ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់នៅកម្ពុជាថយចុះ ៨៤% បើធៀបនឹងឆ្នាំ២០២៤

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់នៅកម្ពុជាថយចុះ ៨៤% បើធៀបនឹងឆ្នាំ២០២៤

ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់នៅកម្ពុជាថយចុះ ៨៤% បើធៀបនឹងឆ្នាំ២០២៤

ការអនុវត្តផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា ឆ្នាំ២០១១-២០២៥ គឺសម្រេចបានជោគជ័យតាមផែនការកំណត់។ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ករណីជំងឺគ្រុនចាញ់បានថយចុះ ៩៥%។ ដោយឡែក ក្នុងឆ្នាំ២០២៥ ករណីឆ្លងជំងឺគ្រុនចាញ់ក្នុងស្រុកថយចុះ ៨៤% ធៀបនឹងឆ្នាំ២០២៤ (ពី ៣២២ ករណី ចុះមក ៥២ ករណី) និងរក្សាបានគ្មានករណីស្លាប់។

Advertisement

យោងតាមលោក វេជ្ជ ស៊ីវ សុវណ្ណារ័ត្ន ប្រធានការិយាល័យបច្ចេកទេស កម្ពុជាបានរកឃើញករណីនាំចូលពីក្រៅប្រទេសចំនួន ៥៥នាក់ គឺកើនឡើងជិត២ដង បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន៣៣នាក់។ ករណីនាំចូលទាំងនេះ មាន ៦៧%មកពីប្រទេសអាហ្វ្រិក, ២៧% មកពីប្រទេសថៃ, ២%មកពីប្រទេសវៀតណាម,២%មកពីប្រទេសកូរ៉េខាងត្បូង និង២%មកពីប្រទេសអាល្លឺម៉ង់។

ក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ថា ក្នុងចំណោមសមិទ្ធផលសម្រេចបាននៅឆ្នាំកន្លងមក គឺមានចំណុចគន្លឹះជោគជ័យមួយចំនួនដែលបានមកពីការដឹកនាំ និងការគាំទ្រយ៉ាងមាំមួនពីថ្នាក់ដឹកនាំ ដែលបានផ្តល់ទិសដៅច្បាស់លាស់ និងការណែនាំជាប់លាប់ ស្របជាមួយការសម្របសម្រួល និងសហការល្អពហុវិស័យ រវាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់។

ជាមួយគ្នានេះ ប្រព័ន្ធតាមដាន និងព័ត៌មានជំងឺដែលមានប្រសិទ្ធភាពខ្ពស់ បានអនុញ្ញាតឱ្យការរាយការណ៍ អង្កេត និងឆ្លើយតបទាន់ពេល ខណៈដែលការគ្រប់គ្រងករណី និងសេវាសុខាភិបាលដែលមានការគ្របដណ្តប ទូលំទូលាយ បានធានាការរកឃើញ និងព្យាបាលជំងឺបានត្រឹមត្រូវ ទោះនៅតំបន់ដាច់ស្រយាលក៏ដោយ។
លោកបណ្ឌិត បានបន្ថែមថា ការឆ្លើយតបរហ័ស និងការអនុវត្តយុទ្ធនាការបុរេសកម្ម ៦០ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លងចុងក្រោយ បានជួយកាត់បន្ថយហានិភ័យនៃការចម្លងយ៉ាងមានប្រសិទ្ធភាព។ ការចូលរួមសកម្ម និងការយល់ដឹងរបស់សហគមន៍ រួមនឹងការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់របស់ក្រុមការងារ បានក្លាយជាគ្រឹះសំខាន់នៃភាពជោគជ័យ ខណៈដែលការរៀបចំយុទ្ធសាស្ត្របន្ត និងចក្ខុវិស័យវែងឆ្ងាយ បានធានាចីរភាពនៃសមិទ្ធផល «គ្មានជំងឺគ្រុនចាញ់» នៅកម្ពុជា។

ជាមួយគ្នានោះដែរ លោកបណ្ឌិត ហ៊ុយ រ៉េកុល ក៏បានដាក់ចេញនូវធាតុចូលជាទស្សនៈទាន សំដៅពង្រឹងប្រសិទ្ធភាពការងារ និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញក្នុងកម្ពុជា ឆ្នាំ២០២៦-២០៣៥ ៕

ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ

ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា