អាមេរិក ចាយលុយ ៦ ពាន់លានដុល្លារ ទិញមីស៊ីលបាញ់យន្តហោះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ចាយលុយ ៦ ពាន់លានដុល្លារ ទិញមីស៊ីលបាញ់យន្តហោះ

អាមេរិក ចាយលុយ ៦ ពាន់លានដុល្លារ ទិញមីស៊ីលបាញ់យន្តហោះ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានចាយលុយប្រមាណ ៦ ពាន់ ៣០០ លានដុល្លារដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Raytheon ក្នុងគោលបំនងពន្លឿនការផលិត និងបំពេញបន្ថែមនូវស្តុកមីស៊ីលស្ទាក់ចាប់ SM-3 Block IB ដែលជាប្រភេទគ្រាប់មីស៊ីលផ្លោងសម្រាប់បាញ់យន្តហោះ ។

មីស៊ីល SM-3 Block IB គឺជាប្រភេទមីស៊ីលស្ទាក់ចាប់ដ៏ទំនើបរបស់សហរដ្ឋអាមេរិក ផលិតដោយក្រុមហ៊ុន Raytheon ហើយមានតម្លៃចន្លោះពី ៩ លាន ៧ សែនទៅ ១២ លាន ៥ សែនដុល្លារក្នុងមួយគ្រាប់ ។

វាមានដងខ្លួនប្រវែង ៦ ម៉ែត្រកន្លះ និងទម្ងន់ប្រហែល ១ តោនកន្លះ ហើយអាចហោះជ្រែកមេឃក្នុងល្បឿនលឿនជាងសំឡេង ៨,៨ ដង ឬប្រហែល ៣ គីឡូម៉ែត្រក្នុងមួយវិនាទី ជាមួយនឹងសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយពី ៩០០ ទៅ ១,២០០ គីឡូម៉ែត្រ ។

ខុសគ្នាពីមីស៊ីលស្ទាក់ចាប់ដទៃ មីស៊ីល SM-3 Block IB ប្រើប្រាស់ម៉ាស៊ីនរ៉ុក្តែតឥន្ធនៈរឹងចំនួន ៤ ដំណាក់កាល ដើម្បីប្រឆាំងយន្តហោះ ក៏ដូចជាស្ទាក់ចាប់ និងកម្ទេចមីស៊ីលផ្លោងក្នុងរយៈចម្ងាយខ្លីទៅមធ្យម នៅក្នុងលំហអាកាសខាងក្រៅស្រទាប់បរិយាកាសផែនដី ។

មីស៊ីលនេះដែរ ក៏ជាផ្នែកមួយនៃប្រព័ន្ធខែលការពារមីស៊ីលផ្លោង Aegis ដែលរួមបញ្ចូលឧបករណ៍ចាប់សញ្ញា ប្រព័ន្ធតាមដាន និងបញ្ជាការ ព្រមទាំងមីស៊ីលស្ទាក់ចាប់ដែលអាចបាញ់ចេញពីនាវាចម្បាំងផងដែរ ។

ចំណែកចំណុចលេចធ្លោរបស់មីស៊ីលនេះ គឺប្រើបច្ចេកវិទ្យាបំផ្លាញគោលដៅសត្រូវ តាមរយៈការពឹងផ្អែកលើល្បឿន និងកម្លាំងហោះបំបុករបស់យានស្ទាក់ចាប់ ជាជាងប្រើក្បាលគ្រាប់ផ្ទុះធម្មតា ដើម្បីបំផ្លាញក្បាលគ្រាប់មីស៊ីលរបស់សត្រូវ ។

បើតាមក្រុមហ៊ុន Raytheon, មីស៊ីល SM-3 Block IB ត្រូវបានប្រើក្នុងប្រតិបត្តិការប្រយុទ្ធជាលើកដំបូងក្នុងឆ្នាំ ២០២៤ ពោលគឺនៅពេលកងទ័ពជើងទឹកអាមេរិកប្រើមីស៊ីលប្រភេទនេះឆ្លើយតបការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ។

បើតាម Interesting Engineering, កិច្ចសន្យាពន្លឿនការផលិតមីស៊ីលនេះ ត្រូវបានប្រកាសកាលពីថ្ងៃទី៨ ខែតុលា ដោយដំណាក់កាលដំបូងមានរយៈពេលចំនួន ៥ ឆ្នាំ និងជម្រើសបន្ថែមចំនួន ២ ឆ្នាំទៀត ។ ការផលិតមីស៊ីលភាគច្រើនធ្វើឡើងនៅរោងចក្ររបស់ Raytheon ក្នុងទីក្រុង Tucson រដ្ឋ Arizona និងទីក្រុង Huntsville រដ្ឋ Alabama ។

កិច្ចសន្យានេះទៀតសោត ធ្វើឡើងក្នុងគោលបំណងបំពេញស្តុកអាវុធការពារមីស៊ីលរបស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីបានប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ និងការកើនឡើងតម្រូវការប្រព័ន្ធខែលការពារដែនអាកាសសកល ៕

ប្រភព ៖ Interesting Engineering ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា