យុទ្ធសាស្ត្រវាយបករបស់កម្ពុជាលើបញ្ហាព្រំដែន ៖ ពីតុចរចាទ្វេភាគីដែលជាប់គាំង ទៅកាន់វេទិកាអន្តរជាតិដ៏ខ្ទរខ្ទារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធសាស្ត្រវាយបករបស់កម្ពុជាលើបញ្ហាព្រំដែន ៖ ពីតុចរចាទ្វេភាគីដែលជាប់គាំង ទៅកាន់វេទិកាអន្តរជាតិដ៏ខ្ទរខ្ទារ

យុទ្ធសាស្ត្រវាយបករបស់កម្ពុជាលើបញ្ហាព្រំដែន ៖ ពីតុចរចាទ្វេភាគីដែលជាប់គាំង ទៅកាន់វេទិកាអន្តរជាតិដ៏ខ្ទរខ្ទារ

ការតស៊ូមតិផ្នែកនយោបាយ និងការទូតរបស់កម្ពុជាលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល បានឈានដល់របត់ថ្មីមួយទៀត ដែលឆ្លុះបញ្ចាំងពីការយកបញ្ហាឈ្លានពាន និងការរំលោភបំពានអធិបតេយ្យភាពទឹកដីពីសំណាក់ភាគីថៃ មកលាតត្រដាងចំពោះមុខសហគមន៍អន្តរជាតិ។

ក្នុងរយៈពេលចុងក្រោយនេះ នៅក្នុងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តស្នើ និងជំរុញឱ្យភាគីថៃសហការជាមួយកម្ពុជា ដើម្បីបន្តវាស់វែងខណ្ឌសីមាព្រំដែនជាបន្ទាន់។ ក្នុងកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា) នៅហ្វីលីពីន កម្ពុជាក៏បានលើកឡើងពីរឿងព្រំដែនផងដែរ។

ទោះបីថៃជំទាស់ និងគំរាមយ៉ាងណាក្តី ក៏កម្ពុជាមិនបានអល់អែកក្នុងការលាតត្រដាងអំពើឈ្លានពានទឹកដីពីសំណាក់យោធាថៃ ដែលរហូតពេលនេះ បណ្តាលឱ្យប្រជាជនភៀសសឹកជាងពីរម៉ឺននាក់បន្តធ្លាក់ក្នុងសភាពលំបាក និងមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានដើមវិញបាន។ ភាពយឺតយ៉ាវ និងការគេចវេសរបស់ភាគីថៃក្នុងការចូលតុចរចាជាមួយកម្ពុជានេះហើយ ទើបជំរុញឱ្យកម្ពុជាចាំបាច់ត្រូវប្រើប្រាស់វេទិកាអន្តរជាតិជាឧបករណ៍ទាមទារយុត្តិធម៌។

ដោយខឹងមិនអាចទប់ស្កាត់កម្ពុជាបាន ភាគីថៃបានគំរាមពន្យារពេលវាស់វែងខណ្ឌសីមាព្រំដែនថែមទៀត បន្ទាប់ពីរយៈពេលជិតមួយឆ្នាំមកនេះមិនទាន់មានសកម្មភាពអ្វីសោះ។ ឆ្លើយតបនឹងឥរិយាបទនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ថៃត្រូវតែអនុវត្តកិច្ចព្រមព្រៀងខែធ្នូ ឆ្នាំ២០២៥ ឱ្យបានពេញលេញ ដោយចាប់ផ្តើមវាស់វែងខណ្ឌសីមាព្រំដែនលើដីជាក់ស្តែង។ សម្តេចតេជោសង្កត់ធ្ងន់ថា ​ប្រសិនបើថៃនៅតែព្រងើយកន្តើយ កម្ពុជានឹងបន្តលើកយកបញ្ហានេះនៅក្នុងវេទិកាអន្តរជាតិ ហើយនិយាយឱ្យកាន់តែខ្លាំងទៀតផង។

អ្នកជំនាញបានអះអាងថា សម្រាប់ប្រទេសតូចដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ ការស្ងៀមស្ងាត់ ឬការយល់ព្រមចំពោះការចរចាក្រៅផ្លូវការ គឺស្មើនឹងការបើកផ្លូវឱ្យភាគីដែលមានកម្លាំងបាយខ្លាំងជាង អាចបំពានអធិបតេយ្យភាពតាមអំពើចិត្ត។

លោកបណ្ឌិត ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខអន្តរជាតិ បានគូសបញ្ជាក់ថា ការលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃនៅវេទិកាអន្តរជាតិ គឺដើម្បីបង្ហាញការពិតពីអំពើឈ្លានពានទឹកដី និងការបំផ្លាញសម្បត្តិវប្បធម៌មនុស្សជាតិដោយកងទ័ពថៃ ព្រមទាំងដាក់សម្ពាធឱ្យថៃទទួលស្គាល់ការពិត និងចូលតុចរចាដោយសន្តិវិធី។ ទន្ទឹមនេះ ជំហររបស់កម្ពុជាឆ្លុះបញ្ចាំងពីការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ពហុភាគីនិយម ការបដិសេធការផ្លាស់ប្តូរទឹកដីដោយកម្លាំងយោធា និងការបង្ហាញគោលនយោបាយការទូតសន្តិភាពរបស់កម្ពុជា​តាមរយៈវេទិកាហ្វ្រង់កូហ្វូនី ក្នុងការរួមគ្នាប្រឆាំងការឈ្លានពានលើប្រទេសតូច។

ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា នៅពេលមានឱកាសលើឆាកអន្តរជាតិ កម្ពុជាត្រូវបើកកកាយអំពីទង្វើឈ្លានពានរបស់ថៃ ដើម្បីឱ្យសហគមន៍អន្តរជាតិបានដឹងការពិតថាថៃជាអ្នកឈ្លានពានកម្ពុជា ព្រោះកន្លងមក ភាគីថៃដែលមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ តែងតែផ្សាយបំភាន់ការពិតប្រាប់អន្តរជាតិថាកម្ពុជាជាអ្នកឈ្លានពានទៅវិញ ជាពិសេសការចោទប្រកាន់ថាកម្ពុជាជាសម្បុកឆបោកតាមអនឡាញជាដើម។

លោកបណ្ឌិត យង់ ពៅ យល់ឃើញថា កម្ពុជាមិនមែនគិតតែពីការចំណេញលើភាគីថៃនោះទេ ប៉ុន្តែគឺជាការបង្ហាញការពិតពីអំពើឈ្លានពានរបស់ប្រទេសធំមកលើប្រទេសតូច ហើយលោកបានជំរុញឱ្យរដ្ឋាភិបាលបន្តលើកយកបញ្ហានេះដាក់បញ្ចូលទៅក្នុងកម្មវិធីកម្រិតអន្តរជាតិនានាបន្ថែមទៀត៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា