លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

លោក ត្រាំ សម្រេចមិនវាយប្រហារ អ៊ីរ៉ង់ មុនការបោះឆ្នោត ហើយថា ការចរចាមានលទ្ធផលល្អ

វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារលើអ៊ីរ៉ង់ មុនការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅខែវិច្ឆិកានោះទេ ដោយលោកអះអាងថា ប្រទេសទាំងពីរកំពុងមានកិច្ចពិភាក្សាប្រកបដោយ “លទ្ធផលល្អ” អំពីការបញ្ចប់សង្គ្រាម ដែលមានរយៈពេល ៨ ខែមកនេះ។

លោក Trump បានសរសេរ នៅលើបណ្តាញសង្គម Truth Social ថា «យើងកំពុងមានកិច្ចពិភាក្សាប្រកបដោយលទ្ធផលល្អ ជាមួយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ យើងនឹងមិនវាយប្រហារអ៊ីរ៉ង់នៅពេលណាមួយ មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក នាថ្ងៃទី ៣ ខែវិច្ឆិកានោះទេ»។

បើតាម reuters, សង្គ្រាមដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ជាពេលដែលអាមេរិកនិងអ៊ីស្រាអែលព្រួតគ្នាវាយអ៊ីរ៉ង់នោះ បានធ្វើឱ្យកម្រិតនៃការពេញចិត្តរបស់ប្រជាជនក្នុងស្រុកចំពោះលោក Trump ធ្លាក់ចុះ ហើយក៏កំពុងបង្កជាសម្ពាធយ៉ាងខ្លាំងដល់សមាជិកបក្សសាធារណរដ្ឋដូចគ្នា ខណៈដែលពួកគេព្យាយាមរក្សាសំឡេងភាគច្រើនដ៏ប្រផិតប្រផើយរបស់ពួកគេនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិសម្រាប់ការបោះឆ្នោត។

យោងតាមការស្ទង់មតិថ្មីៗរបស់ Reuters/Ipsos ប្រជាជនអាមេរិកប្រហែល ៦០% រួមទាំងសមាជិកបក្សសាធារណរដ្ឋ ម្នាក់ក្នុងចំណោមបួននាក់ មិនពេញចិត្តនឹងរបៀបដែលលោក Trump ដោះស្រាយស្ថានការណ៍នៅអ៊ីរ៉ង់នោះទេ។

ជម្លោះនេះបានរុញច្រានតម្លៃប្រេងឥន្ធនៈឱ្យឡើងខ្ពស់យ៉ាងខ្លាំង ស្របពេលដែលអ្នកបោះឆ្នោតនិយាយថា កង្វល់ចម្បងរបស់ពួកគេគឺការចំណាយលើការរស់នៅ។

លោក Trump បាននិយាយម្តងហើយម្តងទៀតថា លោករំពឹងថា តម្លៃប្រេងនឹងធ្លាក់ចុះបន្ទាប់ពីការបោះឆ្នោត ប៉ុន្តែលោកមិនបានផ្តល់ផែនការលម្អិតសម្រាប់ការដកខ្លួនចេញពីសង្គ្រាមនោះទេ។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានផ្លាស់ប្តូរការស្នើឡើងផ្សេងៗគ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះក្នុងគោលបំណងបញ្ចប់សង្គ្រាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់របស់ពិភពលោក។ លោក Trump បានបដិសេធសំណើចុងក្រោយរបស់ទីក្រុងតេហេរ៉ង់។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងតេហេរ៉ង់នឹងមិនបោះបង់ចោលការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឬប្រគល់ស្តុកអ៊ុយរ៉ាញ៉ូមរបស់ខ្លួននោះទេ ដោយយោងតាមសម្តីរបស់ប្រធានអង្គការថាមពលបរមាណូរបស់ប្រទេសនេះ។

ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា អ៊ីរ៉ង់ត្រូវតែធ្វើការកាត់បន្ថយ “យ៉ាងសំខាន់” លើសមត្ថភាពចម្រាញ់សារធាតុរបស់ខ្លួន។

សហរដ្ឋអាមេរិក អ៊ីស្រាអែល និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់អ៊ីរ៉ង់ជាយូរមកហើយថា បានព្យាយាមស្វែងរកអាវុធនុយក្លេអ៊ែរ ដែលជាការចោទប្រកាន់មួយ ដែលត្រូវបានអ៊ីរ៉ង់បដិសេធ រហូតមក៕

ប្រភព ៖ reuters ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា