រាជរដ្ឋាភិបាលបន្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរយៈពេល២ឆ្នាំទៀត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រាជរដ្ឋាភិបាលបន្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរយៈពេល២ឆ្នាំទៀត

រាជរដ្ឋាភិបាលបន្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុរយៈពេល២ឆ្នាំទៀត

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំលើកទី ២៤ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ១៨ គម្រោង ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

Advertisement

គម្រោងទាំងនេះ រួមមាន៖ គម្រោងរោងចក្រផលិតចំណីសត្វ, គម្រោងបង្កើតសួនឧស្សាហកម្ម, គម្រោងអគារពហុមុខងារ, និងគម្រោងអគារសហកម្មសិទ្ធិ ក្រោមទុនវិនិយោគជាង ១៤៤ លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារថ្មីៗប្រមាណ ១ ០០០ កន្លែង ។

ឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ពោលគឺពីឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៦, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានអនុម័តផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤៦៧។

គម្រោងទាំងនោះមានទុនវិនិយោគប៉ាន់ស្មានជាង ៨ ពាន់លានដុល្លារ និងប៉ាន់ស្មានបង្កើតការងារជាង ៥ម៉ឺន ៥ពាន់ កន្លែង ក្នុងនោះមានគម្រោងពាក់ព័ន្ធអគារជាប់គាំង ចំនួន ២០៩ គម្រោង, គម្រោងថ្មី ចំនួន ២១៧, គម្រោងពង្រីក ចំនួន ២៦, និង គម្រោងមានស្រាប់ ចំនួន ១៥។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧ ជាមួយនឹងការដាក់ចេញវិធានការបន្ថែម ៤ ទៀត រួមមាន ៖ ការជំរុញការវិនិយោគក្នុងស្រុក, ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក, ការជំរុញការប្រើប្រាស់ និងការផ្ទេរជំនាញ/បច្ចេកវិទ្យា ដល់កម្លាំងពលកម្មក្នុងស្រុក និងចុងក្រោយ ការសម្របសម្រួលការបណ្តុះបណ្តាលជំនាញបន្ថែមដល់ភាគីពាក់ព័ន្ធ។

ទន្ទឹមនេះ, ក្រុមការងារបានបន្តសម្របសម្រួល និងជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ ឱ្យមកចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និង ពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្ម ក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ផ្តល់ការលើកទឹកចិត្តដល់ធុរជន និងវិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគ ដោយឥតគិតថ្លៃ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា