅម្ចាស់រថយន្តបង្កឱ្យចូលខ្លួនមកបំភ្លឺជាកំហិត នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានលើកឡើងពីទិន្នន័យគួរឱ្យព្រួយបារម្ភថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន ២០២ករណី សម្លាប់មនុស្ស ១៧០នាក់ និងរបួស ៤១៧នាក់ ដែលទាមទារឱ្យមានការរឹតបន្តឹងច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។

ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកៀកនឹងមកដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការសំខាន់ៗ មួយចំនួន ដោយអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាទៅគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅស្រុកកំណើត ឬដើរកម្សាន្តនានា៕

ទួន សុផល + វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា