លោក ត្រាំ សង្ស័យ អ៊ីរ៉ង់ រៀបចំការវាយប្រហារលើយន្តហោះដឹកអ្នកដំណើរជាង១៧០នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ សង្ស័យ អ៊ីរ៉ង់ រៀបចំការវាយប្រហារលើយន្តហោះដឹកអ្នកដំណើរជាង១៧០នាក់

លោក ត្រាំ សង្ស័យ អ៊ីរ៉ង់ រៀបចំការវាយប្រហារលើយន្តហោះដឹកអ្នកដំណើរជាង១៧០នាក់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែតុលាថា ទីក្រុងតេហេរ៉ង់ទំនងជាមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារលើយន្តហោះរបស់ក្រុមហ៊ុន flydubai ដែលដឹកអ្នកដំណើរជាង១៧០នាក់ ហើយគំរាមថា អ៊ីរ៉ង់នឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ប្រសិនបើរកឃើញថា មានការពាក់ព័ន្ធមែននោះ។

ការលើកឡើងនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមានអាកាសយានិកម្នាក់បង្កបញ្ហា នៅលើជើងហោះហើរ ដោយផ្តើមវាយប្រហារលើអ្នកបើកយន្តហោះ អំឡុងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។ យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា, ក្នុងចំណោមអ្នកដំណើរ ១៧៤នាក់, មានចំនួន១៦៦នាក់ គឺជាពលរដ្ឋអ៊ីស្រាអែល។

យ៉ាងណា ជើងហោះហើរ FZ 1073 បានចុះចតជាបន្ទាន់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយ ចុងក្រោយ អ្នកដំណើរទាំងជាង១៧០នាក់ក៏បានទៅដល់អាកាសយានដ្ឋាន Ben Gurion នៅអ៊ីស្រាអែលដោយសុវត្ថិភាព។

ប្រាប់អ្នកសារព័ត៌មាន នៅសេតវិមាន, លោក Trump បានមានប្រសាសន៍ថា «យើងកំពុងតែធ្វើការស៊ើបអង្កេតលើរឿងនេះនៅឡើយ»។

ចំពោះសំណួរថាតើអាមេរិកនឹងសងសឹកអ៊ីរ៉ង់ដែរឬទេ ប្រសិនបើទីក្រុង តេហេរ៉ង់ ជាអ្នកធ្វើរឿងនេះនោះ? លោក Trump បានឆ្លើយតបថា «ពួកគេនឹងទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ កុំបារម្ភអី»។

ជុំវិញការចោទប្រកាន់ដែលថា អាកាសយានិកជំនួយ ឬ co-pilot បានវាយប្រហារប្រធានក្រុមអាកាសយានិក លើយន្តហោះមួយគ្រឿងនេះ, នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានមានប្រសាសន៍ថា បុរសរូបនោះបានទទួលការបណ្ដុះបណ្ដាលមនោគមវិជ្ជាជ្រុលនិយមបែបឥស្លាម។

ការគំរាមសងសឹករបស់លោក Donald Trump បានកើតឡើងស្របពេលដែលលោកបានប្រើប្រាស់សំឡេងដ៏តឹងរ៉ឹងជាងមុន ចំពោះបញ្ហាសង្គ្រាមជាមួយអ៊ីរ៉ង់ដែលកំពុងជាប់គាំង។ ជាក់ស្តែង មេដឹកនាំវ័យ៨០ឆ្នាំរូបនេះ ក៏ទើបតែគំរាមកម្ទេច អ៊ីរ៉ង់ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា