អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក

អាមេរិក និង ចិន ពិភាក្សាគម្រោងទៅមើលទីតាំងនុយក្លេអ៊ែគ្នាទៅវិញទៅមក

បរទេស ៖ ជាជំហានប្រវត្តិសាស្ត្រមួយ សហរដ្ឋអាមេរិក និងចិន កំពុងពិភាក្សាអំពីការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទៅកាន់ទីតាំងផលិតអាវុធនុយក្លេអ៊ែររបស់គ្នាទៅវិញទៅមក ហើយមានគម្រោងបន្តជំរុញការចរចាលើបញ្ហាសព្វាវុធប្រល័យលោកប្រភេទនេះ អំឡុងកិច្ចប្រជុំនានា នៅពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយរបស់ CNN កាលពីថ្ងៃអង្គារ។

សារព័ត៌មានអាមេរិកមួយនេះ បានដកស្រង់សម្តីមន្ត្រីទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ថា គំនិតនៃការផ្លាស់ប្តូរដំណើរទស្សនកិច្ចនេះ ត្រូវបានលើកឡើងដំបូង ដោយប្រទេសចិន នៅក្នុងកិច្ចប្រជុំ ជាមួយមន្ត្រី​អាមេរិក នៅឆ្នាំនេះ ហើយការពិភាក្សាបានផ្តោតលើដំណើរទស្សនកិច្ច ទៅកាន់មន្ទីរពិសោធន៍ជាតិរបស់ក្រសួងថាមពលអាមេរិក និង ទីតាំងដែលមានលក្ខណៈស្រដៀងគ្នា នៅក្នុងប្រទេសចិន។

CNN បានរាយការណ៍ថា ការពិភាក្សារវាងមន្ត្រីអាមេរិក និងចិន ភាគច្រើនបានធ្វើឡើងនៅក្រៅកិច្ចប្រជុំផ្លូវការរបស់សមាជិកអចិន្ត្រៃយ៍ទាំង ៥ ដែលមានសិទ្ធិវេតូ នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

បើតាម Reuters, ដំណឹងដ៏ភ្ញាក់ផ្អើលនេះត្រូវបានបញ្ចេញឲ្យដឹង ស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការចរចាត្រីភាគី ស្តីពីការគ្រប់គ្រងអាវុធរវាង ទីក្រុងវ៉ាស៊ីនតោន, ទីក្រុងប៉េកាំង ព្រមទាំង រុស្ស៊ី នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីខែមុន។

ជុំវិញគម្រោងចុះទៅពិនិត្យមើលទីតាំងផលិតអាវុធនុយក្លេអ៊ែរគ្នាជាលើកដំបូងក្នុងប្រវត្ថិសាស្ត្រនេះ, សេតវិមាន និង ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ នៅឡើយនោះទេ។

យ៉ាងណាមិញ ទីក្រុង ប៉េកាំង តែងតែលើកឡើងថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនមានទំហំតូចជាងរុស្ស៊ី និងសហរដ្ឋអាមេរិកឆ្ងាយណាស់ ដែលនេះជាហេតុផលធ្វើឱ្យខ្លួនយល់ថា ការចូលរួមក្នុងការចរចាបែបនេះគឺមិនចាំបាច់។

បើតាម CNN, គេរំពឹងយ៉ាងទូលំទូលាយថា នឹងមានកិច្ចប្រជុំមួយទៀត រវាងលោក ត្រាំ និងលោក ស៊ី នៅឆ្នាំនេះ ដែលអាចនឹងធ្វើឡើង នៅឯកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់ APEC ក្នុងប្រទេសចិន នាខែវិច្ឆិកា ឬ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រទេស G20 នៅសហរដ្ឋអាមេរិក ក្នុងខែធ្នូ។

នៅពេលដែលមេដឹកនាំទាំងពីរជួបគ្នាជាថ្មីម្តងទៀត អាចនឹងមានការពិភាក្សាបន្ថែមនៅកម្រិតមន្ត្រីថ្នាក់ក្រោម អំពីលទ្ធភាពនៃដំណើរទស្សនកិច្ច ទៅកាន់ទីតាំងនុយក្លេអ៊ែរ ប្រទេសទាំងពីរ ទៅវិញទៅមក៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា