យានរុករករបស់ NASA បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ធ្វើដំណើរបានឆ្ងាយបំផុតលើផ្ទៃភពអង្គារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យានរុករករបស់ NASA បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ធ្វើដំណើរបានឆ្ងាយបំផុតលើផ្ទៃភពអង្គារ

យានរុករករបស់ NASA បំបែកកំណត់ត្រាថ្មីរបស់ពិភពលោក ធ្វើដំណើរបានឆ្ងាយបំផុតលើផ្ទៃភពអង្គារ

វ៉ាស៊ីនតោន ៖ យានរុករក Perseverance របស់ទីភ្នាក់ងារអវកាស NASA របស់សហរដ្ឋអាមេរិក បានបំបែកកំណត់ត្រាថ្មីរបស់ពិភពលោក សម្រាប់យានអវកាសធ្វើដំណើរបានឆ្ងាយជាងគេបំផុតលើផ្ទៃភពអង្គារ ក្នុងចម្ងាយសរុបជាង ៤៥,២ គីឡូម៉ែត្រ ។ នេះបើតាមអង្គការ NASA ប្រកាសកាលពីថ្ងៃអង្គារ ។

យានរុករក Perseverance បានបំបែកកំណត់ត្រាចាស់របស់យានរុករក Opportunity របស់ទីភ្នាក់ងារអវកាស NASA ដែលធ្វើដំណើរបានចម្ងាយជាង ៤៥,១ គីឡូម៉ែត្រ ក្នុងអំឡុងបេសកកម្មរបស់ខ្លួន ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៨ ។

ក្រៅពីចម្ងាយ យានរុករក Perseverance ថែមទាំងបំបែកកំណត់ត្រាពេលវេលាផងដែរ ដោយចំណាយពេលប្រហែល ៥ ឆ្នាំកន្លះប៉ុណ្ណោះ ដើម្បីធ្វើដំណើរបានចម្ងាយ ដែលយានរុករកចាស់ Opportunity ត្រូវការពេលជិត ១៥ ឆ្នាំទើបសម្រេចបាន ។

ការបំបែកកំណត់ត្រាថ្មីនេះ មិនត្រឹមតែបង្ហាញពីភាពរីកចម្រើននៃបច្ចេកវិទ្យារុករកនៅទីអវកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកលទ្ធភាពសិក្សាភូមិសាស្ត្រ និងប្រវត្តិវិវត្តន៍របស់ភពអង្គារ ដែលអាចផ្តល់តម្រុយសំខាន់ៗអំពីលក្ខខណ្ឌដែលអាចទ្រទ្រង់ជីវិតនៅក្រៅភពផែនដី ។

បើតាម Anadolu, យាន Perseverance បានចុះចតលើភពអង្គារក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយចាប់តាំងពីពេលនោះមក វាបានបន្តសិក្សាប្រវត្តិភូមិសាស្ត្រនៃរណ្ដៅ Jezero ដែលអ្នកវិទ្យាសាស្ត្រជឿថា ធ្លាប់មានបឹងមួយនៅទីនោះកាលពីអតីតកាល ។

បច្ចុប្បន្ន យានរុករកនេះ កំពុងរុករកតំបន់នៅគែមខាងលិចនៃរណ្ដៅ Jezero ដើម្បីស្វែងរកភស្តុតាងនៃប្រព័ន្ធទឹកក្តៅក្រោមដីកាលពីបុរាណ និងសញ្ញាដែលអាចបង្ហាញថា ធ្លាប់មានជីវិតមីក្រូស្កូបនៅលើភពអង្គារកាលពីរាប់ពាន់លានឆ្នាំមុន ។

ទន្ទឹមគ្នា អង្គការ NASA បានសម្រេចអូសបន្លាយពេលបំពេញបេសកកម្មរបស់យាន Perseverance រហូតដល់ចុងឆ្នាំ ២០២៨ ដើម្បីឱ្យវាអាចបន្តសិក្សាតំបន់ជុំវិញរណ្ដៅ Jezero និងប្រមូលទិន្នន័យវិទ្យាសាស្ត្របន្ថែម ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា