លោក ត្រាំ ថា គ្មាននរណាសក្តិសមទទួលពានសន្តិភាពជាងរូបលោកទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា គ្មាននរណាសក្តិសមទទួលពានសន្តិភាពជាងរូបលោកទេ

លោក ត្រាំ ថា គ្មាននរណាសក្តិសមទទួលពានសន្តិភាពជាងរូបលោកទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានដឹកនាំសង្គ្រាមប្រឆាំងអ៊ីរ៉ង់ និង មិនទាន់អាចសម្របសម្រួលស្វែងរកកិច្ចព្រមព្រៀងសន្តិភាពអ៊ុយក្រែននៅឡើយនោះ បានអះអាង កាលពីថ្ងៃពុធថា គ្មាននរណាម្នាក់សក្តិសមទទួលពានរង្វាន់ណូបែលសន្តិភាពជាងរូបលោកនោះទេ។

លោក Trump បាននិយាយបែបនេះ មុនពេលដែល ពានរង្វាន់សម្រាប់ឆ្នាំ២០២៦ នឹងត្រូវគណៈកម្មាធិការណូបែលន័រវែស ប្រកាសលទ្ធផលជាផ្លូវការ នៅថ្ងៃសុក្រស្អែកនេះ។

លោករៀបរាប់ថា «វាដល់ពេលហើយ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំង ដែលបានទទួលវាដោយប្រយោល កាលពីលើកមុន» លោកដោយបញ្ជាក់បន្ថែមថា «គ្មាននរណាម្នាក់ក្នុងប្រវត្តិសាស្ត្រសក្តិសមនឹងទទួលបានពានរង្វាន់នេះ ជាងប្រធានាធិបតី ត្រាំ នោះទេ។»

យ៉ាងណា មេដឹកនាំវ័យ៨០ឆ្នាំរូបនេះក៏ទទួលស្គាល់ថា លោកពិបាកនឹងបាន ដោយបញ្ជាក់បន្ថែមថា «ខ្ញុំមិនដឹងពីការសម្រេចចិត្តរបស់ពួកគេ ប៉ុន្តែ គណៈកម្មាធិការ ប្រហែលជាមិនអាចផ្តល់ពានរង្វាន់បែបនេះ ដល់មនុស្សដូចជារូបខ្ញុំនោះទេ តាមបទពិសោធន៍របស់ពួកគេ កន្លងមក។»

លោក Trump ធ្លាប់អះអាងថា លោកគួរតែទទួលបានពានរង្វាន់ពានរង្វាន់ណូបែលសន្តិភាព បន្ទាប់ពីបានចូលរួមដោះស្រាយជម្លោះចំនួន ៨ ចាប់តាំងពីលោកបានចូលកាន់តំណែងកាលពីខែមករាឆ្នាំមុន។

បើតាម reuters, ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមាន កាលពីឆ្នាំមុន លោក Trump បាននិយាយម្តងហើយម្តងទៀតថា លោកស័ក្តិសមនឹងទទួលបានអ្វីដែលអាចចាត់ទុកថាជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោកមួយនេះ។

ជាការកត់សម្គាល់ លោកស្រី Maria Corina Machado មេដឹកនាំក្រុមប្រឆាំងនៅប្រទេសវេណេស៊ុយអេឡា បានប្រគល់មេដាយពានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២៥ របស់លោកស្រីជូនដល់លោក Trump កាលពីខែមករា ខណៈដែលលោកស្រីស្វែងរកការគាំទ្រពីសហរដ្ឋអាមេរិកសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី នៅក្នុងប្រទេសវេណេស៊ុយអេឡា។

ក្រៅពីនេះ ក៏មានមេដឹកនាំប្រទេសមួយចំនួនទៀតបានស្នើឲ្យលោក ត្រាំ ទទួលពានរង្វាន់នេះផងដែរ៕

ប្រភព ៖ reuters, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា