កាសែតកូរ៉េខាងជើង ចោទ ជប៉ុន កំពុងពន្លឿនប្រែក្លាយខ្លួនទៅជា “រដ្ឋនៃសង្គ្រាម” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កាសែតកូរ៉េខាងជើង ចោទ ជប៉ុន កំពុងពន្លឿនប្រែក្លាយខ្លួនទៅជា “រដ្ឋនៃសង្គ្រាម”

កាសែតកូរ៉េខាងជើង ចោទ ជប៉ុន កំពុងពន្លឿនប្រែក្លាយខ្លួនទៅជា “រដ្ឋនៃសង្គ្រាម”

ព្យុងយ៉ាង ៖ កាសែតរដ្ឋ KCNA របស់កូរ៉េខាងជើង កាលពីថ្ងៃ អង្គារ បានផ្សាយចោទប្រកាន់ចំៗថា ប្រទេសជប៉ុនកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយខ្លួនទៅជា “រដ្ឋនៃសង្គ្រាម” ហើយថែមទាំងបានបោះបង់ចោលគោលនយោបាយសន្តិភាពនិយមរបស់ខ្លួន ។

យោងតាមអត្ថបទដែលសរសេរដោយអ្នកអត្ថាធិប្បាយយោធា កាសែត KCNA បានចោទប្រកាន់ថា ជប៉ុនបានបោះជំហានយ៉ាងគគ្លើន ដើម្បីពង្រឹងសមត្ថភាពវាយប្រហារមុនទៅលើប្រទេសជិតខាង ។

KCNA បន្ថែមថា ជាក់ស្តែង នៅចន្លោះពីខែឧសភា ដល់ខែកញ្ញា ជប៉ុនបានបាញ់សាកល្បងមីស៊ីលនាំផ្លូវ Type 88 ដែលជាប្រភេទមីស៊ីលបាញ់ពីដីគោកប្រឆាំងនាវាក្នុងសមយុទ្ធយោធានៅហ្វីលីពីន និងបានបាញ់សាកល្បងមីស៊ីលនាំផ្លូវ Tomahawk នៅសហរដ្ឋអាមេរិក ។

ជាងនេះទៅទៀត ប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយមធ្យម Typhon ក៏ត្រូវបានជប៉ុនដាក់បញ្ចូលទៅក្នុងសមយុទ្ធយោធារួមគ្នាមួយ ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ ។

កាសែត KCNA ក៏បានរិះគន់ផងដែរ ជុំវិញការប្រើប្រាស់ប្រព័ន្ធមីស៊ីល Type 25 របស់ជប៉ុន ក្នុងសមយុទ្ធយោធារួមគ្នាឈ្មោះ Keen Sword 27 ជាមួយសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៩ ខែតុលាកន្លងទៅ ។

បើតាមកាសែតរដ្ឋរបស់កូរ៉េខាងជើងមួយនេះ, មហិច្ឆតារបស់ជប៉ុន ក្នុងការប្រែក្លាយជាមហាអំណាចយោធា បានឈានចូលដល់ដំណាក់កាលដ៏គ្រោះថ្នាក់មួយ ។

KCNA អះអាងថា ឥរិយាបថយោធារបស់ជប៉ុនក៏បានផ្លាស់ប្តូរពី «ការការពារ» ទៅជា «ការវាយប្រហារ» ផងដែរ ដែលបញ្ហានេះកំពុងបង្កើតជាការគំរាមកំហែងជាក់ស្តែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ភ្លាមៗ ភាគីជប៉ុននៅពុំទាន់ធ្វើការឆ្លើយតបចំពោះការចោទប្រកាន់របស់កាសែតរដ្ឋកូរ៉េខាងជើងនៅឡើយទេ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា