អ៊ុយក្រែន ប្រើយន្តហោះដ្រូនដឹកទាហានរងរបួសលើកដំបូងក្នុងសង្គ្រាមសម័យទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ប្រើយន្តហោះដ្រូនដឹកទាហានរងរបួសលើកដំបូងក្នុងសង្គ្រាមសម័យទំនើប

អ៊ុយក្រែន ប្រើយន្តហោះដ្រូនដឹកទាហានរងរបួសលើកដំបូងក្នុងសង្គ្រាមសម័យទំនើប

កៀវ ៖ យោធាអ៊ុយក្រែនបានប្រើប្រាស់យន្តហោះដ្រូនដឹកទាហានរងរបួសម្នាក់ចេញពីសមរភូមិជួរមុខដោយជោគជ័យ បន្ទាប់ពីទាហានរូបនេះបានជាប់គាំងនៅទីនោះអស់រយៈពេលជិត ៥០០ ថ្ងៃ ។ នេះជាប្រតិបត្តិការសង្គ្រោះដំបូងបង្អស់ក្នុងសង្គ្រាមសម័យទំនើបរបស់ពិភពលោក ។

បើតាម Ukrainska Pravda, យន្តហោះដ្រូនដែលអ៊ុយក្រែនប្រើដឹកទាហានរងរបួសនោះ មានឈ្មោះថា hexacopter មានស្លាបចក្រចំនួន ៦ ជាប្រភេទដ្រូនធុនធ្ងន់ផលិតដោយក្រុមហ៊ុន Gurzuf Defence របស់អ៊ុយក្រែន ។

ដ្រូនប្រភេទនេះមានទម្ងន់ប្រហែល ៩៨ គីឡូក្រាម និងអាចផ្ទុកទម្ងន់បានប្រហែល ១៣០ គីឡូក្រាម ជាមួយនឹងសមត្ថភាពហោះហើរក្នុងចម្ងាយប្រហែល ២៥ គីឡូម៉ែត្រ ។

បេសកកម្មស្នូលរបស់វា ភាគច្រើនគេនិយមប្រើក្នុងវិស័យកសិកម្ម, ផ្ទុកកាមេរ៉ាខ្នាតភាពយន្តហូលីវូដធ្ងន់ៗ, ការដឹកជញ្ជូនទំនិញ ឬឧបករណ៍វេជ្ជសាស្រ្តក្នុងចម្ងាយជិត និងមធ្យម ក៏ដូចជាប្រតិបត្តិការស្វែងរកមនុស្សបាត់ខ្លួន និងវាស់វែងភូមិសាស្រ្តជាដើម ។
 
ចំណុចពិសេសបំផុតរបស់វា គឺប្រសិនបើម៉ាស៊ីន ឬស្លាបចក្រណាមួយខូច ឬឈប់ដំណើរការពេលកំពុងហោះហើរ នោះម៉ាស៊ីន ៥ ទៀតដែលនៅសល់នឹងជួយទប់លំនឹង ហើយបញ្ជាឱ្យដ្រូនចុះចតដោយសុវត្ថិភាពបាន ដោយមិនធ្លាក់ភ្លាមៗដូចដ្រូនធម្មតាឡើយ ។

ជាក់ស្ដែង ក្នុងប្រតិបត្តិការជួយសង្គ្រោះទាហានអ៊ុយក្រែននោះ ដ្រូន hexacopter ត្រូវបានកងពលតូចវាយលុកទី៩២ របស់កងទ័ពជើងគោកអ៊ុយក្រែន ប្រើដឹកទាហាន ឈ្មោះ Konstantyn Vlasenko មកពីកងពលតូចទី៣០ ដែលមានទម្ងន់ប្រហែល ៨០ គីឡូក្រាម ។

បើតាម CBS News, លោក Vlasenko បានរងរបួស ដោយសារការវាយប្រហាររបស់ដ្រូនរុស្ស៊ីកាលដើមឆ្នាំនេះ បណ្ដាលឲ្យទាហានរូបនេះរងរបួសជើងទាំងពីរធ្ងន់ធ្ងរ និងត្រូវជាប់ក្នុងទីតាំងមួយកន្លែងជិត ៥០០ថ្ងៃ ។

យ៉ាងណា នៅទីបំផុត ទាហានរូបនេះត្រូវបានដ្រូនដឹកទៅដល់ទីតាំងមានសុវត្ថិភាព មុនពេលក្រុមសង្គ្រោះបន្តបញ្ជូនគាត់ទៅមន្ទីរពេទ្យ ។ ក្រោយបញ្ចប់បេសកកម្ម បច្ចុប្បន្នទាហានរូបនេះកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ ៕

ប្រភព ៖ CBS News, Mig flug និង kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា