UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

UN ព្រមានពីហានិភ័យផ្ទុះជំងឺ ក្នុងចំណោមជនភៀសសឹកជាង១៩ម៉ឺននាក់ នៅយេម៉ែន

សាណា ៖ អង្គការសហប្រជាជាតិបានព្រមានអំពីហានិភ័យនៃការរីករាលដាលជំងឺដែលកំពុងកើនឡើង ក្នុងចំណោមជនភៀសខ្លួន ជាង១៩ម៉ឺននាក់ នៅចំពេលដែលមានការកើនឡើងនៃសកម្មភាពយោធា នៅក្នុងប្រទេសយេម៉ែន ដោយអំពាវនាវឱ្យមានការបង្កើនជំនួយមនុស្សធម៌ និង ការផ្តល់មូលនិធិបន្ថែម។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ OCHA បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ តាមរយៈបណ្តាញសង្គម X ថា ក្រុមការងារមនុស្សធម៌កំពុងបន្តផ្តល់ជំនួយចាំបាច់ ដល់ជនស៊ីវិលដែលត្រូវភៀសខ្លួន និង រងផលប៉ះពាល់ដោយសារការប្រយុទ្ធគ្នា។

ស្ថាប័ននេះបានបញ្ជាក់ថា «ជាមួយនឹងចំនួនជនភៀសខ្លួនរាប់ម៉ឺននាក់ និងហានិភ័យនៃជំងឺដែលកំពុងកើនឡើង អ្នកធ្វើការងារមនុស្សធម៌ត្រូវការការគាំទ្រជាបន្ទាន់ រួមទាំងមូលនិធិ និង លទ្ធភាពក្នុងការចូលទៅដល់តំបន់ទាំងនោះ ដោយសុវត្ថិភាព និង គ្មានការរារាំង»។

ផ្នែកប្រតិបត្តិសម្រាប់ការគ្រប់គ្រងជំរុំជនភៀសខ្លួនរបស់យេម៉ែន បានឱ្យដឹងថា ចំនួនប្រជាជនដែលត្រូវភៀសខ្លួនដោយសារការកើនឡើងនៃសកម្មភាពយោធា ចាប់តាំងពីខែកក្កដាមក បានកើនឡើងដល់ជិត ១៩ម៉ឺន៨ពាន់នាក់។

ការភៀសខ្លួននេះកំពុងដាក់សម្ពាធបន្ថែមលើសេវាសុខាភិបាល និងសេវាមនុស្សធម៌ នៅក្នុងប្រទេស ដែលកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធថែទាំសុខភាព និងការខ្វះខាតស្បៀងអាហារ ទឹក និងសេវាអនាម័យ។

នៅចុងខែមុន មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ ឬ UNICEF បានព្រមានថា ករណីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរក្នុងចំណោមកុមារកំពុងកើនឡើង ខណៈដែលការប្រយុទ្ធគ្នាកាន់តែខ្លាំងក្លាឡើង ហើយការភៀសខ្លួនជាមួយនឹងការរំខានដល់លទ្ធភាពទទួលបានសេវាថែទាំសុខភាព បានបង្កើនហានិភ័យសម្រាប់កុមារ និងគ្រួសារដែលរងផលប៉ះពាល់។

បើតាម anadolu, ការភៀសខ្លួនចុងក្រោយនេះ កើតឡើង បន្ទាប់ពីមានការកើនឡើងនៃសកម្មភាពយោធាដែលបានចាប់ផ្តើមនៅខែកក្កដា និងកាន់តែខ្លាំងក្លានៅខែកញ្ញា បន្ទាប់ពីរយៈពេលស្ងប់ស្ងាត់មួយរយៈ ក្រោយកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ កាលពីខែមេសា ឆ្នាំ២០២២។

ប្រទេសយេម៉ែនបានធ្លាក់ក្នុងសង្គ្រាម ចាប់តាំងពីក្រុមហ៊ូធី (Houthi) បានដណ្តើមយកទីក្រុងសាណា (Sanaa) និងខេត្តមួយចំនួនទៀត នៅខែកញ្ញា ឆ្នាំ២០១៤។ សម្ព័ន្ធភាពអារ៉ាប់ដែលដឹកនាំដោយអារ៉ាប៊ី សាអូឌីត បានធ្វើអន្តរាគមន៍ នៅខែមីនា ឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែន៕

ប្រភព ៖ anadolu ប្រែសម្រួល ៖ សារ៉ាត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា