អាមេរិក ផ្តើមពង្រាយយន្តហោះចម្បាំងជាអចិន្ត្រៃយ៍នៅ ជប៉ុន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ផ្តើមពង្រាយយន្តហោះចម្បាំងជាអចិន្ត្រៃយ៍នៅ ជប៉ុន

អាមេរិក ផ្តើមពង្រាយយន្តហោះចម្បាំងជាអចិន្ត្រៃយ៍នៅ ជប៉ុន

វ៉ាស៊ីនតោន ៖ យោធាអាមេរិកចាប់ផ្តើមដាក់ពង្រាយយន្តហោះចម្បាំងប្រភេទថ្មី F-15EX ជាអចិន្ត្រៃយ៍ នៅមូលដ្ឋានទ័ពអាកាស កាដេណា នៃប្រជុំកោះអូគីណាវ៉ា ភាគនិរតីប្រទេសជប៉ុន ដើម្បីជំនួសយន្តហោះចម្បាំងចាស់ៗប្រភេទ F-15C/D ដែលកំពុងប្រើប្រាស់នៅមូលដ្ឋាននេះសព្វថ្ងៃ ។

បើតាម Kyodo, ការដាក់ពង្រាយនេះ គឺជាលើកដំបូងដែលយោធាអាមេរិកបានដាក់ប្រចាំការយន្តហោះចម្បាំងប្រភេទ F-15EX ជាអចិន្ត្រៃយ៍នៅមូលដ្ឋានយោធាមួយនៅក្រៅទឹកដីសហរដ្ឋអាមេរិក ។

ការដាក់ពង្រាយយន្តហោះចម្បាំង F-15EX នេះទៀតសោត នឹងធ្វើឱ្យមូលដ្ឋានទ័ពអាកាសរបស់ប្រទេសជប៉ុនមួយនេះ មានវត្តមានយន្តហោះចម្បាំងអាមេរិកប្រចាំការជាអចិន្ត្រៃយ៍ឡើងវិញ ខណៈយោធាអាមេរិកគ្រោងដាក់យន្តហោះ F-15EX សរុបចំនួន ៣៦ គ្រឿងនៅទីនោះ ។

យោងតាមកាសែត Nikkei, យន្តហោះចម្បាំង F-15EX របស់អាមេរិក អាចផ្ទុកអាវុធបានទម្ងន់ជាង ១៣ តោន តួលេខនេះកើនឡើងខ្លាំង បើធៀបនឹងយន្តហោះចម្បាំងជំនាន់មុនៗ ។ យន្តហោះចម្បាំងប្រភេទនេះ ក៏មានសមត្ថភាពផ្ទុកមីស៊ីលរយៈចម្ងាយឆ្ងាយបានផងដែរ ។

សូមរម្លឹកថា ចាប់តាំងពីឆ្នាំ២០២២មក យោធាអាមេរិកបានដាក់ពង្រាយយន្តហោះចម្បាំង F-22, F-35 និងប្រភេទផ្សេងទៀតជាបណ្តោះអាសន្ននៅមូលដ្ឋានទ័ពអាកាស កាដេណា ខណៈដែលយន្តហោះចម្បាំង F-15 ស៊េរីចាស់ៗត្រូវបានដកចេញជាដំណាក់កាលៗ ។

យ៉ាងណា វត្តមានយោធាអាមេរិកនៅខេត្តអូគីណាវ៉ា បានបង្កការព្រួយបារម្ភជាយូរមកហើយ ក្នុងចំណោមប្រជាពលរដ្ឋក្នុងតំបន់ ដោយសារពួកគេបារម្ភថា ការបង្កើនសកម្មភាពយោធាអាចធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង ។

បញ្ហាផ្សេងទៀត ដូចជាសំឡេងរំខានពីយន្តហោះ និងបទល្មើសដែលប្រព្រឹត្តដោយបុគ្គលិកយោធាអាមេរិក ក៏បានបន្តបង្កការមិនពេញចិត្តដល់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ៕

ប្រភព ៖ Kyodo និង Nikkei ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា