អ៊ីរ៉ង់ ទាមទារឱ្យ អាមេរិក ចាត់វិធានការជាក់ស្តែងសិន មុនពេលបើកកិច្ចចរចាការទូតជុំថ្មី ដើម្បីបញ្ចប់សង្គ្រាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ទាមទារឱ្យ អាមេរិក ចាត់វិធានការជាក់ស្តែងសិន មុនពេលបើកកិច្ចចរចាការទូតជុំថ្មី ដើម្បីបញ្ចប់សង្គ្រាម

អ៊ីរ៉ង់ ទាមទារឱ្យ អាមេរិក ចាត់វិធានការជាក់ស្តែងសិន មុនពេលបើកកិច្ចចរចាការទូតជុំថ្មី ដើម្បីបញ្ចប់សង្គ្រាម

តេហេរ៉ង់ ៖ មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មួយរូបអះអាងថា ប្រទេសរបស់ខ្លួនលែងជឿជាក់តាមការសន្យាតែនៅលើក្រដាសរបស់អាមេរិកទៀតហើយ ហើយទាមទារឱ្យទីក្រុងវ៉ាស៊ីនតោនចាត់វិធានការជាក់ស្តែងសិន មុនពេលបើកកិច្ចចរចាការទូតជុំថ្មី ដើម្បីបញ្ចប់សង្គ្រាម ។

មូលហេតុដែលអ៊ីរ៉ង់លែងជឿជាក់តាមការសន្យារបស់អាមេរិក គឺដោយសារប្រទេសមហាអំណាចពិភពលោកមួយនេះ បានបំផ្លាញដំណើរការចរចាចំនួន ៤ ដងរួចមកហើយក្នុងពេល ១៨ ខែកន្លងមក តាមរយៈការធ្វើសកម្មភាពអរិភាព និងការបំពានការសន្យា ។ នេះបើតាមការអះអាងរបស់អនុលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Ali Bagheri កាលពីថ្ងៃសុក្រ ។

លោក Bagheri បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ IRIB ថា អ៊ីរ៉ង់ត្រូវតែមើលឃើញសកម្មភាពជាក់ស្តែងរបស់អាមេរិកដោយផ្ទាល់ភ្នែកសិន ទើបឱកាសសម្រាប់ការបើកកិច្ចចរចាការទូតជុំថ្មី អាចកើតមានឡើងបាន ។

ជាមួយគ្នានេះ លោក Bagheri ក៏បានទទូចឱ្យភាគីពាក់ព័ន្ធត្រូវតែខិតខំជំរុញឱ្យអាមេរិកអនុវត្តតាមលក្ខខណ្ឌចំនួន ៧ ចំណុច ដែលអ៊ីរ៉ង់បានស្នើឡើង សម្រាប់ការបើកច្រកសមុទ្រហ័រមូសឡើងវិញ មុននឹងអាចឈានទៅរកជំហានបន្ទាប់ ។

លក្ខខណ្ឌទាំង នោះរួមមាន ការដកទណ្ឌកម្មសេដ្ឋកិច្ច ការផ្តល់លទ្ធភាពទទួលបានមូលនិធិអ៊ីរ៉ង់ដែលត្រូវបានបង្កក និងការសងការខូចខាតបណ្តាលមកពីសង្គ្រាមជាដើម ។

បើតាមស៊ីនហួរ, អ៊ីស្រាអែល និងអាមេរិកបានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងៗទៀតរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។ អ៊ីរ៉ង់បានសងសឹកវិញ តាមរយៈការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូនលើអ៊ីស្រាអែល ព្រមទាំងមូលដ្ឋាន និងទ្រព្យសម្បត្តិយោធារបស់អាមេរិកនៅក្នុងតំបន់ ។

យ៉ាងណា ជម្លោះនេះបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី៨ ខែមេសា ហើយនៅថ្ងៃទី១៨ ខែមិថុនា អ៊ីរ៉ង់ និងអាមេរិកបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបញ្ចប់សង្គ្រាមនៅគ្រប់សមរភូមិ ។ ប៉ុន្តែការចរចាដើម្បីឈានទៅរកកិច្ចព្រមព្រៀងចុងក្រោយ មិនទទួលបានវឌ្ឍនភាពគ្រប់គ្រាន់នៅឡើយទេ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា