ឥណ្ឌា បញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា បញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ

ឥណ្ឌា បញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ

ញូវដេលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃ ចន្ទ ប្រកាសបញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ១៣៧ ប្រភេទ រហូតដល់ ៧០ ភាគរយ ដែលនឹងចាប់ផ្តើមអនុវត្តជាផ្លូវការពីថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ។

ការបញ្ចុះតម្លៃនេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌានិយាយថា មានគោលបំណងធ្វើឱ្យការព្យាបាលជំងឺមហារីកមានតម្លៃសមរម្យជាងមុន និងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុរបស់អ្នកជំងឺ ក៏ដូចជាទប់ស្កាត់ការលក់យកចំណេញខ្ពស់ហួសហេតុ ក្នុងវិស័យចែកចាយ និងលក់ថ្នាំព្យាបាលជំងឺមហារីក ។

បើតាម News Wire, ថ្នាំដែលនឹងត្រូវលក់បញ្ចុះតម្លៃ រួមមានទាំងឱសថព្យាបាលជំងឺមហារីកជាង ២០ ប្រភេទ ដូចជា មហារីកសុដន់ មហារីកក្រពេញប្រូស្តាត មហារីកពោះវៀនធំ មហារីកអូវែ និងមហារីកមាត់ស្បូន ។

ក្នុងចំណោមឱសថទាំងនោះ ក៏មានថ្នាំដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការព្យាបាលជំងឺមហារីកផងដែរ ក្នុងនោះមានដូចជា Pembrolizumab, Bevacizumab, Durvalumab និង Osimertinib ។

យោងតាមក្រសួងគីមី និងជីឥណ្ឌា, វិធានការថ្មីនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរជាតិកំណត់តម្លៃឱសថឥណ្ឌា ហៅកាត់ NPPA សម្រេចកំណត់អត្រាចំណេញពាណិជ្ជកម្មលើថ្នាំដែលមានចុះក្នុងបញ្ជីមិនឱ្យលើសពី ៣០ ភាគរយនៃតម្លៃលក់រាយអតិបរមា ។

ក្រោមបទប្បញ្ញត្តិថ្មីនេះដែរ ក្រុមហ៊ុនផលិតឱសថត្រូវបានណែនាំឱ្យដាក់ជូនអាជ្ញាធរនូវតម្លៃថ្មីក្នុងពេល ៧ ថ្ងៃ បន្ទាប់ពីការជូនដំណឹងផ្លូវការចេញផ្សាយ ។ ចំណែកឱសថស្ថាន និងមន្ទីរពេទ្យ ត្រូវអនុវត្តតម្លៃដែលបានបញ្ចុះចាប់ពីថ្ងៃទី៩ ខែវិច្ឆិកាតទៅ ។

ទន្ទឹមគ្នា អាជ្ញាធរឥណ្ឌាក៏បានណែនាំឱ្យក្រុមហ៊ុនឱសថរក្សាកម្រិតផលិតកម្ម និងការផ្គត់ផ្គង់ឱសថឱ្យបានដូចកម្រិតបច្ចុប្បន្ន ដើម្បីបង្ការការខ្វះខាតថ្នាំ និងធានាថាអ្នកជំងឺនៅតែអាចទទួលបានឱសថចាំបាច់ ។

វិធានការនេះទៀតសោត ធ្វើឡើងបន្ទាប់ពីឥណ្ឌាបានអនុវត្តគោលនយោបាយស្រដៀងគ្នានេះកាលពីឆ្នាំ២០១៩ ដោយបញ្ចុះតម្លៃថ្នាំព្យាបាលជំងឺមហារីក ៤២ ប្រភេទ នៅក្រោម ៣០ ភាគរយ ។

ការបញ្ចុះតម្លៃនៅពេលនោះ បានជួយកាត់បន្ថយតម្លៃលក់រាយអតិបរមារបស់ថ្នាំព្យាបាលជំងឺមហារីក ៥២៦ ប្រភេទ រហូតដល់ ៩០ ភាគរយ ៕

ប្រភព ៖ News Wire ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា