លោក ពូទីន ថា ទ្រព្យក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីដកហូត អាចប្រគល់ជូនវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ថា ទ្រព្យក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីដកហូត អាចប្រគល់ជូនវិញ

លោក ពូទីន ថា ទ្រព្យក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីដកហូត អាចប្រគល់ជូនវិញ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចដែលរុស្ស៊ីបានដកហូត អាចនឹងត្រូវបានប្រគល់ជូនវិញ។

ថ្លែងក្នុងវេទិកាមួយ នៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍, មេដឹកនាំវិមានក្រឹមឡាំងរូបនេះរៀបរាប់ថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងម៉ូស្គូបានដកហូតនោះ គឺគ្រាន់តែត្រូវបានបង្កកទុកប៉ុណ្ណោះ ហើយអាចនឹងមានលទ្ធភាពត្រូវបានប្រគល់ជូនវិញ។

កាលពីខែមុន លោក ពូទីន បានបញ្ជាឱ្យដកហូតអាជីវកម្ម និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយក្សផ្នែកចំណីអាហាររបស់ស្វីស គឺ ក្រុមហ៊ុន Nestle, ក្រុមហ៊ុនលក់រាយរបស់បារាំង Auchan, ក្រុមហ៊ុនលក់សម្ភារៈកែលម្អផ្ទះ Leroy Merlin និងក្រុមហ៊ុនលក់ដុំនិងលក់រាយចំណីអាហាររបស់អាល្លឺម៉ង់ Metro។

នៅពេលត្រូវបានសួរថាតើទ្រព្យសម្បត្តិដែលត្រូវបានដកហូតទាំងនោះ នឹងអាចត្រូវបានប្រគល់ជូនវិញដែរឬទេ ប្រសិនបើស្ថិតក្នុងស្ថានភាពអំណោយផលនោះ លោក ពូទីន បានថ្លែងនៅក្នុងវេទិកាប្រចាំឆ្នាំ Valdai ថា «បាទ ទ្រព្យសម្បត្តិទាំងនោះនឹងត្រូវបានប្រគល់ជូនវិញ»។

លោកបានបន្ថែមថា ប្រទេសរុស្ស៊ីមិនបានយក, លួច ឬធ្វើជាតូបនីយកម្ម ឬ រឹបអូសយកជាកម្មសិទ្ធិរដ្ឋ លើអ្វីមួយពីនរណាម្នាក់ឡើយ។

លោក ពូទីន បានមានប្រសាសន៍ថា «យើងដាក់ក្រុមហ៊ុនមួយចំនួនឱ្យស្ថិតក្រោមការគ្រប់គ្រងពីខាងក្រៅ។ ប៉ុន្តែ នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន…ដោយរំលោភយ៉ាងធ្ងន់ធ្ងរលើរាល់ច្បាប់ដែលមាន ពួកគេបានដកហូតយកក្រុមហ៊ុនធំៗរបស់យើងទៅតែម្តង»។

ផ្ទុយទៅវិញ លោកបានលើកឡើងពីករណីនៃការដកហូតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រេងយក្សរុស្ស៊ី ដូចជា Gazprom, Rosneft និង Lukoil។

បើតាម AFP, ក្រុមហ៊ុនលោកខាងលិចភាគច្រើនបានលក់អាជីវកម្ម និងទ្រព្យសម្បត្តិរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីយ៉ាងឆាប់រហ័ស បន្ទាប់ពីវិមានក្រឹមឡាំងបានបញ្ជាឱ្យកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ឬយ៉ាងហោចណាស់ ក៏បានកាត់ផ្តាច់ប្រតិបត្តិការទាំងនោះដែរ ដោយសារតែការដាក់ទណ្ឌកម្មបានធ្វើឱ្យការជួញដូរទំនិញភាគច្រើនជួបការលំបាក។

ក្រុមហ៊ុនផ្សេងទៀតនៅតែបន្តប្រតិបត្តិការ ដោយលើកឡើងពីក្តីបារម្ភចំពោះសុខុមាលភាពរបស់បុគ្គលិក ឬប្រជាពលរដ្ឋ ប៉ុន្តែ ជារឿយៗ ពួកគេបានកាត់បន្ថយប្រតិបត្តិការរបស់ខ្លួនយ៉ាងខ្លាំង។

ចាប់តាំងពីពេលនោះមក ប្រទេសរុស្ស៊ីបានធ្វើឱ្យមានការលំបាកសម្រាប់ក្រុមហ៊ុននានាក្នុងការចាកចេញ ដោយតម្រូវឱ្យមានការអនុញ្ញាតពីប្រធានាធិបតីសម្រាប់ការធ្វើកិច្ចព្រមព្រៀង ឬធ្វើការដកហូតទ្រព្យសម្បត្តិទាំងស្រុងតែម្តង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា