រុស្ស៊ី គំរាមកម្ទេចរោងចក្រផលិតអាវុធឱ្យ អ៊ុយក្រែន នៅ អឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី គំរាមកម្ទេចរោងចក្រផលិតអាវុធឱ្យ អ៊ុយក្រែន នៅ អឺរ៉ុប

រុស្ស៊ី គំរាមកម្ទេចរោងចក្រផលិតអាវុធឱ្យ អ៊ុយក្រែន នៅ អឺរ៉ុប

មូស្គូ ៖ រោងចក្រផលិតអាវុធឲ្យអ៊ុយក្រែននៅលើទឹកដីអឺរ៉ុបនឹងក្លាយជាគោលដៅកម្ទេចរបស់កងកម្លាំងរបស់ប្រទេសរុស្ស៊ី ។ នេះគឺជាការគំរាមរបស់លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ។

បើតាម Kyiv Independent, ការគំរាមរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសប៉ូឡូញបានដាក់សំណើទៅកាន់សហរដ្ឋអាមេរិក ក្នុងការសាងសង់រោងចក្រផលិតមីស៊ីលស្ទាក់ចាប់របស់សំណាញ់មេឃ Patriot ដើម្បីផ្គត់ផ្គង់ទៅឱ្យទីក្រុងកៀវ ជំនួសឱ្យការបង្កើតវានៅលើទឹកដីអ៊ុយក្រែន ដែលមិនមានសុវត្ថិភាព ។

ឆ្លើយតបការប្រកាសរបស់ប៉ូឡូញនេះ លោកស្រី Maria Zakharova បានព្រមានធ្ងន់ៗថា រោងចក្រផលិតអាវុធឱ្យអ៊ុយក្រែននៅក្នុងប្រទេសអឺរ៉ុប នឹងក្លាយជាគោលដៅយោធាដ៏មានសក្តានុពលរបស់រុស្ស៊ី ។

បើតាមលោកស្រី Maria Zakharova, ប្រទេសដែលគិតថា រោងចក្រផលិតអាវុធនៅក្រៅទឹកដីអ៊ុយក្រែននឹងមានសុវត្ថិភាព គឺកំពុងតែយល់ច្រឡំធំហើយ ។

ជាមួយគ្នានេះ លោកស្រី Maria Zakharova ក៏បានចោទប្រកាន់ប្រទេសអឺរ៉ុបចំៗ ថាកំពុងលូកដៃដោយផ្ទាល់ទៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលមិនត្រឹមតែផ្តល់ជំនួយអាំវុធប៉ុណ្ណោះទេ តែថែមទាំងបង្កើតរោងចក្រ និងគម្រោងផលិតអាវុធរួមគ្នានៅលើទឹកដីអឺរ៉ុបផងដែរ ។

យ៉ាងណា មន្រ្តីរុស្ស៊ីបានអះអាងច្រើនលើកច្រើនសារថា ការបង្កើនការផលិតអាវុធឱ្យអ៊ុយក្រែននៅអឺរ៉ុប នឹងមិនអាចធ្វើឱ្យសង្គ្រាមឆាប់បញ្ចប់លឿននោះឡើយ ហើយផ្ទុយទៅវិញ វាមានតែបន្តធ្វើឱ្យជម្លោះនេះកាន់តែអូសបន្លាយពេលយូរប៉ុណ្ណោះ ។

មកទល់ពេលនេះ ភ្លើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលឆាបឆេះឡើងបណ្តាលមកពីការឈ្លានពានទ្រង់ទ្រាយធំរបស់ទីក្រុងមូស្គូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ មិនទាន់មានសញ្ញារលត់ទៅវិញ ឬលទ្ធផលចាញ់ឈ្នះច្បាស់លាស់នៅឡើយទេ ។

សង្គ្រាមខ្នាតធំដែលអូសបន្លាយចូលដល់ឆ្នាំទី៥នេះ ត្រូវបានចាត់ទុកថា ជាជម្លោះយោធាដ៏ធំ និងសាហាវបំផុតនៅទ្វីបអឺរ៉ុប ចាប់តាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ៕

ប្រភព ៖ Kyiv Independent ប្រែសម្រួល ៖ ឈឹម ទីណា

ឆាយ រត្ថា

លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា