កម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស

កម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស

ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចាប់តាំងពីការចូលរួមជាមួយអាស៊ាន ក្នុងឆ្នាំ១៩៩៩ មក, កម្ពុជា បានខិតខំយ៉ាងសកម្ម ក្នុងការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការធ្វើទំនើបកម្មក្របខ័ណ្ឌគយ និងឡូជីស្ទីក ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូននូវភាពជាម្ចាស់កម្មសិទ្ធិ ១០០% ដល់វិនិយោគិនបរទេស និងបានធ្វើឌីជីថលូបនីយកម្មពេញលេញនូវបរិយាកាសគតិយុត្ត និងនីតិវិធី ហើយកម្ពុជា ប្តេជ្ញាចិត្តចំពោះរបៀបវារៈគាំទ្រធុរកិច្ច ដែលកាត់បន្ថយឧបសគ្គ និងបង្កើនល្បឿនទៅកាន់ទីផ្សារ ឱ្យបានជាអតិបរមា ។

Advertisement

ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំកំពូលធុរកិច្ច​អាស៊ាន​កម្ពុជា ឆ្នាំ២០២៦ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថារំហូររវិនិយោគចូលទៅក្នុងតំបន់អាស៊ាន បានកើនឡើង ៨.៥%ទៅដល់ទំហំ ២២៦ពាន់លានដុល្លារអាម៉េរិក ដែលជាលទ្ធផលផ្ទាល់កើតចេញពីការប្តេជ្ញាចិត្ត ចំពោះការធ្វើសមាហរណកម្ម និងការធ្វើសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងឌីជីថលក្នុងតំបន់។

សម្ដេចធិបតី បានបញ្ជាក់ថា ដើម្បីឱ្យប្រតិបត្តិការធុរកិច្ច អាចមានប្រសិទ្ធភាពចំណាយ និងភាពធន់យ៉ាងពិតប្រាកដបាន ទាមទារឱ្យមានការធ្វើពិពិកម្មមូលដ្ឋានធុរកិច្ចកម្ពុជា បំពេញបន្ថែមដល់មូលដ្ឋានឧស្សាហកម្ម ក្នុងប្រទេសជាសមាជិកអាស៊ាន ជាមួយនឹងការផ្តល់ជូននូវការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ ប្រកបដោយភាពរលូន និងការប្រើប្រាស់បច្ចេកវិទ្យា ។

សម្ដេច ហ៊ុន ម៉ាណែត បានបន្តថា គោលនយោបាយសេដ្ឋកិច្ចជាតិរបស់កម្ពុជា ត្រូវបានរៀបចំឡើងស្របតាមយុទ្ធសាស្តបញ្ចកោណ ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់រយៈពេល ២៥ឆ្នាំ ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ។ យុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើង ដោយឈរសសរស្ដម្ភចំនួន៥ រួមមាន ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា ។

កម្ពុជា បានផ្តល់អាទិភាពដល់បច្ចេកវិទ្យា ជាសមាសធាតុស្នូលនៃគោលនយោបាយជាតិ ដោយសារកំណើនដែលមានតម្លៃបន្ថែមខ្ពស់ មិនអាចបំបែកចេញពីភាពចាស់ទុំផ្នែកឌីជីថល (Digital Maturity) បានឡើយ។ បច្ចុប្បន្ន, កម្ពុជា បាន និងកំពុងអនុវត្តគម្រោង «បដិវត្តកម្មជំនាញ» ដ៏ធំមួយ តាមរយៈកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) សម្រាប់យុវជនចំនួន ១,៥លាននាក់ ។

ជាមួយគ្នានេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា ដោយមានកិច្ចសហការជាមួយមេដឹកនាំ ឧស្សាហកម្ម ដូចជា ក្រុមហ៊ុន Toyota, កម្ពុជា ធានាថា កម្លាំងពលកម្មរបស់យើង មិនត្រឹមតែត្រៀមខ្លួនរួចជាស្រេច ក្នុងការបំពេញការងារប៉ុណ្ណោះទ ប៉ុន្តែថែមទាំងអនុលោមតាមតម្រូវការ ក្នុងបដិវត្តន៍ឧស្សាហកម្មទី៤ ផងដែរ ។ កម្ពុជា ក៏កំពុងលុបគម្លាតរវាងទ្រឹស្តីសិក្សា និងស្តង់ដារឧស្សាហកម្ម ដើម្បីផ្ដល់ជូនវិស្វករ និងអ្នកជំនាញឯកទេសចាំបាច់ សម្រាប់រោងចក្រ និងគ្រឿងបរិក្ខារទំនើបរបស់វិនិយោគិន ។

គួរបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៥ លំហូរវិនិយោគផ្ទាល់ពីបរទេស​(FDI) មកកាន់ប្រទេសកម្ពុជា មាន​ទឹក​ប្រាក់​សរុប​ ៥,២ ពាន់លាន​ដុល្លារ កើន​ឡើង ១៨,២%បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុងនោះ​ប្រទេសចិន ​នៅតែបន្តនាំមុខក្នុងការវិនិយោគនៅកម្ពុជា ដែល​មាន​ ៧៣% នៃលំហូរវិនិយោគសរុប បន្ទាប់មកសិង្ហបុរី ៧%, កូរ៉េខាងត្បូង ៤%, កាណាដា ៤%, ម៉ាឡេស៊ី ៣% និងផ្សេង​ៗ ៩% ។ នេះយោង​តាម​របាយការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា ​(NBC) ។

បើតាមអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បាន​ប្រាប់​ AMS ​​ថា កំណើន​ការ​វិនិយោគ​ផ្ទាល់​បរទេសនៅ​​កម្ពុជា គឺឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃការអនុម័តគម្រោងវិនិយោគ​ជាង ៦០០ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ឆ្នាំ​២០២៥​ ។ កំណើននេះ បានបញ្ជាក់​ពី​ទំនុក​ចិត្តរបស់​វិនិយោគិន​បរទេស ​ចំពោះ​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា ច្បាប់​វិនិយោគ​អំណោយផល សម្បូរ​កម្លាំង​ពលកម្ម​ជំនាញ និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ល្អ​ប្រសើរ ​។ បន្ថែម​លើ​នេះ ​ទំនិញ​កម្ពុជា ​ក៏​មាន​ប្រទេស​ជាច្រើន ​ទទួល​ទិញ​ក្រោម​​លក្ខខណ្ឌពិសេស​ផ្នែក​ពន្ធ​គយផងដែរ ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា