បើសង្គ្រាមជុំថ្មីផ្ទុះឡើង អាមេរិក គ្រោងវាយប្រហារឈុតធំបំផ្លាញគោលដៅធំៗ ២ របស់ អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បើសង្គ្រាមជុំថ្មីផ្ទុះឡើង អាមេរិក គ្រោងវាយប្រហារឈុតធំបំផ្លាញគោលដៅធំៗ ២ របស់ អ៊ីរ៉ង់

បើសង្គ្រាមជុំថ្មីផ្ទុះឡើង អាមេរិក គ្រោងវាយប្រហារឈុតធំបំផ្លាញគោលដៅធំៗ ២ របស់ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ បើសង្គ្រាមជុំថ្មីផ្ទុះឡើង លោកប្រធានាធិបតីអាមេរិក Donald Trump នឹងពិចារណាលើជម្រើសវាយប្រហារទ្រង់ទ្រាយធំលើគោលដៅសំខាន់ៗចំនួន ២ របស់អ៊ីរ៉ង់ រួមមានហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងពាក់ព័ន្ធជាមួយកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាមមួយនេះ ។ នេះបើតាមប្រភពដែលបានដឹងអំពីការពិភាក្សាផ្ទៃក្នុង ទម្លាយប្រាប់កាសែត The Wall Street Journal កាលពីថ្ងៃអង្គារ ។

ប្រភពដដែលបង្ហើបថា មុនពេលសង្គ្រាមជុំថ្មីផ្ទុះឡើង ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ប្រទេសអារ៉ាប់មួយចំនួននៅតំបន់ឈូងសមុទ្រ ឱ្យត្រៀមខ្លួនសម្រាប់ប្រតិបត្តិការយោធាមួយប្រឆាំងនឹងអ៊ីរ៉ង់ ដែលមានរយៈពេលខ្លីប៉ុណ្ណោះ ប៉ុន្តែមានភាពខ្លាំងក្លា បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ ។

សារព្រមាននេះ ត្រូវបានបញ្ជូនតាមរយៈបណ្តាញការទូត និងយោធា ដែលនេះជាសញ្ញាបង្ហាញពីការត្រៀមរៀបចំរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីរួមដៃគ្នាបើកប្រតិបត្តិការយោធាឈុតធំម្តងទៀត ដោយមានគោលដៅធ្វើឱ្យសមត្ថភាពយោធារបស់អ៊ីរ៉ង់ចុះខ្សោយ និងជំរុញឱ្យទីក្រុងតេហេរ៉ង់បង្ខំចិត្តរត់រកតុចរចាបញ្ចប់សង្គ្រាម ។

ជាក់ស្តែង យោធាអាមេរិកកំពុងផ្លាស់ប្តូរសំណាញ់មេឃ Patriot ពីរដ្ឋ Texas ឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ា ព្រមទាំងផ្លាស់ទីកងទ័ពចេញពីមូលដ្ឋានមួយចំនួន ដែលអាចប្រឈមនឹងការវាយប្រហារសងសឹករបស់គូជម្លោះអ៊ីរ៉ង់ ។

ជាមួយគ្នានេះ កងកម្លាំងអាមេរិកក៏កំពុងដុតដៃដុតជើងបំពេញស្តុកគ្រាប់រំសេវ និងរៀបចំយន្តហោះទម្លាក់គ្រាប់បែក ព្រមទាំងយន្តហោះចម្បាំង សម្រាប់លទ្ធភាពបើកការវាយប្រហារ ។

ដោយឡែកនាវាផ្ទុកយន្តហោះមួយក្រុមទៀត រួមទាំងកងកម្លាំងម៉ារីន ត្រូវបានរំពឹងថា នឹងបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ានៅខែក្រោយ ដើម្បីចូលរួមជាមួយក្រុមនាវាចម្បាំងអាមេរិកប្រមាណ ២០ គ្រឿង ដែលមានវត្តមាននៅក្នុងតំបន់រួចហើយ ។

បើតាម Anadolu, ភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា បានឆាបឆេះឡើងបណ្តាលមកពីការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ ។

មិនបង្អង់យូរ ភាគអ៊ីរ៉ង់បានចាត់វិធានសងសឹកវិញភ្លាមៗ ដោយការបាញ់ស្រោចមីស៊ីល និងយន្តហោះដ្រូននៅក្នុងតំបន់ ហើយថែមទាំងបិទខ្ទប់ច្រកសមុទ្រ ហ័រមូស ។

សង្គ្រាមនេះបានបន្តអស់រយៈពេលជាង ៧ខែមកហើយ ដែលជំរុញឱ្យតម្លៃថាមពលសកលកើនឡើងយ៉ាងគំហុក ខណៈចរាចរណ៍ប្រេងពាណិជ្ជកម្មតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រត្រូវបានបញ្ឈប់ ។

យ៉ាងណា អាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយកាលពីខែមិថុនា បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា ដើម្បីបញ្ឈប់អរិភាព និងបើកផ្លូវសម្រាប់ការចរចា ។

ប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងនេះ បានជាប់គាំងចាប់តាំងពីពេលនោះមក ហើយក្នុងចំណោមការមិនចុះសម្រុងគ្នា រួមមានបញ្ហាសន្តិសុខ និងការធ្វើនាវាចរណ៍នៅច្រកសមុទ្រ ហ័រមូស ៕

ប្រភព ៖ The Wall Street Journal និង Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា